ចាក់ចំបេះដូង មិត្តអ្នកអាននឹងពលរដ្ឋ ជាពិសេសព្រះសង្ឃ យ៉ាងខ្លាំងដោយ លទ្ធផលចេញមកគួរជាទីមោទនៈ សម្រាប់ អាជ្ញាធរខេត្តសៀមរាប យើងនេះ គឺបន្ទាប់ពី លោកទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានបង្ហោះហ្វេសបុកផ្ទាល់ខ្លួនរបស់លោក នៅវេលាម៉ោង ២០និង៣០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះថា ដោយពិនិត្យឃើញថា វត្តកំពុងសាងសង់កុដិ និងដោយមានការស្នើសុំបិណ្ឌបាតពីព្រះសង្ឃនិង គណៈកម្មការអាចារ្យវត្ត សមត្ថកិច្ចបានសម្រេចប្រគេនឈើទៅព្រះសង្ឃនៅ(វត្ថអធ្វា) វិញនិងបានចូលបច្ច័យសាងសង់កុដិចំនួនមួយលានរៀល។
នៅក្នុងហ្វេសបុក នោះបន្តថា ដោយមានសេចក្ដីរាយការណ៍ពីករណីកាប់ដើមឈើ នៅ វត្តអធ្វា ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២និង២៦នាទី កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យជាក់ស្ដែង ដែលមានទីតាំងដូចបានជម្រាបជូនខាងលើ សមត្ថកិច្ចបានប្រទះឃើញ ឈើអាររួច ប្រភេទឈើទាលចំនួន ៤៦សន្លឹកនិងឈើមូល ចំនួន ០២ កំណាត់។ ដោយពេលវេលាយប់ជ្រៅ និងទីតាំងកើតហេតុក្រៅបរិវេណវត្តពុំមានអ្នកទទួលខុសត្រូវ សមត្ថកិច្ច សម្រេចដឹកជញ្ជូនវត្ថុតាង មករក្សាទុកជាបណ្តោះអាសន្ននៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចនៅទីតាំងជាក់ស្តែង ព្រះសង្ឃព្រះនាម ភ្លឿន រ័ត្ន ព្រះគ្រូសូត្រស្តាំ តំណាងព្រះចៅអធិការវត្ត មានសង្ឃដីកាថា ការកាប់ដើមឈើទាល ០១ ដើមនេះ ដោយសារដើមឈើនេះត្រូវរន្ទះបាញ់ ចាប់ផ្តើមងាប់ និងមានមែកឈើមួយចំនួនបាក់ធ្លាក់មកដី អាចបង្កគ្រោះថ្នាក់ជាយថាហេតុ ប៉ុន្តែគណៈកម្មការអាចារ្យវត្ត ពុំបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ។ ដោយពិនិត្យឃើញថា វត្តកំពុងសាងសង់កុដិ និងដោយមានការស្នើសុំបិណ្ឌបាតពីព្រះសង្ឃនិង គណៈកម្មការអាចារ្យវត្ត សមត្ថកិច្ចបានសម្រេចប្រគេនឈើទៅព្រះសង្ឃវិញនិងបានចូលបច្ច័យសាងសង់កុដិចំនួនមួយលានរៀល។
ជាមួយគ្នានោះដែរ ព្រះសង្ឃ គណៈកម្មាធិការវត្តនិងពុទ្ធបរិស័ទ ជុំវិញវត្ត បានសម្តែងការត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណចំពោះ លោកប្រធានមន្ទីរកសិកម្មខេត្តសៀមរាបនិងអាជ្ញាធរខេត្ត យ៉ាងខ្លាំងដែលបានជួយដោះស្រាយ និងជួយសម្រួលការលំបាកក្នុងវត្តអធ្វា នេះផងដែរ៕