នៅមុននេះបន្តិច ឪពុករបស់និស្សិតអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង បានបង្ហាញវីដេអូចុងក្រោយ ថតបានតាមកាមេរ៉ាសុវត្ថិភាព CCTV មុនពេលដែលនាងបានបាត់ខ្លួន។ នៅក្នុងវីដេអូ គេឃើញនាងរាំច្រៀងសប្បាយដោយគ្មានបញ្ហាអ្វីគួរឱ្យចាប់អារម្មណ៍ឡើយ ហើយក៏ដើរចេញទៅក្រៅជាធម្មតា ប៉ុន្តែមិនទាន់ដល់គោលដៅស្រាប់តែបាត់ខ្លួនតែម្ដង ។
លោក Phil Bambridge ជាឪពុករបស់នារីរងគ្រោះ ហើយទើបធ្វើដំណើរមកដល់កម្ពុជា ដើម្បីចូលរួមក្នុងប្រតិបត្តិការរុករក បានបង្ហាញជំនឿចិត្តថា កូនស្រីមិនមែននៅក្នុងទឹកសមុទ្រដូចមតិជាច្រើនលើកឡើងនោះទេ។ លោកគិតថា កូនស្រីនៅមានជីវិត ហើយត្រូវបានគេចាប់ជំរិតយកទៅក្នុងព្រៃ ក្នុងគោលបំណងណាមួយ ។
ឪពុកនិស្សិតបាត់ខ្លួន បាននិយាយទៀតថា បើកូនស្រីពិតជាជួបគ្រោះថ្នាក់មែននោះ គេនឹងរកឃើញនាងមិនខាន ព្រោះកម្លាំងមានសមត្ថកិច្ចខិតខំរុករកស្ទើរគ្រប់កន្លែងទៅហើយ ជាពិសេសដែនទឹកនៅតំបន់នោះ។ ការយល់ឃើញរបស់ឪពុក ផ្ទុយពីចៅសង្កាត់កោះរ៉ុង ដែលថានាងលង់ទឹក ព្រោះឃើញកាបូបរបស់នាង នៅលើថ្មជិតនោះ ។
ពេលនេះ មានអ្នកស្ម័គ្រចិត្ត និងកងកម្លាំងរាប់រយនាក់ កំពុងស្វះស្វែងតាមរកនិស្សិតស្រីដែលបាត់ខ្លួន ប៉ុន្តែមិនឃើញមនុស្ស គឺឃើញតែកាបូបមួយប៉ុណ្ណោះ។ ក្រោយពេលប្រទះឃើញកាបូបនោះ ប៉ូលិសបានបើកបង្ហាញ ហើយនៅក្នុងកាបូបមាន កាបូបដាក់លុយ ទូរសព្ទ ខ្សែសាក កាស កាតធនាគារ នាឡិកា ដែកកេះ ប៊ិច ស៊ីមកាតទេសចរ និងបន្តោងសោ ជាដើម។ និយាយរួម គឺសម្ភារៈហាក់ដូចជាមិនមានការបាត់ឡើយ ប៉ុន្តែចម្លែកតែមនុស្ស មិនដឹងថាជួបបញ្ហាអ្វី។
គួរបញ្ជាក់ដែរថា នៅថ្ងៃបាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៤ ខែតុលា និស្សិតស្រីបានដើរទៅចូលរួមកម្មវិធីជប់លាងមួយ ដែលត្រូវចំណាយពេលប្រមាណ ៤០នាទី។ ពេលម៉ោង៣ ទាបភ្លឺ នាងក៏បានដើរម្នាក់ឯង មកកន្លែងស្នាក់នៅវិញ ប៉ុន្តែក៏បាត់ដំណឹងសូន្យឈឹងរហូត។
ទស្សនាវីដេអូ៖