ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ០២ តុលា ២០១៩ នេះ បណ្ដាលឱ្យមនុស្សប្រុសស្រីសរុប ៥ នាក់បានស្លាប់បាត់បង់ជីវិតគួរឱ្យសង្វែគក្រៃលែង ។ ក្នុងចំណោមជនរងគ្រោះទាំង ៥ នាក់ដែលបានលាចាកលោកទៅ មានម្នាក់បានបង្ហោះសារមួយ ប្រៀបដូចជាប្រផ្នូល មុនហេតុការណ៍នេះបានកើតឡើង ។ តាមរយៈគណនីហ្វេសប៊ុក Duk Leak ជាជនរងគ្រោះម្នាក់ និង ជាអ្នកបើកឡានផ្ទាល់បានបង្ហោះសារមួយកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៩ ថា «ចង់ហក់តែខ្លាចងាប់» ។
ការបង្ហោះដែលអត្ថន័យទាក់ទងស្លាប់រស់នេះ គឺស្របពេលដែលជនរងគ្រោះ បានធ្វើដំណើរកម្សាន្ត នៅតំបន់ព្រៃភ្នំ ។ ក្នុងនោះមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានលើកឡើងថា នៅក្នុងព្រៃភ្នំ ការនិយាយស្ដីត្រូវប្រុងប្រយ័ត្ន ត្រូវតមពាក្យ តមសម្ដី ព្រោះក្នុងព្រៃភ្នំ មានអារុក្ខអរក្សអ្នកតា ឬ ព្រលឹងខ្មោចផ្សេងៗ អាចអន្ទងទៅបាន ។ ក្រោយជនរងគ្រោះបង្ហោះសារនេះរួច ស្រាប់តែបើករថយន្តក្រឡាប់ដោយខ្លួនឯង បាត់បង់ជីវិតទាំងអ្នកបើកបរ រួមទាំងអ្នករួមដំណើរ ។
សូមបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង ៤ និង២០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ចំណុចផ្លូវកោង ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
រថយន្តដែលក្រឡាប់នេះ ម៉ាកកាមរី (បាឡែន) ពណ៌ទឹកស ពាក់ស្លាកលេខ ភ្នំពេញ 2AS.6715 បើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ឌុក ច័ន្ទវល្ខណ៍ ភេទស្រី អាយុ ២៦ ឆ្នាំ ស្នាក់នៅភូមិទី ៦ សង្កាត់បឹងកេងកងទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) មុខរបរជាមន្ត្រីនគរបាល នៃក្រសួងមហាផ្ទៃ ។ ចំណែកឯអ្នករួមដំណើរជាមួយចំនួន៤នាក់មានដូចជា ៖ ១.ឈ្មោះ ស ធារី ភេទស្រី អាយុ១៧ឆ្នាំ, ២.ឈ្មោះ ឡាយ ស្រីមុំ ភេទស្រី ២៦ឆ្នាំ , ៣.ឈ្មោះ អួន ចាន់ធារី ភេទស្រី អាយុ៣៤ឆ្នាំ និង ជនរងគ្រោះម្នាក់ទៀតកំពុងស្រាវជ្រាវរកគ្រួសារ ៕