នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ចាត់ទុកក្រុមអ្នករិះគន់រូប វិមានឈ្នះឈ្នះ ​ក្នុងក្រដាសប្រាក់​១ម៉ឺន​៥ពាន់រៀល​ ជាល្អងធូលី

856

ភ្នំពេញ ៖ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក ​នៃអគ្គនាយកដ្ឋាន នយោបាយ និង​កិច្ចការ​បរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ​បានចាត់ទុក​​ក្រុម​អ្នករិះ គន់រូបវិមានឈ្នះឈ្នះ ក្នុងក្រដាសប្រាក់១ម៉ឺន៥ ពាន់រៀលថា ជាល្អងធូលី ​ដែលបានខ្យល់ បក់​មួយភ្លេតហើយ បាត់ទៅវិញគ្មានស្រមោល​ ខណៈវិមានឈ្នះ ឈ្នះត្រូវបានចាត់ទុកជានិមិត្ត សញ្ញា​ដ៏ធំមួយសម្រាប់ប្រទេសជាតិ និងជាសំណង់ដែលតំណាងឲ្យសន្តិភាពហើយនោះ។

ថ្លែងក្នុង​សន្និសីទ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា ​វាគ្មានអ្វីចំឡែកនោះទេ ដែលក្រុមអ្នកប្រឆាំង​បានធ្វើ ការរិះគន់នូវសមិទ្ធ​​ដែល​​រាជរដ្ឋាភិបាល​ ខិតខំធ្វើ និងកសាងមក ហើយមួយវិញទៀត ក្រុមទាំងនោះ ក៏ពួកគេកំពុងសប្បាយ​និងដកដង្ហើមនៅក្រោមម្លប់សន្តិភាពនាពេលបច្ចុប្បន្ននេះដែរ។

សូមបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មី ដែលរៀបចំឡើងដើម្បីអបអរសាទរ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការ​យាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​ បំផុត ក្នុងពេលខាងមុខនោះមានក្រុម អគតិមួយក្តាប់តួចបានរិះគន់ថា បានដាក់រូប​សំណង់​វិមានឈ្នះ ឈ្នះ ដោយពួកគេចាត់ទុកថាវិមានឈ្នះ ឈ្នះនេះគឺជានិមិត្តសញ្ញារបស់​ប្រទេស​យួន។

យ៉ាងណាក៏ដោយឯកឧត្តមនាយ ឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងចាត់ទុកថា​​ ការរិះគន់ទាំងនោះ​ គឺវាប្រៀបបានដូចជាល្អងធូលី ដ៏តួចមួយដែលខ្យល់បកមួយភ្លេតយ៉ាងដូច្នេះដែរ ហើយគ្មាន​​ហេតុផល​​ ណាមួយដែលត្រូវ ប្រកាន់ពួកអ្នកទាំងនោះឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានអំពាវនាវដល់ប្រជា ពលរដ្ឋ​​ក៏ដូចជា ក្រុមអ្នករិះគន់ទាំងនោះត្រូវពិនិត្យឲ្យបានច្បាស់នូវខ្លឹមសារនៃការសាងសង់នូវ វិមានឈ្នះ ឈ្នះនេះ ដោយឯកឧត្តម បានលើកឡើងថា ការស្ថាបនាវិមាន ឈ្នះ ឈ្នះនេះ មានគោលដៅ​​សំខាន់ចំនួន​ ៥ដូចជាទី១៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែល​បាន​នាំឱ្យ​មានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយ​កម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។

ទី២៖ គោរព និង​ចារឹក​ទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិត របស់​មគ្គុទ្ទេសក៍ ​ដឹកនាំ និង​ប្រតិបត្តិករស្នូលកម្ពុជា ​ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយគ្មាន​​ការ​បង្ហូរឈាម ដែលនាំមកនូវវិបុលភាព​ និងសន្តិភាពដល់ប្រទេសកម្ពុជា។

ទី៣៖ បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រ ដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឱ្យ​បន្តការសិក្សា ​និងទទួលការយល់ដឹង ពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តគោល​​នយោបាយឈ្នះ ឈ្នះរបស់តេជោសែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្ម ក្នុង​ដំណើរការកសាងដឹកនាំ ​និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។

ទី៤៖ បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូប និមិត្ត​សញ្ញាចម្លាក់នានា និងហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់ ​បាន​ឈ្វេងយល់។ និងទី៥៖ បង្កើតគោលដៅ​ ទេសចរណ៍មួយ ​នៅទីក្រុងភ្នំពេញ ដែលមាន​លក្ខណៈជាទេសចរណ៍​​ប្រវត្តិ​សាស្ត្រ វប្បធម៌ ក៏ដូចជាគោដៅ ​សម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា៕