អ្នកល្អពេកហើយ!! ជប៉ុនផ្ដល់ប្រាក់ជិត ៣០ លានដុលា្លរឲ្យកម្ពុជា ដើម្បីចម្រោះទឹកស្អុយនៅភ្នំពេញមុនបង្ហូរចូលទន្លេ

15

នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង លោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ (The Project for Sewerage System Development in Phnom Penh) ដែលមានទឹកប្រាក់ចំនួន ២ ៧៧៧ លានយ៉េន (ប្រមាណជា ២៧ លានដុល្លារអាមេរិក)ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង។

​គម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ មានទិសដៅចម្រោះទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយ​កន្លែងនៅបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងបំពង់បង្ហូរទឹកកខ្វក់ដែលមានប្រវែង ២ ០០០ ម៉ែត្រ មុខកាត់ ៥០០ ម.ម ភ្ជាប់ពីស្ថានីយ៍បូមទឹក​កខ្វក់បឹងត្របែក។

​រោងចក្រប្រព្រឹត្តកម្មនេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការសាងសង់នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ២០២០ ដែលមានរយៈពេល ប្រមាណ ៣២ខែ។ បន្ថែមពីលើការសាងសង់ គម្រោងក៏នឹងផ្តល់ជំនួយបច្ចេកទេសសម្រាប់ ពង្រឹងសមត្ថភាពមន្ត្រីលើប្រតិបត្តិការនិងថែទាំរោងចក្រ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ​ផងដែរ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនេះ ជគម្រោងបំពេញបន្ថែមឲ្យគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី១ ទី២ ទី៣ ទី៤ ដែលត្រូវបានសាងសង់ដោយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនផងដែរ។

សូមជម្រាបថា ហិរញ្ញប្បទានកិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ពីប្រទេសជប៉ុន និងប្រជាជនជប៉ុន ចាប់តាំងពីដំណើរការមករហូតមកដល់ពេលបច្ចុប្បន្ន មានចំនួនសរុបប្រមាណជាង​៥ ០០០លានដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានឥតសំណងប្រមាណជាង ៣ ៥០០ លានដុល្លារអាមេរិក៕