ធ្លាប់តែជាក្មេងស្រណុក តែដល់ពេលចេញធ្វើការ​រកលុយ ទើបដឹងថាពិភពលោក ពិសពុលប៉ុនណា

33

នៅពេលចូលធ្វើការ ទើបយើងដឹងថា អ្នកផ្ទះ និងញាតិមិត្ត សំខាន់កម្រិតណា ក្នុងជីវិតដ៏ជូរចត់របស់យើង ! នៅកន្លែងធ្វើការ មានមនុស្សល្អមិនច្រើនទេ តែសម្បូរទៅដោយមនុស្ស ក្លែងក្លាយគ្រប់ជាន់ គ្រប់ធុន គ្រប់ក្លិន និងគ្រប់រសជាតិ។

អ្នកខ្លះញញឹមដាក់យើងរហូត តែធាតុពិត ក្នុងចិត្តគេកំពុងតែចង់ សុីសាច់ ហុតឈាម អង្គៀមឆ្អឹងយើង យ៉ាងអន្ទះអន្ទែង។ ខ្លះទៀត សរសើរ គាំទ្រ នៅមុខយើង តែពេលដើរផុតមួយម៉ែត្រ ចាប់ផ្តើមដាក់ខ្ទះ កូរស្ករ ឆឹងត្រាវ ទាន់ហន់ និយាយអាក្រក់ពីយើង ស្អុយដូចអូញម៉ូញ។ ហើយមួយផ្នែកទៀត មិនដែលរំលឹក ពីគុណសម្បត្តិយើងទេ តែពូកែលេខមួយ អាខាងចាប់កំហុសយើង ស្តីអោយយើង គំហកដាក់យើង ចាត់ទុកយើងជាសំរាម មិនស្មើនឹងរោមក្លៀកគេផង។ ថ្ងៃនេះខ្ញុំបាន និយាយជាមួយប៉ា ពីផលវិបាកខ្លះ ដែលខ្ញុំបានជួប នៅកន្លែងធ្វើការ។ គាត់បាននិយាយថា “កុំខំពេក បើមិនចូលចិត្តទេ ឈប់ទៅកូន។ គ្រាន់តែកូនឯងម្នាក់ មិនមែនប៉ាចិញ្ចឹមមិនរស់ទេ ហើយបើប៉ាមានលទ្ធភាព ថ្ងៃក្រោយប៉ានឹងបើកកន្លែងរកស៊ី ហើយប៉ានឹងអោយកូនធ្វើថៅកែ..”

ទោះបីខ្ញុំដឹងថាគាត់គ្រាន់តែ និយាយលួងខ្ញុំ តែខ្ញុំហាក់មានកម្លាំងតស៊ូ ខ្លាំងជាងមុន។ រាល់ដង ពេលគេទម្លាក់កំហុសអោយខ្ញុំ ប្រមាថខ្ញុំ ខ្ញុំតែងលាក់ទុកក្នុងចិត្ត មិនតប.ត ហើយព្យាយាម ប្រាប់ខ្លួនឯងថា ធ្វើល្អ-បានល្អ កុំព្យាយាមបង្កើតបញ្ហា ព្រោះយើងធ្វើការដើម្បីប្រាក់ និងបទពិសោធន៏ការងារ។ តែចាប់ពីពេលនេះទៅ ខ្ញុំនឹងផ្លាស់ប្តូរ ទង្វើខ្លួនឯងខ្លះ ! ជំទាលល្មមៗខ្ញុំអាចអត់បាន តែខ្ញុំនឹងហក់ផ្កាប់ចាន នៅពេលណាដែលគេ មួលបង្កាច់ខ្ញុំ និងហ៊ានឆឹងត្រាវ នៅនឹងមុខខ្ញុំ។ នេះមិនមែនជាប្រលោមលោកទេ តែវាជាអ្វី ដែលខ្ញុំ នឹងមិត្តភក្តិជាច្រើនបានជួប។ ខ្ញុំសង្ឃឹមថា នេះអាចជាគំនិតមួយ ដែលអាចអោយប្អូនៗ ជំនាន់ក្រោយ យល់ពីបរិយាកាសខ្លះៗ នៃសង្គមការងារបច្ចុប្បន្ន៕