កឺកឺ ទៅដល់ណាល្បីនឹង!! ប្រជាជនថៃផ្ទុះកំហឹង ក្រោយក្រុមទេសចរណ៍ចិន ចុះចាប់បំផ្លាញត្រីធម្មជាតិ ក្នុងតំបន់ហាមឃាត់

575

ជឿជាក់ថាបងប្អូនមួយចំនួនដែលធ្លាប់ធ្វើដំណើរកម្សាន្តទៅប្រទេសថៃ បានស្គាល់រួចមកហើយនៅឧទ្យានជាតិ ដែលមានទឹកជ្រោះ និងអាងចិញ្ចឹមត្រី ដែលគេឲ្យឈ្មោះថា ទឹកជ្រោះព្លីវ (Namtok Phlio National Park) ដែលជាតំបន់ទេសចរណ៍ដ៏ល្បីមួយ ដោយភ្ញៀវទេសចរណ៍អាចលេងទឹកជ្រោះប្រលែងលេងជាមួយហ្វូងត្រីជាច្រើនក្បាលដែលរស់នៅទីនោះ។

យ៉ាងណាមិញថ្មីៗនេះ ស្រាប់តែផ្ទុះក្តីខឹងសម្បារជាខ្លាំងពីសំណាក់ប្រជាជនថៃ ក្រោយមានភ្ញៀវទេសចរណ៍ជនជាតិចិនមួយក្រុមបានទៅកម្សាន្ត ចុះចាប់ត្រីប្រឡែងលេង ដោយពុំមានការអនុញ្ញាតត្រឹមត្រូវ។

មហាជនថៃបានសម្តែងក្តីខឹងដោយសារតែការធ្វើបែបនេះ គឺហាក់ដូចជាការបំពុលត្រី និងបំផ្លាញសម្បត្តិធម្មជាតិ ដែលប្រជាជនថៃខិតខំថែរក្សា។ ប្រជាជនថៃបានលើកឡើងថា ហ្វូងត្រីដែលរស់នៅទីនោះគឺមានភាពរួសរាយ តែងស្វាគមន៍ភ្ញៀវទេសចរណ៍គ្រប់ពេលដែលពួកគេចុះទឹកលេងកម្សាន្ត ដោយពួកវាតែងហែលមកក្រវែលៗពួកគេ។

មន្ត្រីការពារប្រចាំតំបន់ក៏បានប្រកាសឲ្យដឹងដែរថា នឹងសង្ឃឹមថាមិនមានហេតុការណ៍បែបនេះកើតឡើងទៀតនោះទេ ភ្ញៀវទេសចរណ៍ទាំងអស់មិនថាភ្ញៀវជាតិ អន្តរជាតិត្រូវគោរពតាមគោលការណ៍ថែរក្សា អភិរក្សតំបន់ទេសចរណ៍។ ប្រសិនបើអ្នកបំពានករណីណាមួយ អ្នកនឹងត្រូវផ្តន្ទាទោសតាមច្បាប់ប្រជាជនថៃ៕


អត្ថបទ៖ មេសា