សូមប្រុងប្រយ័ត្ន! ព្យុះត្រូពិក Matmo កំពុងធ្វើដំណើរមកកៀកនឹងប្រទេសវៀតណាម ហើយនឹងវាយប្រហារឆ្លងដល់កម្ពុជានៅដើមខែក្រោយនេះ

ព្យុះត្រូពិក Matmo ជាព្យុះទី៥ ដែលវាយប្រហារប្រទេសវៀតណាមនៅឆ្នាំនេះ ហើយវាកំពុងមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៦០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងត្បូង រវាងខេត្ត Binh Dinh និងខេត្ត Khanh Hoa នៅម៉ោង ៧ ព្រឹកថ្ងៃពុធ នេះបើយោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមវៀតណាម។ ល្បឿនខ្យល់ជាមធ្យមគឺនៅ ៧៥-៩០គីឡូម៉ែត្រ/ម៉ោង និងមានកម្លាំងសន្ទុះឡើងដល់ ១១៥គីឡូម៉ែត្រ/ម៉ោង។ ព្យុះនេះបណ្តាលមកពីសម្ពាធទាបនៅសមុទ្រចិនខាងត្បូង ហើយត្រូវបានរំពឹងថានឹងបក់បោកមកកម្ពុជានៅថ្ងៃទី០១ ខែវិច្ឆិកា ដើមខែនេះហើយ។

ក្រោមឥទ្ធិពលនៃព្យុះនេះសមុទ្រនឹងមានរលកធំៗកើតឡើង នៅតាមតំបន់ភាគខាងជើង និងភាគកណ្តាលនៃសមុទ្រវៀតណាមខាងកើត ក៏ដូចជានៅតាមបណ្តោយឆ្នេរពីខេត្ត Quang Tri ភាគខាងជើងដល់ខេត្ត Ninh Thuan ភាគខាងត្បូង។ ហើយបើមើលតាមរូបភាពវាបង្ហាញថា តំបន់ភាគឦសាន្ដរបស់ប្រទេសកម្ពុជានឹងរងផលប៉ះពាល់។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំចេញដំណើរតាមទូក ឬចុះនេសាទតាមទូក ព្រោះបើតាម Khmer Times បាននិយាយថា សម្ពាធនេះអាចនឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងមួយសប្ដាហ៍៕