ផ្តើមពីជីវិតអ្នករត់ម៉ូតូឌុប និង ជាងភ្លើង ដោយភាពតស៊ូអត់ធ្មត់ បានធ្វើឲ្យយុវជនម្នាក់ហ៊ានលះបង់ កំលាំងកាយ និងកំលាំងចិត្ត ជំនះរាល់ឧបសគ្គទាំងឡាយដែលមាននៅចំពោះមុខរហូតមកដល់ពេលនេះបានក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនវិនិយោគមួយដោយផ្តោតលើវិស័យអចនទ្រព្យ ដីធ្លី បានទទួលជោគជ័យរហូតដល់សព្វថ្ងៃនេះ ។
ជីវិតអតីតអ្នកដែលមានកំណើតពីអ្នករត់ម៉ូតូឌុបរូបនោះ គឺលោក ភិរម្យ វិចិត្រដារ៉ា ដែលទើប តែទទួលការតែងតាំងគោរមងារជាឧកញ៉ា កាលពីពេលថ្មីៗនេះ ។
លោក ភិរម្យ វិចិត្រដារ៉ា ដែលទើបតែត្រូវបានព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងគោរពងារជា ឧកញ៉ានោះ គឺជាបុគ្គលជោគជ័យផ្នែកអចលនទ្រព្យ និងជាសាស្ត្រាចារ្យជំនាញលើអចលនទ្រព្យ ល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា។
លោកត្រូវបាន ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា កាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗ នេះ។
ខ្សែជីវិតពិតដោយសង្ខេប របស់ លោក ភិរម្យ វិចិត្រដារ៉ា គឺផ្តើមចេញពីជីវិតជាអ្នករត់ ម៉ូតូឌុប ដឹកភ្ញៀវនៅព្រលានយន្តហោះខេត្តសៀម រាបបានមួយឆ្នាំនៅក្នុងអំឡុងឆ្នាំ២០០៥ក៏ត្រឡប់មកភ្នំពេញវិញ ប្រកបរបរជាជាងភ្លើងនៅកន្លែងលក់គ្រឿងបរិក្ខាពេទ្យមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ ។
ក្នុងរយះពេលមួយឆ្នាំនៃជីវិតជាអ្នករត់ម៉ូតូឌុប មិនអាចធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃល្អប្រសើរបានឡើយ ។ ម្យ៉ាងទៀតជាអ្នកនៅទីក្រុង ភ្នំពេញផង មិនអាចសម្របខ្លួនទៅតាមអ្វីៗបានភ្លាមៗនោះឡើយ ហើយភាពស៊ីវិល័យនៅខេត្តសៀមរាប មិនទាន់មានការអភិវឌ្ឍន៍ ដូចសព្វថ្ងៃនេះដែរ ។
លោក ភិរម្យ វិចិត្រដារ៉ា បាននិយាយថា “ជីវិតរបស់ខ្ញុំទម្រាំមានថ្ងៃនេះ(ក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុន)។ ខ្ញុំបានជួបឧបសគ្គជាច្រើន ទាំងភាពជោគជ័យ និងបរាជ័យ ហើយកក្តាទាំងនេះបានធ្វើឲ្យខ្ញុំចេះអភិវឌ្ឍន៍ខ្លួនតាមរយះការមើលសៀវភៅគួបផ្សំនិងបទពិសោធន៍ ដែលខ្លួនមានស្រាប់ធ្វើឲ្យការងារមុខរបរសព្វថ្ងៃមានភាពរលូនទៅមុខជានិច្ច ។ អ្វីៗដែលកើតឡើងហើយយើងទទួលបានជោគជ័យ ដល់ថ្ងៃនេះ គឺកើត ចេញពីកំលាំងញើសឈាមខិតខំតស៊ូគ្រប់បែបយ៉ាងទម្រាំឆ្លងផុតភាព លំបាកក្រខ្សត់នៃជីវិត ។ បើគ្មានការតស៊ូ ជំនះគ្រប់ឧបសគ្គទេ យើងមិនអាចសម្រេចគោលដៅនិងបំណងរបស់ខ្លួនបានឡើយ យើងមិនអាច អង្គុយឈឺចាប់នូវអ្វីៗដែលកំពុង កើតឡើងនៅក្នុងជីវិតយើងនោះទេ” ។
