ក្តៅៗ! កម្ពុជា ប្រកាស​រកឃើញវីរុសកូវីដ១៩ ៣១ករណីបន្ថែមទៀត នៅក្រុងព្រះសីហនុ!

1385

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៣១បន្ថែមទៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៨៤នាក់ហើយ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះភាគច្រើន ត្រូវបានរកឃើញនៅសណ្ឋាគារមួយកន្លែង ជាទីដែលជនជាតិបារាំង២នាក់ឆ្លងជំងឺកូវីដ១៩ស្នាក់នៅ បន្ទាប់ពីក្រសួងសុខាភិបាល បានយកសំណាករបស់ពួកគេទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។

ក្នុងចំណោមអ្នកឆ្លងថ្មី៣១នាក់នេះ មានជនជាតិបរទេសចំនួន២៩នាក់ និងជនជាតិខ្មែរចំនួន២នាក់។ ជនបរទេសទាំង២៩នាក់ ដែលឆ្លងនោះ គឺជាអ្នកទេសចរជនជាតិបារាំង ដែលបានទៅស្នាក់នៅខេត្តព្រះសីហនុ។ ចំណែកជនជាតិខ្មែរ២នាក់ដែលឆ្លងនោះ គឺជាជាអ្នកមគ្គុទេសទេសចរ ឱ្យក្រុមបារាំងនោះ។

បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល, បច្ចុប្បន្នជនជាតិបារាំង ២៩នាក់ និងជនជាតិខ្មែរ២នាក់ ដែលផ្ទុកមេរោគកូវីដ១៩ ត្រូវបានដាក់ព្យាបាលឱ្យនៅដាច់ដោយឡែក តាមបន្ទប់នៅក្នុងសណ្ឋាគារមួយ ដោយមានការបិទជាបណ្តោះអាសន្ន មិនឱ្យមានការចេញចូលដោយគ្មានភារកិច្ចឡើយ។

គិតត្រឹមម៉ោង៨៖០០ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៤នាក់ហើយ (ស្រី២២នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