បើមិនជឿសូមកុំប្រមាថ!! ជំនឿ​លើ​ ខ្នាយ​តាន់​ជ្រូក​ព្រៃ ឬចែកាច់ មានមហិទ្ធិរិទ្ធអស្ចារ្យ

69

ប្រជាជនខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជា ឬ ប្រទេសថៃ ពួកគាត់នៅតែមានជំនឿនឹងខ្នាយតាន់ដែលជាវត្ថុស័ក្តិសិទ្ធិនាំមកនូវសិរីមង្គល និង សេចក្តីសុខចម្រុងចម្រើន។ ជនជាតិខ្មែរភាគតិចរួមមានពួកទំពូន ព្នង និង ស្ទៀងមានជំនឿលើខ្នាយតាន់ដែលចូលចិត្តពាក់លំអរៀងកាយរបស់ពួកគាត់។

ប្រជាជនខ្មែរដែលរស់នៅតាមតំបន់ព្រៃភ្នំ ជាពិសេសនៅតំបន់ជួរភ្នំដងរែកដែលគេយល់ឃើញថា ជាតំបន់អាថ៌កំបាំងប្រកបដោយបារមី និង វត្ថុស័ក្តិសិទ្ធិ ឬ ជាកន្លែងរស់នៅដ៏សុខសាន្តសម្រាប់ជ្រូកព្រៃដែលជាតំបន់សម្បូរទៅដោយមើមដំឡូងព្រៃ។ តាមការសិក្សាស្រាវជ្រាវបានបញ្ជាក់ឱ្យដឹងថា ជ្រូកព្រៃមានទម្លាប់រស់នៅជាហ្វូងហើយនៅក្នុងហ្វូងជ្រូកនីមួយៗ គេប្រទះឃើញមានជ្រូកឈ្មោលមួយក្បាលមាឌធំមានដុះខ្នាយវែង ហើយកាចសាហាវជាមេហ្វូង។ ខណៈពេលដែលមានកូនជ្រូកព្រៃឈ្មោលទើបនឹងកើត មេហ្វូងនឹងសម្លាប់កូនជ្រូកនោះជាមិនខាន ក៏ប៉ុន្តែពេលមេហ្វូងជិតស្លាប់ ទើបវានឹងទុកកូនឈ្មោលណាដែលលក្ខណៈសម្បត្តិដូចវាដើម្បីដឹកនាំហ្វូងជ្រូកព្រៃបន្តទៀត។ ចំពោះមេហ្វូងចាស់ជរា វានឹងដើរទៅរកកន្លែងស្ងាត់ ដើម្បីយកខ្នាយតាន់របស់វាទាំងពីរទៅកាច់បំបាក់នឹងដើមឈើ។

ជ្រូកព្រៃដែលពន្លឺនៅលើថ្ងាស គឺមានមហិទ្ធិឫទ្ធិបណ្តាលឱ្យខ្នាយតាន់របស់វាក្លាយជាវត្ថុសក្ខ័សិទ្ធ ឬ បារមី។ បារមីនេះហើយ ដែលធ្វើឱ្យសត្វផ្សេងពិបាកក្នុងការសម្លាប់វា។

ហេតុដូច្នេះហើយ ប្រជាជនខ្មែរនៅតាមតំបន់ព្រៃភ្នំដងរែក និងតំបន់ខ្ពង់រាបដទៃទៀត មានជំនឿថា អ្នកដែលរើសបានខ្នាយ តាន់ជ្រូកព្រៃយកមកពាក់ គឺគេនឹងមានសេចក្តីសុខសិរីសួស្តីជាពុំខាន ។ បារមីនៃខ្នាយតាន់នេះនឹងនៅរក្សាការពារមិនឱ្យសត្រូវជិតឆ្ងាយណាមក បៀតបៀន ឬយកឈ្នេះលើខ្លួនគេបានឡើយ ។

