ជំនឿ​ដូនតា​ខ្មែរ ដាច់​ខាត​កុំ​សង់​ផ្ទះ​ក្នុង​ខែ​ទាំង​នេះ​​ឲ្យ​សោះ​!​ បើមិនចង់មានរឿងមិនល្អកើតឡើង

269

តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ដូន​តា​ខ្មែរ​តាំង​ពី​បរម​បុរាណ​មក​ ការ​រើស​ថ្ងៃ​ខែ​សង់​ផ្ទះ​គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​មិន​គួរ​ធ្វេស​ប្រហែស។ ដូនតា​ខ្មែរ​តែង​ជឿ​ថា​ការ​សាងសង់​ផ្ទះ​មិន​ត្រូវ​ពេល​វេលា​ក្បួន​តម្រា​នឹង​នាំ​មក​នូវ​ឧប​ទ្រុប​ចង្រៃ ​ខ្មោច​ព្រាយ​បិសាច ​តាម​យាយី​រស់​នៅ​មិន​បាន​សុខ​ឡើយ​។ ដូច​នេះ​តើ​ខែ​ណា​ខ្លះ​មិន​គួរ​សង់​ផ្ទះ?


ខែ​ជេស្ឋ (ចន្លោះ​ពី​ថ្ងៃ​ទី ២៦​ខែ​ឧសភា ដល់​ថ្ងៃ​ទី២៣​ខែ​មិថុនា) ដូន​តា​ខ្មែរ​ជឿ​ថា ខែ​នេះ​មិន​គួរ​សង់​ផ្ទះ​ឡើយ ព្រោះ​បើ​សង់​ខែ​នេះ​មាន​ខ្មោច​ព្រាយ​បិសាច​នឹង​លាក់​ខ្លួន​តាម​យាយី​ក្នុង​គ្រឹះ​ផ្ទះ​។ ចាស់​បុរាណ​ជឿ​ថា​ ខែ​ជេស្ឋ​សង់​ផ្ទះ​គឺ​គ្រឹះ​អន្តរាយ មាស​ប្រាក់​ខ្ចាត់ខ្ចាយ​ អាត្មា​ក្សិណក្ស័យ​។

ខែ​អាសាឍ (ចន្លោះ​ពី​ថ្ងៃ​ទី​២៤​ខែ​មិថុនា ដល់​ថ្ងៃ​ទី២៣​ខែ​កក្កដា) ខែ​នេះ​ចាស់​បុរាណ​ជឿ​ថា ពេល​ធ្វើ​ផ្ទះ​នាំ​ឱ្យ​គ្រឹះ​ផ្ទះ​ឥត​ជ័យ​ ទ្រព្យ​ធន​ដែល​រក​បាន​នឹង​វិនាស​ក្សិណក្ស័យ​ហិន​ហោច​ រស់​នៅ​គ្មាន​ក្ដី​សុខ​ឡើយ​។ ដូច​នេះ​តាម​ជំនឿ​ពី​បុរាណ​ខ្មែរ តែង​ហាម​មិន​ឱ្យ​សង់​ផ្ទះ​ក្នុង​ខែ​នេះ​ដាច់​ខាត​។


ខែ​អស្សុជ​ (ចន្លោះ​ពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៩​ខែ​តុលា) តាម​ទំនាយ​ពី​បុរាណ ខែ​នេះ​ប្រសិន​បើ​សង់​ផ្ទះ​រួច ពេល​រស់​នៅ​គ្រួសារ​នោះ​ប្រាកដ​ជា​គ្មាន​សេចក្ដី​សុខ​ឡើយ​ មាន​តែ​ជម្លោះ​ប្ដី​ប្រពន្ធ​ កូន​ៗ​រស់​នៅ​មិន​មាន​សុភមង្គល មាន​តែ​រឿង​ក្ដៅ​ក្រហាយ​ហើយ​អាច​ឈាន​ទៅ​រក​ការ​បែក​បាក់​គ្រួសារ។


ខែ​មាឃ (ចន្លោះ​ពី​ថ្ងៃ​ទី​២៨​មករា ដល់​ថ្ងៃ​ទី២៥​ខែ​កុម្ភៈ​) ខែ​នេះ​ដូនតា​ខ្មែរ​តែង​ហាម​ប្រាម​កុំ​អោយ​កូន​ចៅ សង់​ផ្ទះ​ដាច់​ខាត។ សង់​ផ្ទះ​ខែ​នេះ គ្រឹះ​ពុំ​ជា អាច​មាន​គ្រោះ​ចង្រៃ​មហិមា រស់​នៅ​ពុំ​សុខ​ជា អាច​មាន​ភ្លើង​ឆេះ​ផ្ទះ​៕

ប្រភព៖ សៀវភៅ​ទំនៀមទម្លាប់​ និង​ពិធី​បុណ្យ​ផ្សេងៗ​​