នេះជាចម្លើយ! ពិត ឬ មិនពិត រឿងខ្មោចសង្កត់ដែលគេតែងតែនិយាយគ្រប់គ្នាហ្នឹង?

138

តើអ្នកធ្លាប់ភ្ញាក់ឡើងកណ្តាលយប់ងងឹត ហើយមិនអាចកម្រើកខ្លួនបានដែរឬទេ? មិនថាអ្នកព្យាយាមរើខ្លួនប៉ុណ្ណាក៏ដោយ អាចមិនអាចសូម្បីតែកម្រើកម្រាមដៃរបស់ខ្លួន។ មានមនុស្សមួយចំនួនថែមទាំងបាននិយាយថាពួកគេមិនអាចដកដង្ហើម ហាក់ដូចជាមានរបស់ធំធ្ងន់មកសង្កត់លើពួកគេ។

នៅប្រទេសជាច្រើនក្នុងពិភពលោកបានជឿជាក់ថាបាតុភូតនេះគឺមានការទាក់ទងនឹងវិញ្ញាណ រឺព្រលឹង។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានសិក្សាទៅលើករណីនេះ និងធ្វើការបកស្រាយថាបាតុភូតបែបនេះមិនមែនបង្កដោយវិញ្ញាណស្អីនោះឡើយ។ នៅក្នុងន័យវិទ្យាសាស្ត្រ បាតុភូតខ្មោចសង្កត់នេះត្រូវបានគេហៅថា “Sleeping Paralysis” ដែលវាបានកើតឡើងទៅលើមនុស្សប្រមាណជា ៧.៦% ក្នុងចំនោមប្រជាជនទាំងអស់ក្នុងពិភពលោក។

អ្វីទៅជា Sleeping Paralysis?

ប្រសិនជាលឺតាមពាក្យដំណាលរបស់អ្នកដទៃ Sleeping Paralysis ពិតជាគួរអោយខ្លាចណាស់ ប៉ុន្តែធាតុពិត វាមិនអញ្ចឹងនោះទេ។ Sleeping Paralysis នេះមិនអាចបង្កគ្រោះថ្នាក់ឡើយ ហើយវាក៏មិនបានបង្ហាញពីកត្តាសុខភាពរបស់មនុស្សម្នាក់ៗនោះដែរ។ បាតុភូតនេះកើតឡើងដោយសារ មានការរំខានដល់វត្តនៃការគេង ដោយសារនៅក្នុងដំណាក់កាលមួយរបស់វត្តនៃការគេង ខ្លួនប្រាណរបស់មនុស្សនឹងសម្រាកស្ទើរតែគ្រប់កន្លែង។

ការសម្រាកនៃសរីរាង្គបែបនេះ គឺដើម្បីការពារខ្លូនរបស់មនុស្សម្នាក់ៗពីការរើបម្រាស់ដែលអាចធ្វើអោយមានការប៉ះទង្គិច ព្រោះវាជាពេលដែលមនុស្សគេងបានស្កប់បំផុត។ ដូច្នេះ ប្រសិនបើនរណាម្នាក់ភ្ញាក់ដឹងខ្លួនក្នុងដំណាក់កាលមួយនេះ ពួកគេនឹងមិនអាចកម្រើកខ្លួនបាន រហូតដល់ដំណាក់កាលបានបញ្ចប់។
នៅក្នុង Sleeping Paralysis មានបីដំណាក់កាលធំៗ៖

១. The Incubus

នៅក្នុងដំណាក់កាលនេះ យើងមានអារម្មណ៍ថាមានរបស់ធ្ងន់មកសង្កត់លើខ្លួនប្រាណរបស់យើង។ ពេលនោះ យើងនឹងចាប់ផ្តើមពិបាកដកដងើ្ហម។ ប៉ុន្តែតាមការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានអះអាងថា វាជារឿងធម្មតាទេ ដែលពេលអ្នកភ័យ អ្នកចាប់ផ្តើមពិបាកដកដងើ្ហម។

២. The Intruder

អ្នកដែលធ្លាប់មានបទពិសោធន៍ Sleeping Paralysis បាននិយាយថាពួកគេបានមើលឃើញ រឺលឺសម្លេងចម្លែក ដែលធ្វើអោយពួកគេគិតថាមានសភាវះមិនល្អបានកំពុងតែនៅជិតខ្លួនពួកគេ។ តាមការពិត អ្នកជំនាញបានបកស្រាយបាតុភូតនេះថា “Hyper-vigilant state of mid-brain” ដែលពេលដែលអ្នកកំពុងភ័យ ខួរក្បាលរបស់អ្នកធ្វើអោយអ្នកភ័នច្រលំដោយគ្រាន់តែមានស្រមោលពីភ្លើង ក៏អាចធ្វើអោយអ្នកគិតថាវាជារូបរាងមួយ។

៣. ព្រលឹងចេញពីក្នុងខ្លួន

មានមនុស្សចំនួនបានទាំងនិយាយថាពួកគេបានឃើញព្រលឹងរបស់គេហោះចេញពីខ្លួន បែបនេះហើយទើបគេមិនអាចកម្រើកខ្លួន។ តែតាមការបកស្រាយ នេះក៏បណ្តាលមកពីខួរក្បាលរបស់មនុស្សដែរដែលមិនបានគិតវែកញែកវែងឆ្ងាយ ពេលដែលពួកគេស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច៕