អ្នកមានខ្នាយតាន់ជ្រូកព្រៃតែងតែកាន់ត្រណមមួយចំនួនយ៉ាង ខ្ជាប់ខ្ជួនហើយគួបផ្សំនឹងមន្តអាគមបន្ថែមផងនោះធ្វើឱ្យខ្នាយតាន់ ជ្រូកព្រៃដែលមានបារមីកាន់ស្រាប់ កាន់តែខ្លាំងក្លាមួយកំរិតថែមទៀត ។

ចំពោះបងប្អូនជនជាតិខ្មែរលើ ពួកគាត់បានយល់ថា បារមីខ្នាយតាន់អាចជួយការពារគាត់ឱ្យគេចចេញពីសត្វព្រៃកាចសាហាវផ្សេងៗ ឬ អាវុធរួមមានព្រួញ ស្នជាដើម។
សរុបសេចក្តីមក ជំនឿលើខ្នាយតាន់របស់ជនជាតិខ្មែរអាចឆ្លុះបញ្ចាំងឱ្យឃើញថា ពេលដែលប្រឈមមុខនឹងគ្រោះកំណាចអ្វីមួយរមែងតែប្រាថ្នាចង់បានសេចក្តីសុខ សប្បាយ និង សុវត្ថិភាព។ ជំនឿនេះក៏ក្លាយជាមែកធាងនៃខឿនវប្បធម៌អរូបីរបស់ជនជាតិខ្មែរយើងផងដែរ។

គប្បីជម្រាបផងដែរថាចំពោះខ្មែរសុរិន្ទ្រ បុរីរម្យសព្វថ្ងៃ ឆ្អឹង ថ្គាម ខ្នាយ និង ឈាមសត្វព្រៃមួយចំនួនបានដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលរោគ។ ឧទាហរណ៍គេយកថ្គាមដំរីទៅដុសនឹងថ្ម ហើយស្រង់ទឹកយកទៅបរិភោគដើម្បីការពារពុលថ្នាំ និង ធ្វើឱ្យត្រជាក់ខ្លួនប្រាណ។ ភ្លុកដំរី និង ខ្នាយតាន់វិញ គេប្រើសម្រាប់កែក្តៅខ្លួន។ ឆ្អឹងត្មាត និង ឆ្អឹងអកសម្រាប់កែរោគគ្រុនញាក់រវើរវាយ និងកែរោគស្ត្រីដែលសម្រាលកូនមិនចេញ។ ជូនកាលគេយកឈាមរមាសកែក្រំ និងជាំខ្ទុះពេលដែលធ្លាក់ពីខ្នងដំរី ឬ ដើមឈើជាដើម ។ ចំពោះចង្កូមខ្លា គេយកមកដាក់ពាក់ជាបន្តោងនៅកដើម្បីការពារសត្វព្រៃ ហើយបើចង្កូមខ្លានោះមានប្រហោង វាមានប្រសិទ្ធភាព ដើម្បីឱ្យព្រាយបីសាចភ័យខ្លាច។

តើមនុស្សនៅភូមិស្នាយ នាសម័យបុរេប្រវត្តិសាស្ត្រមានជំនឿដូចខាងលើនេះដែរឬទេ? ចំពោះចម្លើយនឹងសំណួរនេះ បើតាមការស្រាវជ្រាវសិក្សាប្រៀបធៀបរបស់យើងបានឱ្យដឹងថាអ្វីៗដែលពោលមិនខុសប្លែកពីជំនឿរបស់សហគមន៍ខ្មែរនៅភូមិស្នាយប៉ុន្មានឡើយ ដោយហេតុថាសំណង់វប្បធម៌វត្ថុបុរាណជាច្រើន ដូចជាឆ្អឹង ចង្កូមសត្វដែលគេកប់ជាមួយសពពុំមែនជាការចៃដន្យទេ ប៉ុន្តែជាវត្ថុដែលបានឆ្លើយតបជាមួយនឹងជំនឿប្រពៃណីរបស់មនុស្សខ្មែរនាសម័យដើមយ៉ាងពិតៗ (ម.ត្រាណេ) ។