ភ្នំពេញ ៖ មន្ត្រីបរិស្ថានរបស់អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែតុលានេះ បានចាប់ផាកពិន័យអ្នកយកសំរាមទៅចោលមុខរបងវត្តចង្ក្រានតាព្រហ្មហៅស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត។
តាមប្រភពពីភ្នាក់ងារបរិស្ថានប្រចាំសង្កាត់ស្ទឹងមានឈ្មោះអ៊ីម សេរីរតនាបានឲ្យដឹងថា អ្នកយកសំរាមដាក់លើរទេះរុញមកចោលមុខវត្ត ហើយមន្ត្រីបរិស្ថានចាប់យកមកអប់រំនិងធ្វើកិច្ចសន្យាព្រមទាំងផាកពិន័យនេះមានឈ្មោះ លឹម ង៉ែត ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ត្រីបរិស្ថានដដែលបានបន្តថានៅក្នុងលិខិតកិច្ចសន្យាគឺបានសរសេរថា ទី១ ឈប់យកសំរាមមកបោះចោលនៅទីសាធារណៈ។ ទី២ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវដើម្បីទុកដាក់លើរថយន្តដឹកសំរាមពេលរថយន្តមកដល់។ ទី៣ ស្តាប់តាមការណែនាំរបស់មន្ត្រីបរិស្ថានសង្កាត់ស្តីពីការគ្រប់គ្រងសំរាម។ ទី៤ដោយទទួលបានការណែនាំលើកទី១ខ្ញុំបាទយល់ព្រមទទួលការពិន័យជាប្រាក់ចំនួន២០,០០០រៀល។ ទី៥សូមសន្យាឈប់យកសំរាមមកចោលនៅទីសាធារណៈជាលើកទី២ទៀត។ទី៦បើសិនមានជាលើកទី២ខ្ញុំបាទព្រមទទួលការពិន័យរបស់ភ្នាក់ងារបរិស្ថាន។ក្រែងពុំប្រាកដខ្ញុំបាទសូមផ្តិតមេដៃជាភស្តុតាង។
ចំពោះការផាកពិន័យនិងចាប់អ្នកបោះសំរាមចោលតាមផ្លូវសាធារណៈបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាគាំទ្រ ព្រោះសព្វថ្ងៃប្រជាពលរដ្ឋខ្លះលោកមិនព្រមចូលថែរក្សាអនាម័យបរិស្ថានឡើយតួយ៉ាងដូចបុគ្គលខាងលើនេះ។
ទាក់ទិនទៅនឹងការដាក់រឹតបន្តឹងអ្នកចោលសំរាមបែបនេះ កម្ពុជាថ្មីតែងសង្កេតឃើញលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានដាក់ផែនការដល់មន្ត្រីតាមបណ្តាសង្កាត់ត្រូវចុះណែនាំនិងផាកពិន័យអ្នកចោលសំរាមតាមទីសាធារណៈ ដើម្បីឲ្យពួកគាត់ចូលរួមថែរក្សាបរិស្ថាន។ ហើយត្រឹមតែណែនាំគឺគាត់មិនស្តាប់នោះទេ ទាល់តែផាកពិន័យបែបនេះទើបគាត់រាងចាល៕