ផ្នត់គំនិតឲ្យតម្លៃលើ សម្ភារនិយម ជាកត្តាជំរុញឲ្យយុវជនខ្មែរមួយចំនួន ចំណាយលុយហួសមាឌ?

49

យុវជនខ្មែរមួយចំនួន រកប្រាក់ចំណូលបានតិចតួច តែបែរជាប្រឹងចាយលុយហួសមាឌ រហូតឈានដល់ជំពាក់គេ។ ពួកគេបានចំណាយលុយរបស់ខ្លួនទៅលើសរបស់មួយចំនួនដែលមិនផ្ដល់ជាប្រាក់ចំណូលមកវិញឡើយ​ ដូចជាចំណាយលើការទិញស្មាតហ្វូនថ្លៃ ម៉ូតូ និង ឡានជាដើម។

មនុស្សមួយចំនួន អាចគិតថាដោយសារ តែសង្គមឲ្យតម្លៃលើសម្ភារនិយម ទើបយុវជនមួយចំនួនដែលមានចំណូលទាបបានចំណាយលុយលើសពីចំណូលដែលខ្លួនរកបាន ដើម្បីទិញសម្ភារនិយម ដូច ទូរស័ព្ទដៃទំនើបថ្លៃ ម៉ូត ឬឡានទំនើប ដើម្បីកុំឲ្យមិត្តភក្តិឬ អ្នកដទៃមើលមកថាគ្មានរបស់ឡូយឆាយកាន់នឹងគេ។ តាមពិតទៅមិនមែន សង្គមឲ្យតម្លៃ លើសម្ភារនិយមទេ តែផ្នត់គំនិតរបស់ប្រជាជនខ្មែរមួយចំនួនទៅវិញទេ​ដែលឲ្យតម្លៃទៅសម្ភារនិយមនោះ។

ដោយសារតែផ្នត់គំនិតមនុស្សមួយចំនួនឲ្យតម្លៃលើសម្ភារនិយមនេះ ហើយទើបយុវជនខ្លះ​ដែលមានចំណូលទាប​ បានចាយលុយហួសមាឌ ទិញសម្ភារថ្លៃៗដើម្បីឲ្យគេឃើញថាខ្លួន មានរបស់ brand brand ប្រើហើយមើលទៅគឺប្រៀបដូចជាអ្នកដែលមានលុយចាយច្រើន។ ជាក់ស្ដែង យុវជនខ្លះ ប្រាក់ខែត្រឹម១៥០ឬ ២០០ដុល្លារ តែហ៊ានទិញស្មាតហ្វូន ដែលមានតម្លៃ រហូត ៧០០ ឬ ៨០០ដុល្លារ ដោយទិញតាមរយៈបង់រំលស់ប្រចាំខែ។

ការទិញរបស់ដែលមិនផ្ដល់ជាប្រាក់ចំណូលមកវិញ តាមរយៈបង់រំសល់មិនមែនជារឿងល្អប៉ុន្មាននោះទេ តែផ្ទុយទៅវិញបង្ហាញថាអ្នកកំពុងតែចាយលុយលើសពីលទ្ធភាពដែលខ្លួនរកបាន ហើយការចំណាយទៅលើរបស់ទាំងនោះ បើអ្នកមិនចេះកែច្នៃឲ្យរកចំណូលទេ វានឹងក្លាយជាបំណុលជាមិនខាន។

ជាការល្អ យុវជនគួរកាត់បន្ថយគំនិតសម្ភារនិយមចេញខ្លះ ព្រោះបើនៅបៀមជាប់គំនិតនេះ ពួកគេមិនងាយមានលុយជាប់នឹងខ្លួនជាដុំកំភួនឡើយ ពោលគឺពេលបានលុយរវល់តែយកទៅចំណាយលើសម្ភារនិយមទាំងនោះ។ ឧទាហរន៍ថា ឆ្នាំមុនពួកគេបានទិញ iPhone X តែពេលឆ្នាំនេះ Apple ចេញ iPhone ជំនាន់ថ្មី ក៏លក់ទូរស័ព្ទនិងថែមលុយសម្រាប់ទិញ ស្មាតហ្វូនជំនាន់ថ្មី។ យុវជនដែលចំណាយលុយភាគច្រើនលើសម្ភារនិយម គឺមិនងាយលុយទេ ព្រោះការចំណាយលើរបស់ទាំងនោះ​ មិនផ្ដល់ប្រាក់ចំណូលមកវិញឡើយ តែផ្ទុយទៅវិញវាអាចផ្ដល់ជាបំណុលមកឲ្យពួកគេវិញ។

ទាក់ទនងនឹងចំណុចនេះ លោក កុក ថា ប្រធានក្រុមសន្សំប្រាក់មិត្តជួយមិត្ត បានឲ្យដឹងថា ជាជាង ចំណាយលុយទៅលើសម្ភារនិយម យុវជនកម្ពុជា គួរយកចិត្តទុកដាក់លើការសន្សំហើយសន្សំតែមួយមុខមិនគ្រប់គ្រាន់ឡើយ ពោលគឺសន្សំហើយវិនិយោគទើបអ្នកអាចរកផ្លូវឆ្ពោះទៅកាន់សេរីភាពហិរញ្ញវត្ថុ៕

ប្រភព business cambodia