បើជាការពិតតើឲ្យពលរដ្ឋសង្ឃឹមលើអ្វីទៅ?​ ជនជាតិ​អាមេរិក​ ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ថា​ចៅក្រម​ខ្មែរ​ពុករលួយ​ជា​ប្រព័ន្ធ

16

ជនជាតិ​អាមេរិក​ម្នាក់​ បាន​ដាក់ពាក្យ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU​) ដោយ​ចោទប្រកាន់​ ថា​មន្រ្តី​តុលាការ​ខ្មែរ​គ្រប់​ជាន់ថ្នាក់​ ចូលដៃ​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​។ មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ ថា​នេះ​ជា​ពេលវេលា​ ដែល​សាធារណជន​ទូទៅ​ អាច​តាមដាន​ និង​សម្គាល់ថា​តើ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ អាច​ដោះ​ស្រាយ​បណ្តឹង​ដ៏​រសើប​នេះ​ បាន​ដោយ​ប្រសិទ្ធភាព​ ឬ យ៉ាងណា​។

មួយឆ្នាំ​ ក្រោយពី​បង្ខំចិត្ត​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ជា​មួ​យកូនៗ​ដោយ​សុវត្ថិភាព​ ជនជាតិ​អាមេរិក​ដែល​មាន​ភរិយា​ជាខ្មែរ​ លោក​ ចេ​រ៉ល​ ឃែ​ណិន​ (Gerald​ Cannon​) បាន​ដាក់ពាក្យ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU​) កាលពី​ខែ​ សីហា​ កន្លងទៅ​ ដោយ​ចោទប្រកាន់​មន្រ្តី​តុលាការ​ ចាប់តាំងពី​សាលាដំបូង​ ដល់​តុលាការ​កំពូល​ អំពី​អំពើពុករលួយ​ ទាក់ទង​នឹង​ការ​ទទួល​ប្រាក់​សំណូក​ រាប់​ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​កាត់​ឲ្យ​លោក​ឈ្នះក្តី​ ករណី​ដណ្តើម​កូន​មក​គ្រប់គ្រង​ ដែល​កើតមាន​ក្នុងរយៈពេល​ ៥ ឆ្នាំ​ ចាប់ពី​ឆ្នាំ​ ២០១២​ ដល់​ឆ្នាំ​ ២០១៨​។ រឿងរ៉ាវ​ទាំងនេះ​ កើតមាន​ក្នុង​ពេល​ ដែល​លោក​ទាមទារ​សិទ្ធិ​យកកូន​ពីរ​នាក់​មក​ចិញ្ចឹម​ ក្រោយ​លែងលះ​គ្នា​ជាមួយ​ភរិយា​ជា​ស្រ្តី​ខ្មែរ​ពីរ​នាក់​។

លោក​ ចេ​រ៉ល​ ឃែ​ណិន​ អះអាង​ថា​ រាល់ពេល​ដែល​លោក​សូក​លុយ​ចៅក្រម​ គឺ​លោក​តែងតែ​ឈ្នះក្តី​ជានិច្ច​ ហើយ​រាល់ពេល​ដែល​លោក​ មិនព្រម​សូក​លុយ​ គឺ​លោក​តែងតែ​ចាញ់ក្តី​។

ក្នុង​បណ្តឹ​ងនោះ​ លោក​ ​; ចេ​រ៉ល​ ឃែ​ណិន​ រៀបរាប់​អំពី​មន្រ្តី​តុលាការ​ មាន​ទាំង​មេធាវី​ ​;ក្រឡាបញ្ជី​ ព្រះរាជអាជ្ញា​ និង​ចៅក្រម​ នៅ​គ្រប់​ស្ថាប័ន​តុលាការ​ ដែល​បង្កើត​មុខរបរ​សូកប៉ាន់​នេះ​ ជា​លក្ខណៈ​គ្រួសារ​ និង​ ជា​ប្រព័ន្ធ​។

លោក​លើកយក​ករណី​គ្រួសារ​ចៅក្រម​តុលាការ​កំពូល​លោក​ ឃឹម​ ប៉ុ​ណ្ណ​ និង​ កូនស្រី​គឺ​លោកស្រី​ ប៉ុ​ណ្ណ​ សំខាន់​ ដែល​ពេលនោះ​ពាក់​ផ្កាយ​ ៣ (ឧត្តមសេនីយ៍ឯក​) សព្វថ្ងៃ​ជា​អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការ​ដ្ឋាន​គណ​:កម្ម្មា​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ មក​រៀបរាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជា​លក្ខណៈ​គ្រួសារ​នេះ​។

លោក​ ចេ​រ៉ល​ អះអាង​ថា​ លោក​បាន​សូក​លុយ​ ៣០០០​ ដុល្លារ​ដោយ​ផ្ទាល់ដៃ​ ទៅ​អ្នកស្រី​ ប៉ុ​ណ្ណ​ សំខាន់​ ដើម្បីឲ្យ​ទៅ​ចៅក្រម​ ឃឹម​ ប៉ុ​ណ្ណ​ យក​ទៅ​សូក​បន្ត​ទៅ​ប្រធាន​តុលាការ​កំពូល​ គឺ​លោក​ចៅក្រម​ ឌិត​ មុន្ទី​ ដែល​ជា​អ្នក​សម្រេច​ក្តី​ក្នុង​សំណុំរឿង​នោះ​។

