កាន់តែធ្ងន់ហើយ! អុីតាលីក្នុងមួយថ្ងៃស្លាប់៦៥១នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនដល់ជិត៥,៥០០នាក់

785

(រ៉ូម)៖ អ៉ីតាលទើបតែបានប្រកាសថា មនុស្សស្លាប់ដោយសារតែ COVID-19 នៅរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មានចំនួន ៦៥១នាក់បន្ថែមទៀត ដែលប្រការបាននាំឲ្យចំនួនមនុស្សស្លាប់សរុប នៅក្នុងប្រទេសអឺរ៉ុបមួយនេះ កើនឡើងដល់ ៥,៤៧៦នាក់។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

ក្រៅពីការកើនឡើងនៃចំនួនមនុស្សស្លាប់ ករណីឆ្លងសរុបនៃ COVID-19 ក៏បានកើនឡើងដល់ ៥៩,១៣៨នាក់នៅទូទាំងប្រទេសផងដែរ។ ជុំវិញតួលេខថ្មីនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៉ីតាលីលោក អ៊ែនជែឡូ បូររែលលី (Angelo Borrelli) បានប្រាប់អ្នករាយការណ៍ព័ត៌មាននានា នៅទីក្រុងរ៉ូមថា «តួលេខដែលត្រូវបានប្រកាសនៅថ្ងៃនេះ គឺទាបជាងថ្ងៃម្សិលមិញ។ រូបខ្ញុំ និងយើងគ្រប់គ្នាសង្ឃឹមថា នឹងបន្តឃើញតួលេខទាបបែបនេះ នៅប៉ុន្មានថ្ងៃបន្តបន្ទាប់ទៀត ប៉ុន្តែសូមកុំខ្វះការប្រុងប្រយ័ត្នឲ្យសោះ…»។

សម្រាប់ទីក្រុង មីឡេន (Milan) នៃតំបន់ឡុំបាឌី (Lombardy) គឺបានរ៉ាប់រងករណីឆ្លងថ្មីៗរហូតដល់ ៣០.៤% នៃករណីឆ្លងទាំងអស់ សម្រាប់ថ្ងៃអាទិត្យម្សិលមិញនេះ ខណៈតំបន់ Lombardy ទាំងមូលដែលមានប្រជាជន ១០លាននាក់រស់នៅ រ៉ាប់រងករណីស្លាប់ដោយសារ COVID-19 រហូតដល់ទៅ ៥៥.៥% នៅអ៉ីតាលី។

គួរបញ្ជាក់ថា អ៉ីតាលីបានបំបែកកំណត់ត្រាថ្មីមួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយបានប្រកាសពីចំនួនអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ជិត ៨០០នាក់ក្នុងមួយថ្ងៃ។ ទោះបីជាតួលេខពេលនេះ មានតែជាង ៦៥០នាក់ដែលបានស្លាប់ និងត្រូវបានមន្ត្រីអ៉ីតាលីចាត់ទុកជាសញ្ញា អាចឈានទៅរកភាពប្រសើរឡើងក្តី ក៏ក្រុមអ្នកជំនាញអ៉ីតាលីបានព្រមានថា យើងមិនត្រូវរំភើប និងបកស្រាយអ្វីដែលជ្រុលហួសហេតុពេកទេ៕