ឧកញ៉ា គួច ម៉េងលី៖ «កំហុសដ៏ធំរបស់ឪពុកម្តាយ គឺអោយកូនរៀនភាសាបរទេស មុនភាសាខ្មែរ»

54

នៅ​កម្ពុជានា​ពេល​បច្ចុប្បន្ន​ ​ឪពុកម្ដាយ​ក្នុងគ្រួសារ​មួយចំនួន​ ហាក់​មានមោទន​ភាពចំពោះ​កូនដែល​អាចនិយាយ​ភាសា​បរទេស​ ​ជាពិសេស​និយាយ​ភាសា​អង់គ្លេស​សម្រាប់ទាកទង​គ្នា​ក្នុង​គ្រួសារ​។ ​ជា​រឿយៗ គេ​សង្កេត​ឃើញ​ឪពុកម្ដាយ​ មាន​កូនអាយុ​ ​៣ឆ្នាំ​ មិន​ទាន់​ បាន​បញ្ចូន​ទៅសាលា​មត្តេយ្យ​ដើម្បី​រៀន​ភាសា​អង់គ្លេស​ មុន​ភាសា​ជាតិ​ខ្លួនឯង​។

ដោយ​មើល​ឃើញចំណុចនេះ​អ្នក​ធ្វើការ​លើ​វិស័យ​អប់​រំ​មួយ​រូប គឺ​​លោក​ឧកញ៉ា​ គួច ​ម៉េងលី ​អគ្គនាយក​ប្រតិបត្តិនៃ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន​ ផ្តល់ជា​អនុសាសន៍ថា​ឳពុក​ម្តាយ​គួរ​ឲ្យ​កូន​ចេះ​ភាសាខ្មែរ​ជាមុន​សិន​មុន​នឹង​បញ្ជូន​កូន​ទៅ​រៀន​ភាសា​បរទេស។​

លោក​បាន​ថ្លែង​ក្នុង​វេទិកា​បណ្ណារក្ស​លើកដំបូង​នៅ​បណ្ណាល័យ​ Monument Book ​កន្លង​ទៅ ថាៈ « ​លោកឪពុក​អ្នកម្ដាយ​ភាគច្រើន​មាន​មោទនភាព​ភាសា​បរទេស​ខ្លាំង​ពេក នៅ​ពេល​ដែល​ឃើញ​កូន​យាយ​ភាសាអង់គ្លេស​តិចតួច​ ​គិតថា​អស្ចារ្យ​ ​ប៉ុន្តែ​មិនបាន​ដឹងថា វាជា​ការចូលរួម​បំផ្លាញ​អនាគត​កូន​»។

លោក​បន្តថា​​ ​ថ្ងៃក្រោយ​កូន​ៗនឹង​ចេះ​ភាសាខ្មែរ​មិន​ច្បាស់លាស់ និង​ក្លាយ​ខ្លួន​ជា​អ្នក​ដែល​និយម​ភាសាបរទេស​ជាជាង​ភាសាជាតិ ដែលនេះ​លោក​ថា​ធ្វើ​ឲ្យ​ក្មេង​បាត់​នូវ​មោទនភាពជាតិ។ លោក​បន្ថែមថាៈ «​ហើយនិយាយ​ភាសាខ្មែរ​មិន​ច្បាស់​នៅក្នុង​ប្រទេស​ខ្មែរ វាហាក់​ដូចជា​យើងជា​ពលរដ្ឋ​វង្វេងទិស​ មិនស្គាល់​អត្តសញ្ញាណ​ខ្លួនឯង​»។

«នេះ​មិនមែន​ជាមោទនភាព​ឲ្យ​គេសរសើ​នោះទេ​ ​តែផ្ទុយ​ទៅវិញ​ ​បរទេស​នឹង​វាយតម្លៃថា​ពលរដ្ឋខ្មែរ ជា​​ជន​គ្មាន​អត្ត​សញ្ញាណ​ មិនទទួល​ស្គាល់​ភាសា​ខ្លួនឯង​ (មិន)​លើក​ស្ទួយ​ភាសាខ្មែរ​ ជាចំនុច​មួយគួរ​ឲ្យសោក​ស្ដាយ​បំផុត គឺ​ប្រៀប​ដូចមាន​មោទនភាព​ក្នុងបរាជ័យ​កូន​»។ លោកបន្ថែម។

ទោះយ៉ាងនេះ​ក្តី អ្នក​ជំនាញ​រូបនេះ​បញ្ជាក់​ថា​លោក​មិនមែន​ឲ្យ​ឳពុក​ម្តាយ​មិន​ឲ្យ​កូន​រៀន​​ភាសា​បរទេស​នោះ​ទេ តែលោក​ថា​គួរ​ឲ្យ​កូនៗចេះច្បាស់ភាសាជាតិខ្លួនជាមុន។ លោក​បន្តថា​​បើ​សិន​ជាក្មេង​ចេះ​ភាសា​ជាតិ​បាន​ច្បាស់​លាស់​ ក្មេង​ចង់​រៀនផ្សេង​ទៀតក៏​ងាយ​ស្រួល​ដែរ​ និង​ថា ​ការអាន​ និងការ​សរសេរ​ភាសា​ជាតិ ​គឺ​ចាំបាច់​សម្រាប់​ក្មេងៗ​ ដែល​ឪពុកមា្ដយ​គ្រប់​រូបគប្បី​បង្វឹក ​និង​ជំរុញទឹក​ចិត្តកូន​អនុវត្ត​រាល់​ថ្ងៃ។​

ទន្ទឹម​គ្នា​នេះ​ ឯកឧត្តម​ ហង់ជួន ណារ៉ុន ​ រដ្ឋមន្ត្រីក្រសួងអប់រំ ​ក៏បាន​អំពាវនាវ​ដល់អា​ណាព្យា​បាល​សិស្ស និង​បណ្ណារក្សទាំងអស់​ ចូលរួម​ជំរុញ​សិស្ស​ឲ្យ​ចូលចិត្ត​អាន​តាមរយៈ​វិធីសាស្ត្រ​ងាយៗ​ខាង​ក្រោមដូចជា​ ទី១. អាន​នៅ​មុខ​ក្មេង​ឲ្យខ្លាំង​ៗ ទី២. ​ចូលរួម​អាន​ជាមួយ​គ្នា​ និងទី៣. ​ឲ្យ​ក្មេងអាន​ទាំង​អស់​គ្នា​៕