កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០០៤ ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០១៩ គឺជាខួបលើកទី ១៥ឆ្នាំ នៃការឡើងគ្រង រាជសម្បត្តិ នៃព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ នៅក្នុងឱកាសនេះ មន្ត្រីរាជការ បុគ្គលិកតាមស្ថានប័នឯកជន និងសិស្សសាលា ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ១ថ្ងៃ ដើម្បីអបអរខួបនៃព្រះរាជាភិសេករបស់ព្រះមហាក្សត្រ។
កាលពី១៥ ឆ្នាំមុន ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០០៤ ព្រះអង្គបានឡើងគ្រងរាជ្យជំនួសព្រះបិតារបស់ទ្រង់ គឺព្រះបរមរតនកោដ្ឋ ក្រោយពីក្រុមប្រឹក្សារាជបល្ល័ង្គ បោះឆ្នោតជ្រើសរើសព្រះអង្គ ដោយសំឡេងឯកច្ឆ័ន្ទ ៩ លើ ៩ សំឡេង។ ព្រះមហាក្សត្រ ទ្រង់ប្រសូត្រនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៩៥៣។ បន្ទាប់ពីព្រះបិតាទ្រង់ សម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ដាក់រាជ្យសម្បត្តិ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្ស័ត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តរាជ្យពីព្រះបិតា។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។
ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ប្រែសេចក្ដីថា៖ “អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ។” ព្រះនាមរបស់ព្រះអង្គ គឺបានមកពីការផ្សំគ្នារវាង ព្រះនាមរបស់ព្រះមាតាបិតាព្រះអង្គគឺ សីហ (សីហនុ) និង មុនី (មុនីនាថ)៕ រូបភាព៖ AKP
ប្រភព khmernote