អ្នកល្អពេកហើយ!! ឃើញភ្ញៀវទេសចរមកលេងខ្មែរធ្លាក់ចុះពេក ជប៉ុនជួយធ្វើជើងហោះផ្ទាល់ ជប៉ុន-កម្ពុជា និងសន្យាជួយផ្សព្វផ្សាយឱ្យភ្ញៀវមកលេង អោយបានច្រើន

12368

ជប៉ុនសន្យាជួយជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងជំរុញការហោះហើរត្រង់ពីជប៉ុនមកកម្ពុជាបន្ថែម​ទៀត ដោយបច្ចុប្បន្នទើបតែមានការហោះហើរប្រចាំថ្ងៃរវាងរាជធានីភ្នំពេញ និងទីក្រុងតូក្យូប៉ុណ្ណោះ។ លោក Hiromi Tagawa ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents- JATA) បានលើកឡើងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងឱកាសពិព័រណ៍ទេសចរណ៍ពិភពលោកជប៉ុន (JATA Travel Showcase 2019) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

នាឱកាសនោះផងដែរទន្ទឹមនឹងការអបអរសាទរអំពីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ លោកប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន ដែលជាភ្នាក់ងារតែមួយគត់ និងជាសេនាធិការឲ្យរដ្ឋាភិបាលជប៉ុន ក្នុងការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចុះគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ និងបានរៀបចំធ្វើផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ នៅសៀមរាបអង្គរ។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ថោង ខុន បានស្នើឲ្យភាគីជប៉ុនជួយជំរុញការវិនិយោគលើវិស័យទេសចរណ៍ធម្មជាតិ និងសហគមន៍ផងដែរ ហើយភាគីជប៉ុនក៏បានកោតសរសើរដល់កម្ពុជា ដែលជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិនេះ ដោយទេសចរណ៍ប្រភេទនេះមិនត្រឹមតែជួយការពារធនធានធម្មជាតិ និងវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាតិថែមទៀត ដែលប្រទេសជប៉ុនកំពុងតែយកចិត្តទុកដាក់ខ្លាំង។ គួរបញ្ជាក់ផងដែរថាក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០១៩ នេះកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនសរុប ១៤ ម៉ឺននាក់ ហើយភ្ញៀវទេសចរជប៉ុននៅតែជាភ្ញៀវទេសចរដែលមានកំណើនសម្រាប់តំបន់ខេត្តសៀមរាប៕