ទីបំុត! អធិការរងស្រុកចន្ទ្រា ដែលចាប់ពលរដ្ឋវាយនិងវៃខ្នោះ ពេលអនុវត្តច្បាប់ចរាចរណ៍ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន សម្រេចព្យួរការងារជាបណ្តោះអាសន្ន

293

ភ្នំពេញ៖លោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងស្រុកចន្ទ្រាទទួលផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវបាននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចព្យួរការងារជាបណ្តោះអាសន្ន ក្រោយអនុវត្តច្បាប់ចរាចរណ៍ ធ្វើអោយប្រជាពលរដ្ឋ ផ្ទុះការតវ៉ា និង មិនគោរពតាមការណែនាំរបស់ថ្នាក់លើ ។​

នេះបើយោងតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នេះ ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ថ្លែងថា ពិតជាមានការព្យួរការងារបណ្ដោះអាសន្នលើលោកវរសេនីយ៍ទោ សួគ៌ ធី ប្រាកដមែន ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបញ្ជាអោយកូនចៅ២នាក់ ចាប់វាយនិងវៃខ្នោះ អ្នកបើកបររ៉ម៉ក ព្រោះតែគ្មានលុយបង់ផាកពិន័យ ធ្វើអោយពលរដ្ឋជាច្រើននាក់ផ្ទុះការតវ៉ាបិទផ្លូវសាធារណៈ ។ ប៉ុន្តែក្រោយមក លោក សួគ៌ ធី បានចេញមុខសុំទោសជាសាធារណៈវិញ ដើម្បីបញ្ចប់រឿង ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១៖៤៥នាទី ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង រហូតដល់ម៉ោង៣៖៣០នាទីរសៀល ទើបដោះស្រាយបញ្ចប់រឿង ៕