ធ្លាប់តែអាន! ពេលនេះ រឿង “កុលាបប៉ៃលិន” ត្រូវបានផលិតឡើងវិញជាប្រភេទគំនូរជីវចល ដោយស្នាដៃកូនខ្មែរ ស្រស់ស្អាត និងល្អមើលមិនចាញ់គំនូរជីវចលបរទេសឡើយ

126

បងប្អូនគ្រប់គ្នាមុខជាស្គាល់ច្បាស់នៅរឿងអក្សរសិល្ប៍ខ្មែរ “កុលាបប៉ៃលិន” ដែលជាស្នាដៃនិពន្ធរបស់កវីនិពន្ធលោក ញ៉ុក ថែម ក្នុងឆ្នាំ១៩៦០ ដែលនិយាយពីរឿងរ៉ាវស្នេហាដ៏ស្មោះស្ម័គ្ររបស់ ចៅចិត្រ ដែលជាអ្នកក្រ ស្រលាញ់ជាមួយកូនស្រីអ្នកមាន នាង ឃុននារី ដែលស្ថិតនៅក្នុងសម័យអាណានិគមបារាំង។ ប្រិយមិត្តភាគច្រើនស្គាល់រឿងនេះច្បាស់តាមរយៈការអាន ការសិក្សាដែលបានដាក់បញ្ចូលដោយក្រសួងអប់រំ និងការបោះពុម្ពផ្សាយជាសៀវភៅប្រលោមលោកផ្សេងៗ។

ដោយឡែកពេលនេះរឿង “កុលាបប៉ៃលិន” ត្រូវបានយកមកច្នៃផលិតឡើងវិញជាបែបគំនូរជីវចល ដែលធ្វើឡើងដោយក្រុម រួញ – ROUNH creative studio ជាមួយនឹងស្នាដៃសម្រិតសម្រាំងគូរជាគំនូរជីវចលបែបតុក្កតាបានយ៉ាងស្រស់ស្អាត ព្រមទាំងបានបញ្ចូលបទភ្លេងយ៉ាងពិរោះដោយកញ្ញា Visoththyda Ung។ គំនូរជីវចលរឿង “កុលាបប៉ៃលិន” ភាគទី១ នេះជាស្នាដៃផលិតដោយកូនខ្មែរសុទ្ធសាធ និងបានផ្តិតទិដ្ឋភាពនៅខេត្តបាត់ដំបងគ្រាដែល ចៅចិត្រ រស់នៅជុំជាមួយឪពុកដែលកំពុងមានជម្ងឺ​ ដោយមានលាយបញ្ចូលជាមួយបច្ចេកទេសថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតមិនចាញ់គំនូរជីវចលបរទេសនោះឡើយ។

យ៉ាងណាមិញគ្រាន់តែចេញភាគដំបូងភ្លាម គំនូរជីវចលរឿង “កុលាបប៉ៃលិន” នេះត្រូវបានមហាជនជាច្រើនកោតសរសើរ និងចែករំលែកភ្លាមៗពីគណនីមួយទៅគណនីមួយទៀត។ ដើម្បីដឹងច្បាស់ថាតើគំនូរជីវចលដែលផលិតដោយកូនខ្មែររបស់យើងស្រស់ស្អាតដល់កម្រិតណា ចូលមើលវីដេអូនេះខាងក្រោមនេះទាំងអស់គ្នា!

ប្រភព: khmernote