(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាស ជម្រាបដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ សូមអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងរយៈពេល ៤ថ្ងៃ គឺនៅថ្ងៃទី១០-១១-១២ និងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជំនួសឲ្យថ្ងៃទី១០ ដែលត្រូវចំថ្ងៃអាទិត្យ។
សេចក្តីប្រកាស បានបញ្ជាក់ថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន ក្នុងឱកាសឈប់សម្រាកបុណ្យនេះ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឲ្យបងប្អូនកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្តូរគ្នា។ កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលនៃថ្ងៃធ្វើការធម្មតា។
សូមរម្លឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំនេះ នឹងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ៕