កាលពីម្សិលមិញនេះ ប្រទេស ក្រូអាត បានជួបគ្រោះរញ្ជួយដីកម្រិត ៥.៣ វ៉ិចទ័រ ដែលបង្កឲ្យមានការខូចខាតផ្ទះសម្បែង អគារពេទ្យ និងឡានជាច្រើនគ្រឿង ។ គ្រោះរញ្ជួយដីកម្រិត ៥.៣ វ៉ិចទ័រនេះ គឺជាការប៉ះពាល់ខ្លាំងក្លាបំផុត ដែលប្រទេសមួយនេះ មិនធ្លាប់បានជួបអស់រយៈពេល ១៤០ ឆ្នាំមកហើយ ។
បើតាមសារព័ត៌មាន BBC បានបញ្ជាក់ថា មនុស្ស ១៦ នាក់ បានរងរបួស ខណៈក្មេងជំទង់ម្នាក់មានសភាពធ្ងន់ធ្ងរ ក្រោយត្រូវដំបូលធ្លាក់សង្កត់លើ ។ អ្វីដែលកាន់តែគួរឲ្យសង្វេគនោះគឺ ខណៈខាងរដ្ឋាភិបាលប្រកាសឲ្យប្រជាជនខ្លួន ស្នាក់នៅក្នុងផ្ទះ ដោយសារការភ័យខ្លាចនៃការរាតត្បាតពីវីរុស COVID-19 ប៉ុន្តែជាជួបទុក្ខថែមមួយទៀត ដែលតម្រូវឲ្យពួកគេ ត្រូវបង្ខំចិត្ត រត់ចោលចេញពីរបស់ខ្លួន ដែលត្រូវបានគ្រោះរញ្ជួយដីវាយប្រហារនោះ ។
ក្នុងនោះដែរ តាមរូបភាពមួយចំនួនដែលថតបាន និងចែកចាយលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញពីទិដ្ឋភាពអ្នកជំងឺ ដែលត្រូវបញ្ជូនចេញមកក្រៅមន្ទីរពេទ្យ ក្រោយអគារពេទ្យទាំងនោះ ត្រូវបានខូចខាត ដោយគ្រោះធម្មជាតិនេះ ៕
ប្រភព៖ BBC / popular