ដំណឹងបន្ទាន់! សម្តេចតេជោ ប្រកាសឱ្យតាមរកអ្នកសរសេរលិខិតអរគុណកងទ័ព ដាក់នៅក្នុងបាយខ្ទប់ស្លឹកចេក ដើម្បីជូនរង្វាន់ពិសេស

218

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យស្វែងរក អ្នកសរសេរលិខិតថ្លែងអរគុណដាក់ ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេក ជូនកងទ័ព ដែលចូលរួមប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដើម្បីផ្តល់ជូនរង្វាន់ពិសេស។ នេះបើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សូមបញ្ជាក់ថា កាលពីម្សិលមិញនេះមានករណីប្រជាពលរដ្ឋ បានដាក់លិខិតបង្កប់នៅក្នុងបាយកញ្ចប់ដោយថ្លែងអំណរគុណដល់កងទ័ព ដែលបានចូលរួមប្រតិប្តតិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។ លិខិតនេះជារបស់ប្រជាពលរដ្ឋក្នុងឃុំគោកកឋិន ស្ថិតក្នុងស្រុកថ្មពួក ។ ឃុំគោកកឋិន ក៏ដូចជាឃុំគំរូ ឃុំថ្មពួក និងឃោគរមៀត បានរងការជន់លិចយ៉ាងខ្លាំងកាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។ រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ទឹកមិនទាន់ស្រកនៅឡើយទេ។

នៅយប់ថ្ងៃទី១៦ ខែតុលា មកនោះ កងកម្លាំងសង្គ្រោះជិត ៤០០នាក់ ដែលជាកងកម្លាំងយោធានៃយោធភូមិភាគទី៥ យោធាមកពីកងពលពិសេស៩១១ កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ យោធាខេត្ត កម្លាំងកងរាជអាវុធហត្ថ និងនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើសកម្មភាពភ្លាមៗជួយជម្លៀសប្រជាពលរដ្ឋ និងសម្ភារៈប្រើប្រាស់របស់ពួកគាត់។

នៅក្នុងឃុំដែលលិចលង់ដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកថ្មពួកនេះ បើទោះបីថាទឹកលិចលង់ខ្លាំងយ៉ាងណាក្តី តែមិនត្រូវបានជម្លៀសទៅណាឆ្ងាយនោះទេ ដោយសារតែផ្ទះរបស់ពួកគាត់ខ្ពស់។ ដោយឡែកអ្នកមានផ្ទះទាបត្រូវបានជម្លៀសទៅកាន់ផ្ទះបងប្អូន ឬអ្នកជិតខាង។

ក្រៅតែពីជម្លៀសទៅកាន់ផ្ទះខ្ពស់ហើយនោះ កងកម្លាំងសង្គ្រោះ ក៏បានជួយរៀបចំសម្ភារប្រើប្រាស់ផ្សេងៗរបស់ប្រជាពលរដ្ឋទៅដាក់នៅទីខ្ពស់ និងជួយរើស្រូវចេញពីជង្រុកទៅដាក់លើផ្ទះជាដើម។ មកដល់ពេលនេះកម្លាំងសង្គ្រោះនៅតែបន្តដាក់ពង្រាយ ដើម្បីជួយដឹក ជួយចម្លងប្រជាពលរដ្ឋពីផ្ទះទៅកាន់តំបន់ផ្សេងៗ ដូចជាទៅមន្ទីរពេទ្យ ឬទៅផ្សារជាដើម។

កាយវិការសង្គ្រោះពោរពេញដោយភាពអង់អាចក្លាហាន និងតម្កល់សេចក្តីសុខរបស់ប្រជាពលរដ្ឋរងគ្រោះជាធំនេះ បានធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះគោរពស្រឡាញ់ និងស្ញប់ស្ញែងចំពោះកម្លាំងសង្គ្រោះទាំងអស់។ ដើម្បីជាការតបស្នងដល់កម្លាំងសង្គ្រោះ ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនិមួយៗ ក៏បានជួយរៀបចំដាំបាយ និងខ្ចប់ជូនកម្លាំងសង្គ្រោះទាំងអស់នេះ។

ក្នុងចំណោមកញ្ចប់បាយពោរពេញដោយមនោសញ្ចេតនារបស់ប្រជាពលរដ្ឋរងគ្រោះនេះ គេបានឃើញបាយមួយកញ្ចប់បានបង្កប់សំបុត្រមកជាមួយ មួយច្បាប់ផងដែរ។ ក្នុងសំបុត្រនោះបានសរសេរថា «ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗ ទាហានដែលបានជួយសង្គ្រោះប្រជាជន នៅឃុំគោកកឋិនទូទាំងភូមិ។ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់»។

ការជួយសង្គ្រោះពេលមានអាសន្នជាតម្រូវដ៏សំខាន់បំផុតសម្រាប់អ្នករងគ្រោះ។ សំណេរក្នុងសំបុត្រខ្លីតែពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់កម្លាំងសង្គ្រោះទាំងអស់។ ជាការបង្ហាញឱ្យឃើញនូវការដឹងគុណ និងអរគុណចំពោះទឹកចិត្តកម្លាំងសង្គ្រោះដែលមិនអាចកាត់ថ្លៃបាន៕