រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា គោលដៅទេសចរមួយចំនួន បានប្រែប្រួលក្នុងពេលមានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន។ ត្រង់ចំណុចនេះ លោក ទំនងជាបានទទួលស្គាល់ពីការដែលនាំឱ្យភ្ញៀវទេសចរនៅខេត្តសៀមរាប បានធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក។
ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ លោក ថោង ខុន បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលមានក្រសួងទេសចរណ៍ជាប្រធាន បាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រថ្មីៗ ក្នុងការទាក់ទាញកំណើនទេសចរអន្តរជាតិ ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ខណៈគោលដៅទេសចរណ៍មួយចំនួន បាននិងកំពុងមានការប្រែប្រួល ក្នុងដំណាក់កាលកើតមានសង្គ្រាមពាណិជ្ជកម្ម។
ម្យ៉ាងវិញទៀត ដើម្បីសម្រេចកិច្ចការនេះ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានកោះប្រជុំសមាជិករបស់ខ្លួន ដើម្បីរកយុទ្ធសាស្ត្រថ្មីៗ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឡើងវិញឱ្យបានល្អប្រសើរ ខណៈដែលពិភពលោកកំពុងប្រឈម ដោយសារសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងមហាយក្សចិន។
លោករដ្ឋមន្ត្រី បានបន្តថា សង្គ្រាមពាណិជ្ជកម្មនេះ បានបណ្ដាលឱ្យគោលដៅទីផ្សារទេសចរណ៍មួយចំនួនមានការប្រែប្រួល ហើយកម្ពុជាត្រូវខិតខំតោងស្រវាចាប់យកទីផ្សារ ឬគោលដៅទេសចរណ៍ណាដែលមានសក្តានុពល ពោលគឺត្រូវរៀបចំទាំងយុទ្ធសាស្ត្រ មធ្យោបាយ និងថវិកា ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់គោលដៅសំខាន់ៗ សំដៅទាក់ទាញភ្ញៀវទេសចរមកកម្ពុជាឱ្យបានច្រើន និងប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
លោក ថោង ខុន បានសង្កត់ធ្ងន់ថា សម្រាប់ទីផ្សារទេសចរណ៍ចិន កម្ពុជាកាន់តែត្រូវពង្រឹងថែមទៀត ព្រោះចិនជាទីផ្សារទេសចរណ៍ដ៏ធំលើពិភពលោក តែត្រូវតែចូលជ្រៅទៅគោលដៅសំខាន់ណា ដែលមានសក្តានុពល ហើយកម្ពុជាត្រូវរៀបចំការផ្សព្វផ្សាយឱ្យបានល្អនៅទីនោះ។ ក៏ដូចគ្នាទៅនឹងទីផ្សារក្នុងអាស៊ាន អាស៊ី អឺរ៉ុប អាមេរិកផងដែរ ដោយត្រូវធ្វើឱ្យចំគោលដៅ និងត្រូវប្រើគ្រប់មធ្យោបាយ រូបភាព និងថវិកាឱ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានសម្រេចបង្កើតក្រុមការងារជំនាញចំនួន ៥ក្រុម មានក្រុមការងារជំនាញសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស, ក្រុមការងារជំនាញរៀបចំព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិក្នុងស្រុក, ក្រុមការងារជំនាញរៀបចំផលិតកម្ម បោះពុម្ភផ្សាយទេសចរណ៍ និងឌីជីថល, ក្រុមការងារជំនាញរៀបចំដំណើរទស្សកិច្ចសិក្សា (Fam Trip) និងក្រុមការងារជំនាញរៀបចំស្ថានតំណាងទេសចរណ៍ក្រៅប្រទេស ព្រមទាំងការបង្កើតលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជាជាដើម៕
ប្រភព:cambostar.info