(មានវីដេអូ) ស្ត្រីជនជាតិជប៉ុននៅកំពងសោមម្នាក់ ជួយយកដីចាក់បំពេញជង្ហុកផ្លូវ រហូតទាល់តែស្អាតស្រួលជិះ ខណៈពលរដ្ឋខ្មែរបានត្រឹមរអ៊ូរិះគន់អជ្ញាធរ

44

ប្រទេស​ជប៉ុន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជាតិ​សាសន៍​គួរ​ឱ្យ​គោរព​បំផុត​មួយ​នៅ​លើ​ពិភពលោក ព្រោះ​សកម្មភាព​មនុស្ស​ធម៌ និង​សុជីវធម៌​ដ៏​ល្អ​បំផុត។ ជាក់​ស្ដែង ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា ហើយ​ប្រជាជន​ជប៉ុន បាន​ធ្វើ​សកម្មភាព​សង្គម​នានា ដូច​ជា​ជួយ​រើស​សំរាម សម្អាត​បរិស្ថាន ហើយ​វីដេអូ​ដែល​ទើប​បង្ហោះ​មួយ បាន​បង្ហាញ​ពី​សកម្មភាព​នារី​ជន​ជាតិ​ជប៉ុន​ម្នាក់ យក​ដី​ចាក់​បំពេញ​ផ្លូវ​ដែល​ខូច​ខាត ដោយ​មិន​ខ្លាច​នឿយ​ហត់។

បើ​តាម​ម្ចាស់​គណនី Facebook ឈ្មោះ Kuy Hok បាន​ឱ្យ​ដឹង​ថា ស្ត្រី​ជន​ជាតិ​ជប៉ុន​រូប​នេះ គឺ​ជា​ម្ចាស់​ហាង​សាម៉ូរ៉ៃ នៅ​ខេត្ត​ព្រះសីហនុ។ ដោយសារ​ផ្លូវ​មាន​ជង្ហុក​ច្រើន ទើប​ស្ត្រី​រូប​នេះ បាន​យក​ដី​ចាក់​បំពេញ​ជង្ហុក​នោះ​ជា​រៀង​រាល់​ថ្ងៃ អស់​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ តាំង​ពី​ផ្លូវ​ពិបាក មាន​ដក់​ទឹក រហូត​ដល់​ផ្លូវ​ស្រួល​ជិះ​វិញ។ ផ្លូវ​ដែល​ស្ត្រី​ជន​ជាតិ​ជប៉ុន ជួយ​ចាក់​បំពេញ​នោះ គឺ​នៅ​ម្ដុំ​ផ្លូវ​ជិត​ផ្ទះ​ជាងលីម។

អ្នក​ដែល​បាន​ឃើញ​វីដេអូ​នេះ នាំ​គ្នា​សរសើរ​ស្ត្រី​ជន​ជាតិ​ជប៉ុន​នោះ​យ៉ាង​ខ្លាំង ចំពោះ​ការ​ព្យាយាម និង​គិត​គូរ​ធ្វើ ជា​ជាង​ការ​រិះ​គន់។ តាម​ពិត ការ​ថែ​រក្សា​ផ្លូវ​ថ្នល់ ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ ប៉ុន្តែ​ពេល​ខ្លះ ក៏​ធ្វើ​មិន​ទាន់ ដោយ​ទាមទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន។ ប្រសិន​បើ​ជួយ​គ្នា​ម្នាក់​បន្តិច ទាំង​បញ្ហា​សំរាម និង​បញ្ហា​ផ្លូវ ជឿ​ជាក់​ថា​អាច​ដោះ​ស្រាយ​បាន​ខ្លះ មិន​មាន​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ៕