សមត្ថកិច្ចចេញប្រតិបត្តិការលើគោកផង ក្នុងទឹកផង លើអាកាសទៀត ដើម្បស្វែងរកជនបរទេស ដែលបាត់ខ្លួននៅកោះរ៉ុងឲ្យឃើញ

94

ក្រុងព្រះសីហនុ៖ ប្រតិបត្តិការតាមស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួនស្ថិតនៅកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកោះរ៉ុង សង្កាត់ទាំងពីរ ជាមួយក្រុមជនបរទេស ម្ចាស់ទូកដឹកភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់ក៏បានចូលរួមសហការស្វែងរកផងដែរ។

ចំពោះមុខនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយកំលាំងគ្រប់ផ្នែកតាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានានៅលើកោះរ៉ុង និងកន្លែងដែលនារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកអោយអស់លទ្ធភាព។

សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មានឈ្មោះ AMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥:០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦:០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។ មុនបាត់ខ្លួន គេបានប្រទះឃើញនារីនោះលើកចុងក្រោយនៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង(Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។ ក្នុងសមត្ថកិច្ចមូលដ្ឋានបានរកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាងនៅលើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀងនោះផងដែរ។

ករណីនេះ អាជ្ញាធរក្រុងកោះរ៉ុង បានព្យាយាមស្វែងរកនារីរងគ្រោះក្រោយទទួលដំណឹងភ្លាមៗពីការបាត់ខ្លួននេះ។ គិតត្រឹមម៉ោង១៤:៣០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះកំលាំងកំពុងបន្តរុករកបន្ថែមទៀត៕