ស៊ែរបន្តផង!! កូនខ្មែរត្រូវចងចាំ​​ ឲ្យច្បាស់ប្រវត្តិនៃពិធីបុណ្យអុំទូក..!

43

ពិធី​បុណ្យ​អុំ​ទូក​ ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណ​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​(​ពួក​ចាម) ។ ពិធី​នេះ​បាន​ទទួល​ការ​និយម​​គាំ​ទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ការ​ប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស-នារី​ បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុត​មាំ ។

ក្នុង​ឱកាស​នោះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត ក្រុង​មួយ​ចំនួន​យក​ទូក​មក​ប្រណាំង​ដណ្ដើម​យក​ជ័យជម្នះ​ ឱ្យ​ខេត្ត​របស់​ខ្លួន​ទៀត​ផង ។​នៅ​អំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើក​ទ័ព​មក​ធ្វើ​ការ​លុក(លុយ) ​ត្រួត​ត្រា​ប្រទេស​កម្ពុជា​​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ ខណៈ​នោះ​ព្រះ​បាទ​ជ័យវធន (ជ័យវរ្ម័ន​ទី​៧) បាន​ធ្វើ​ការ​បង្រួប​បង្រួម​ជាតិ ចំណាយ​ពេល​វេលា​រៀបចំ​យុទ្ធសាស្ត្រ​កង​ទ័ព​ ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ពួក​ចាម​ រហូត​ទទួល​បាន​ជ័យ​ជម្នះ

ហើយ​ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​ដឹក​នាំ​ប្រទេស​​ជាតិ នៅ​ឆ្នាំ​១១៨១ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ រុង​រឿង​ដល់​កម្រិត​កំពូល​ថែម(ទៀត) ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ និង​សិលាចារឹក​នានា បាន​បញ្ជាក់​ថា ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ឡើង​គ្រង​រាជ​សម្បត្តិ​នៅ​រាជ​ធានី​សោធបុរៈ ​និង​រៀបចំ​កសាង​ប្រទេស​ជាតិ​ឡើង​វិញ​ ដូច​ជា​ កសាង​ប្រាសាទ​ សាលា​សំណាក់ មន្ទីរពេទ្យ ផ្លូវ​ថ្នល់​ ប្រព័ន្ធ​ធារាសាស្ត្រ​ពាស​ពេញ​ផ្ទៃ​ប្រទេស ។

តាម​រយៈ​ចម្លាក់​នៅ​ប្រាសាទ​បាយ័ន ​គេ​សង្កេត​ឃើញ​មាន​ប្រាង្គ​ប្រាសាទ​មុខ​បួន​បែរ​នៅ​គ្រប់​ទិស ដែល​ធ្វើ​ឱ្យ​អ្នក​ប្រាជ្ញ​ជាតិ​ អន្តរជាតិ​មួយ​ចំនួន​យល់​ថា “​ប្រាសាទ​បាយ័ន ជា​វិមាន​ទេព ​ក្នុង​រឿង​ព្រេង​និទាន​មាន​លក្ខណៈ​អច្ឆរិយ​ខ្លាំង​ណាស់ ” ។ នៅ​តាម​ជញ្ជាំង​​នៃ​ប្រាសាទ មាន​ចម្លាក់​ទាក់​ទង​ទៅ​នឹង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ទំនៀម​ទម្លាប់​ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេស​ការ​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​ពួក​ចាម​ ដែល​ដឹកនាំ​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ធំធេង​តាម​​រយៈ​ចម្បាំង​កង​ទ័ព​ជើង​ទឹក ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ចម្បាំង​កង​ទ័ព​ជើង​ទឹក ដែល​ត្រូវ​បាន​គេ​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​យ៉ាង​ល្អ​ប្រណីត​គួរ​ឲ្យ​គយគន់​ ខ្លាំង​ណាស់ ។ ចម្លាក់​នៃ​កង​ទ័ព​ជើង​ទឹក​នេះ​ត្រូវ​បាន​គេ​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ ចង​ចាំ​ពី​គុណ​បំណាច់​របស់​បុព្វបុរស​ខ្លួន ដែល​បាន​រំដោះ​ទឹក​ដី​ឲ្យ​រួច​ពី​ការ​ត្រួត​ត្រា​របស់​ខ្មាំង​សត្រូវ ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​អុំទូក​រម្លឹក​គុណ​បំណាច់​ដ៏​ថ្លៃ​ថ្លា​ នេះ​ជា​រៀង​រល់​ឆ្នាំ ។

ពិធី​នេះ មាន​តាំង​ពី​សម័យ​មហា​អង្គររហូត​មក ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អុំទូក ដើម្បី​ធ្វើ​ការ​ប្រលង​ប្រណាំង​ទូក​គ្រប់​ប្រភេទ ទាំង​បុរស និង​ស្ត្រី ដែល​មក​ពី​គ្រប់​ខេត្ត​ក្រុង ដែល​​ប្រារព្ធ​ធ្វើ​ទន្លេ​ចតុមុខ​នៃ​រាជធានី​ភ្នំពេញ​ មាន​រយៈ​ពេល ៣ថ្ងៃ ​គឺ​ចាប់​ពី ​ថ្ងៃ​ទី​ ១៤, ១៥កើត ដល់​ថ្ងៃ ១រោច ខែកត្តិក​ អម​នា​ពេល​រាត្រី​ក៏​មាន​ការ​រៀប​បណ្ដែត​ប្រទីប​ របស់​ស្ថាប័ន​ក្រសួង​ចំណុះ​រាជរដ្ឋាភិបាល​ផង​ដែរ៕​​