ចង់រាប់អាន​គ្នា​បានយូរ កុំទំលាប់ឱ្យពួកម៉ាក​ខ្ចីលុយ​អោយសោះ ព្រោះ​ហេតុផល​ទាំងនេះ…

97

ជាធម្មតាការរាប់អានគ្នាជាមួយពួកម៉ាក ឬមិត្តជិតស្និទ្ធ រមែងជៀសមិនផុតពីការខ្ចីលុយកាក់គ្នាចាយទេ។ ប៉ុន្តែជារឿយៗ​គេសង្កេត​ឃើញ​បញ្ហា​ដែលកើត​ឡើង​ដោយសារតែ​ការ​ខ្ចីលុយ មានច្រើនបំផុត ជាពិសេសគឺក្នុងចំណោមពួកម៉ាកជិតដិត ឬ​អ្នក​ស្គាល់គ្នា​ស្និទ្ធ​ស្នាល​នេះ​ឯង។ ខាងក្រោមនេះ ជាមូលហេតុដែលអ្នក មិនគួរឲ្យពួកម៉ាកជិតស្និទ្ធខ្ចីលុយ៖

១. មានបញ្ហា មើលមុខគ្នាមិនចំ៖ កន្លងមកធ្លាប់មានច្រើនមកហើយ ករណីមនុស្សស្គាល់គ្នាជិតស្និទ្ធបំផុត ប្រែក្លាយជាអ្នកដទៃ មើល​មុខ​គ្នា​លែងចំ ព្រោះតែបញ្ហារឿងលុយកាក់ ហេតុនេះបើអាចជៀសវាងបាន គួរតែកុំឲ្យមានការខ្ចីលុយកាក់គ្នាអីល្អជាង បើ​ចង់​រាប់​អាន​គ្នាបានយូរ។

២. ពេលខ្ចីស្រួល ពេលទារតឹងផ្អឹស៖ ដោយយល់ថាជាមនុស្សស្គាល់គ្នា ពេលពួកម៉ាកមកខ្ចីលុយ ម្ដងៗយើងក៏តែងតែមានចិត្ត​ទូលាយ មិនដែលឆ្លើយថា «ទេ» ម្ដងណាឡើយ តែដល់ពេលត្រូវសងវិញ ពិបាកដូចសុំភ្លើងយក្ស។ មានពេលខ្លះក៏គិតថា ហេតុអី​បាន​ជា​ពួកម៉ាក​នឹងគ្នា​សោះ បែរជា​មាន​ចរិតពិបាក​មិនស្មើនឹងអ្នកដទៃ អត់យល់ដល់អារម្មណ៍គេវិញសោះ។

៣. ចិត្តល្អក្រខ្លួន៖ មានលុយឲ្យគេខ្ចីមិនមែនបានន័យថា មកពីយើងជាមនុស្សសំបូរលុយច្រើននោះទេ ប៉ុន្តែមកពីយើងជាមនុស្ស​ដែល​មាន​មនោ​សញ្ចេតនា​នៃការ​រាប់អាន ស្មោះស្ម័គ្រ អស់ពីពោះ គ្មានលាក់លៀមពុតត្បុតអ្វីឡើយ តែបុគ្គលមួយចំនួនជំពាក់​លុយ​ស្វិត​បំផុត ខ្ចីមិន​ដែលទុំ ពេលទារ​ម្ដងៗ​មានលេស​រហូត។ ពេលខ្លះយើងខ្លួនឯងមិនហ៊ានទៅទារលុយពីគេផង ព្រោះខ្លាចគេ​ខ្មាស​យើង ព្រោះតែ​ចង់​ឲ្យ​គេ​ដឹងដោយខ្លួន សុខចិត្តអត់លុយចាយខ្លួនឯងក៏មាន។ ពេលខ្លះចិត្តល្អរបស់យើង​មិនបានតប​មក​យើង​វិញ​ដោយ​រឿង​ល្អទេ តែ​បែរ​​ជា​​ទទួល​បាន​តែពាក្យមួយឃ្លាថា «ចិត្តល្អក្រខ្លួន» តែប៉ុណ្ណោះ។

៤. ឲ្យខ្ចីរាប់ភ្លេច តែប្រែជាអាក្រក់មួយភ្លែត ពេលខ្ចីម្ដងមិនបាន៖ ធ្លាប់ជួបទេ? មនុស្សមួយចំនួននៅពេលយើងមានលុយឲ្យខ្ចី យើង​នឹង​ក្លាយជា​មនុស្ស​ល្អ​ដែលគេ​ចង់រាប់អានបំផុត ស្រាប់តែថ្ងៃមួយដែលយើងអត់លុយឲ្យគេខ្ចី យើងក៏ក្លាយជាមនុស្ស​អាក្រក់​ភ្លាម។

៥. មិត្តភាពអាចប្រេះឆា ដោយសារតែលុយ៖ មិត្តភាពមិនអាចយកលុយមកទិញបានទេ លុយអាចរកបានដោយពិបាក តែ​មិត្ត​ភាព​ក៏រឹតតែពិបាកក្នុងការកសាង កាលណាមិត្តអ្នកឲ្យតម្លៃលុយធំជាងមិត្តភាព នោះគេនឹងរាប់អានយើងព្រោះតែសំឡេងឃើញ​ប្រយោជន៍ ឬគ្រាន់តែ​អាចពឹងពាក់ខ្ចីលុយយើងចាយនៅពេលគេទ័លប៉ុណ្ណោះ។

អ្នកគួរតែពិចារណាឲ្យបានច្រើនបំផុតចំពោះបញ្ហាលុយកាក់ជាមួយពួកម៉ាក ហើយត្រូវតែមានការយោគយល់គ្នាទៅវិញទៅមក កាល​ណា​គេ​ស្រួល​ជាមួយអ្នក ឲ្យលុយ​អ្នកខ្ចី​នៅពេលត្រូវការចាំបាច់ អ្នកក៏គួរតែកុំធ្វើឲ្យគេពិបាកដូចគ្នា ព្រោះការពិត​គេក៏​មិនមាន​លុយ​ច្រើន​ដែរ ពេលខ្លះ​ក៏បេះ​ពីមាត់ពីក ឲ្យទៅអ្នក​ព្រោះតែ​គេយល់ថា​អ្នកជាពួកម៉ាក ជាមនុស្សដែលគេទុកចិត្ត៕