២ម៉ឺនតិចពេក! ពេលនេះម្ចាស់រថយន្តPrius សម្រេចប្តូរការទារសំណងជំងឺចិត្តទៅ១០ម៉ឺនដុល្លារវិញ ពីលោកតាប៊ុយ

302

រាជធានីភ្នំពេញ៖ នាមុននេះបន្តិចម្ចាស់ឡាន Prius ដែលជាជនរងគ្រោះសម្រេចចិត្តធ្វើការទាមទារសំណងចំនួន១០ម៉ឺនដុល្លារ ពីលោក តាប៊ុយ ខណៈម្ចាស់ឡានរូបនោះកាលពីម្សិលមិញបានសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការក្រុងភ្នំពេញ ដើម្បីឲ្យវីជេ តាប៊ុយ សងជម្ងឺចិត្ត២ម៉ឺនដុល្លារ ដោយជនរងគ្រោះក៏បានបញ្ជាក់ដែលថាប្រាក់សងជម្ងឺចិត្តនេះនឹងត្រូវយកទៅឧបត្ថម្ភឲ្យមន្ទីរពេទ្យគន្ធបុប្ផា។

ជាក់ស្ដែងម្ចាស់ឡានរូបនោះបានបង្ហោះនៅក្នុងផេកខ្លួនថា៖ «មហាជនបានសំណូមពរថា សំណងជំងឺចិត្ត បើយកទៅជូនមន្ទីរពេទ្យដដែលនោះ គួរតែយកអោយច្រើនបន្តិចទៅ ខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំបានប្តូរការទារសំណងជំងឺចិត្តពី២០០០០$ ទៅជា១០០០០០$វិញ !​ សូមបងប្អូនសារធារណៈជន កុំបារម្មណ៍ ខ្ញុំឈប់ចរចាហើយ ទុកអោយច្បាប់គេធ្វើការងារនេះចុះ។ ខ្ញុំសូមត្រឹមកំលាំងចិត្តពីបងប្អូនផង»។

គួររំលឹកដែលថា រឿងរ៉ាវពិធីករល្បីឈ្មោះគឺលោក តាប៊ុយ បានបើកបររថយន្តបុករថយន្តរបស់គេធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការជជែកវែកញែកគ្នាទៅវិញទៅមក រហូតម្សិលមិញនេះលោកតាប៊ុយ បានធ្វើការ Live វិដេអូប្រតិកម្មថាខ្លួនមិនអាចទទួលយកបានចំពោះតំលៃជួសជុលរថយន្តជនរងគ្រោះរហូតដល់ជាង២ពាន់ដុល្លារនោះទេ និងបានបោះសំដីថា រថយន្តរបស់ខ្លួន Range Rover ផងសួរជាថាធ្វើអស់តែ២ពាន់អីទេ ចុះត្រឹមឡានអា Prius ធ្វើអស់ជាង២ពាន់ដុល្លារដែរ ៕