លោក ភិរម្យ វិចិត្រដារ៉ា បានបញ្ជាក់ថា ជាភ័ព្វសំណាងដោយសារការសេពគប់មនុស្សល្អៗ នៅក្នុងសង្គមបានធ្វើឲ្យលោកមានឳកាស បើកមុខរបរជំនួញមានលុយផ្ទាល់ខ្លួនតែ៤០០ដុល្លារអាមេរិក និងខ្ចីគេបន្ថែមបានមួយចំនួនទៀតដើម្បីបើកអាជីវកម្មខ្លួនឯង ដោយមានទំនាក់ទំនងល្អជាមួយជនជាតិចិន ពេលនោះហើយបានធ្វើឲ្យលោកមានឳកាសទៅទិញគ្រឿងសម្ភារៈបរិក្ខាពេទ្យធ្មេញ ពីប្រទេសចិន មកលក់ឲ្យអតិថិជននៅរាជធានីភ្នំពេញ ។
លោក ភិរម្យ វិចិត្រដារ៉ា បានឲ្យដឹងទៀតថា ចាប់ពេលនោះមក ធ្វើឲ្យមុខជំនួញរបស់ លោកមានដំណើរការទៅមុខជានិច្ចរហូតមានលុយ អាចបង្កើត ក្រុមហ៊ុនមួយឈ្មោះECC Reality ផ្តោតលើវិស័យអចលនទ្រព្យ វិនិយោគដីលំនៅដ្ឋាន ។ លោកបានបញ្ជាក់ថា ផ្តើមចេញរកស៊ីលើកដំបូង បានជួបការបរាជ័យពេលនោះហើយជីវិតរបស់ លោកបាត់បង់កិតិ្តយសមនុស្សដែលគេធ្លាប់ឲ្យតម្លៃគេលែង ឲ្យតម្លៃ មានការមើល ងាយពីមនុស្សនៅជុំវិញខ្លួនគេលែងរាប់អាន គេលែងមើលមុខពេលនោះហើយធ្វើឲ្យជីវិតរបស់លោកមានការឈឺចាប់ ។ បន្ទាប់មកលោកក៏សម្រេចចិត្តបើកអាជីវកម្មខ្លួនឯងដើម្បីធ្វើម្ចាស់ការខ្លួនឯង ដោយមើលឃើញថា បើចង់ជោគជ័យត្រូវតែបើកធ្វើ អាជីវកម្មខ្លួនឯង ។ ការផ្តល់តម្លៃលើការទំនាក់ទំនង និងសេពគប់បុគ្គលជោគជ័យ បានរុញច្រានឲ្យលោកហ៊ានផ្លាស់ប្តូរពីអ្នកធ្វើការស៊ី ប្រាក់ខែគេ ងាកមកបើកជំនួញ វិញម្តងខណៈមនុស្សមួយចំនួនមិនហ៊ានប្រថុយ ដោយខ្លួនឯងមានលុយតែ៤០០ដុល្លារតែ ប៉ុណ្ណោះ ។
បញ្ហាជីវិតផ្ទាល់ខ្លួនលោក ភិរម្យ វិចិត្រដារ៉ា កើតនៅឆ្នាំ១៩៨៥ ក្នុងរាជធានីភ្នំពេញ ។ លោកកំព្រាឪពុកតាំងពីអាយុបានមួយខួបកន្លះ ដែលមានម្តាយប្រកបមុខរបរលក់អុស ។ លោកវិចិត្រដារ៉ា មានបងប្អូនវ៣នាក់ស្រី២នាក់ លោកជាកូនទី២ក្នុងគ្រួសារចំពោះការសិក្សា លោកភិរម្យ វិចិត្រដារ៉ា បានចូលសិក្សានៅសាលាបឋមសិក្សាទួលស្វាយ ព្រៃ ក្នុងខណ្ធចំការមន រាជធានីភ្នំពេញ ហើយបានបន្តថ្នាក់វិទ្យាល័យ នៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល។
ជាបន្តបន្ទាប់មកទៀតបានសិក្សាថ្នាក់មហាវិទ្យាល័យ នៅសាកលវិទ្យាល័យន័រតុន ជំនាញ (I.T) អាយ ធី សិក្សាបាន២ឆ្នាំក៏បោះ បង់ការសិក្សាចោល ហើយងាកមកស៊ីបើកមុខជំនួញវិញម្តង ។
លោក ភិរម្យ វិចិត្រដារ៉ា បានរៀបការជាមួយនារីឈ្មោះនង ស្រីពេជ្រ ជាអ្នករស់នៅរាជធានីភ្នំពេញ ។ បច្ចុប្បន្នមានកូន៣នាក់ក្នុងបន្ទុក ប្រុស១ ស្រី២ ។