(មានវីដេអូ) ខ្មែរស្រឡាញ់ខ្មែរ! ប្រជាពលរដ្ឋខេត្តបាត់ដំបង បង្ហាញការគាំទ្រកងកម្លាំង ដែលចេញប្រតិបត្តិការត្រៀមដើម្បី…

52

(បាត់ដំបង)៖ ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង បានបង្ហាញការពេញចិត្ត និងគាំទ្រយ៉ាងមុតមាំ ចំពោះប្រតិបត្តិការរបស់កងកម្លាំង ដែលបានចេញហ្វឹកហាត់ត្រៀមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាប្រជាពលរដ្ឋ ជាពិសេសកម្ចាត់ក្រុមជនក្បត់ជាតិដឹកនាំដោយ សម រង្ស៉ី ប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងបង្កចលាចលនៅក្នុងប្រទេស។

ទឹកចិត្តស្រឡាញ់ និងការគាំទ្រផុសចេញពីបេះដូងរបស់ប្រជាពលរដ្ឋខេត្តបាត់ដំបងចំពោះប្រតិបត្តិការរបស់កងកម្លាំងនេះ បានស្តែងឱ្យឃើញនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នៅក្នុងខេត្តបាត់ដំបងនាព្រឹកថ្ងៃនេះ កងកម្លាំងទាំង៣ប្រភេទរួមមានកងទ័ព កងរាជអាវុធហត្ថ និងនគរបាល ប្រមាណជា ៥១០នាក់ បានចល័តកម្លាំងពីតាមទីបញ្ជាការដ្ឋានទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីហ្វឹកហ្វឺនរួមគ្នាបង្កើនសមត្ថភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសត្រៀមទប់ស្កាត់ជាមួយក្រុមជនក្បត់ជាតិ សម រង្ស៉ី។

នៅក្នុងពេលកំពុងចល័តកម្លាំងទៅកាន់គោលដៅហ្វឹកហ្វឺននោះ គេបានឃើញប្រជាពលរដ្ឋចាស់ក្មេងជាច្រើននាក់ នៅក្នុងទីរួមខេត្តបាត់ដំបង បាននាំគ្នាចេញមកតាមដងផ្លូវ ដោយបាននាំយកមកជាមួយស្បៀងអាហារមានទឹកសុទ្ធ មី និងត្រីខកំប៉ុងជាដើមជូនទៅកងកម្លាំងកំពុងចល័តនោះ។

រូបភាពបែបនេះវាបានរសាត់បាត់ទៅពីដែនដីកម្ពុជាច្រើនឆ្នាំមកហើយក្រោយពេលសង្គមកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមរយៈពេលប្រមាណជា២០ឆ្នាំមកនេះ។ រូបភាពបែបនេះ គេធ្លាប់បានឃើញផងដែរ ក្នុងអំឡុងពេលផ្ទុះអាវុធជាមួយថៃនៅតំបន់ប្រាសាទព្រះវិហារនាឆ្នាំ២០០៨។

កាយវិការទាំងនេះ បង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងមុតរបស់ប្រជាពលរដ្ឋដែលគេហៅថាសមរភូមិក្រោយ ដើម្បីគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កងទ័ព ដែលចេញទៅច្បាំងការពារជាតិ ការពារទឹកដីពីខ្មាំងសត្រូវ។ រូបភាពព្រឹកមិញបានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ហើយក៏ជាការស្តែងឱ្យឃើញពីទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលស្រឡាញ់ និងត្រូវការសុខសន្តិភាព និងស្ថេរភាពសង្គមកម្ពុជា ដែលមានក្នុងរយៈពេលប្រមាណជា ២០ឆ្នាំកន្លងមកនេះ។

តាមរយៈការសាកសួររបស់ Fresh News ប្រជាពលរដ្ឋបានបញ្ជាក់ថា សកម្មភាពនេះ គឺគាត់ចង់បញ្ជាក់ពីការគាំទ្ររបស់ពួកគាត់ចំពោះកងកម្លាំងដែលបានចេញប្រតិបត្តិការ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសន្តិភាពនៅក្នុងសង្គមកម្ពុជា ដែលប៉ុនប៉ងយាយីពីក្រុមក្បត់ជាតិ។

ពួកគាត់បន្ថែមទៀតថា រូបភាពទាំងនេះ ក៏ចង់បង្ហាញទៅក្រុមជនក្បត់ជាតិដែរថា ប្រជាពលរដ្ឋដែលកំពុងរស់នៅយ៉ាងសុខសប្បាយក្រោមម្លប់សន្តិភាព មិនត្រូវការឡើយភាពចលាចលក្នុងសង្គម ដែលប៉ុនប៉ងធ្វើឡើងដោយក្រុមក្បត់ជាតិ សម រង្ស៉ី គឺប្រឆាំងជាដាច់ខាត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃនេះមិនត្រឹមតែខេត្តបាត់ដំបង ដែលបានចល័តកម្លាំង ដើម្បីហ្វឹកហ្វឺនកម្លាំងបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នោះ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែនថៃដូចគ្នានោះ កងកម្លាំងទាំង៣ប្រភេទ បានជួបជុំគ្នាហ្វឹកហ្វឺនកម្លាំងបែបនេះផងដែរ។

ការហ្វឹកហ្វឺនមានគោលដៅធំបំផុតគឺទប់ទល់ជាមួយក្រុមជនក្បត់ជាតិ សម រង្ស៉ី ដែលគ្រោងយកច្រកព្រំដែនកម្ពុជា-ថៃ ចូលមកកម្ពុជា ដើម្បីបង្កភាពចលាចល និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាកើតចេញពីការបោះឆ្នោត៕