អាស៊ី​សេរី​ បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ ពី​លោក​ចៅក្រម​ ឃឹម​ ប៉ុ​ណ្ណ​ ប៉ុន្តែ​ មិនទាន់​បានការ​ឆ្លើយតប​នៅឡើយ​។ ប៉ុន្តែ​ អ្នកស្រី​ ប៉ុ​ណ្ណ​ សំខាន់​ អះអាង​ថា​ អ្នកស្រី​មិនបាន​ដឹងរឿង​នេះ​ទេ​ និង​ ភ្ញាក់ផ្អើល​ដែល​មានឈ្មោះ​អ្នកស្រី​នៅ​ក្នុង​បណ្តឹ​ងនោះ​។ អ្នកស្រី​ថា​មិន​ស្គាល់​លោក​ ចេ​រ៉ល​ ថា​ជា​នរណា​ថែមទៀត​ផង​ ​<​<​រឿង​អី​? រឿង​អី​គេ​? ខ្ញុំ​ដូចជា​អត់​ពាក់ព័ន្ធ​រឿង​ហ្នឹង​សោះ​ ម៉េច​មានឈ្មោះ​ខ្ញុំ​ហ្នឹង​? អត់​ស្គាល់​សោះ​ម៉ង​! គឺ​ខ្ញុំ​ជា​គ្រូពេទ្យ​ទេ​អតីតកាល​។ ខ្ញុំ​អត់​បានដឹង​រឿង​នេះ​សោះ​ ហើយ​ម៉េច​ក៏​មានឈ្មោះ​នៅក្នុង​ហ្នឹង​?>​>​។

មុននឹង​ឈ្នះក្តី​នៅ​តុលាការ​កំពូល​នេះ​ លោក​ ចេ​រ៉ល​ បាន​ចាញ់ក្តី​ពីរ​លើក​រួច​ទៅ​ហើយ​ ដោយ​ម្តង​នៅ​សាលាដំបូង​ និង​ ម្តង​ទៀត​នៅ​សាលាឧទ្ធរណ៍​ ដោយ​លោក​អះអាង​ថា​ ដោយសារ​ពេលនោះ​មក​ពី​លោក​មិនព្រម​សូក​លុយ​ ទៅតាម​ការ​ទាមទារ​របស់​ចៅក្រម​នៅ​តុលាការ​ទាំងពីរ​នោះ​។

ករណី​ចោទប្រកាន់​នៃ​អំពើពុករលួយ​នេះ​ ដំបូង​កើតឡើង​ក្នុង​ខែ​ មីនា​ ឆ្នាំ​ ២០១២​ ក្នុង​សំណុំរឿង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក​ ​; ចេ​រ៉ល​ អះអាង​ថា​ចៅក្រម​សាលាដំបូង​លោក​ លាង​ សំណាត់​ បាន​ជួប​ស្ងាត់​ៗ ជាឯក​ជន​ជាមួយ​មេធាវី​លោក​ គឺ​លោក​ នុត​ ទី​តូ​ នៅ​ការិយាល័យ​របស់​ចៅក្រម​រូប​នោះ​ ដោយ​ទារប្រាក់​ ១០​,០០០​ (មួយ​ម៉ឺន​) ដុល្លារ​អាមេរិក​ បើ​ចង់​ឈ្នះក្តី​។ លោក​ ​; ចេ​រ៉ល​ មិនព្រម​សូក​ចៅក្រម​រូប​នោះ​។ ជា​លទ្ធផល​លោក​ចាញ់ក្ដី​ នៅ​សាលាដំបូង​។

លោក​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សេចក្តី​សម្រេច​នេះ​ ដោយ​មិន​សូក​ប្រាក់​ទៀត​។ លោក​ចាញ់ក្តី​នេះ​ទៀត​។ បន្ទាប់មក​លោក​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​។ នៅចំពោះមុខ​តុលាការ​កំពូល​ លោក​ ចេ​រ៉ល​ មិន​ជួល​មេធាវី​ទេ​ ដោយ​លោក​ការពារ​ក្តី​នេះ​ដោយខ្លួនឯង​។ ប៉ុន្តែ​ លោក​អះអាង​ថា​ ទាល់តែ​លោក​សូក​លុយ​ចៅក្រម​តុលាការ​កំពូល​ ទើប​លោក​ឈ្នះក្តី​។

អាស៊ី​សេរី​ បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ ពី​លោក​ចៅ​ លាង​ សំណាត់​ ប៉ុន្តែ​ មិនទាន់​បានការ​ឆ្លើយតប​នៅឡើយ​ដែរ​។ ចំណែក​ឯលោក​មេធាវី​ នុត​ ទី​តូ​ ប្រាប់​អាស៊ី​សេរី​ ថា​លោក​មិន​ចាំ​រឿង​នេះ​ទេ​ ព្រោះ​វា​យូរ​ពេក​ <​<​ខ្ញុំ​ដូចជា​ចង់​ភ្លេច​ហើយ​បង​ អធ្យាស្រ័យ​! ដោយសារ​វា​យូរ​ពេក​! ម្យ៉ាង​ខ្ញុំ​ឈប់​ការពារ​ក្តី​គាត់​ហ្នឹង​ យូរឆ្នាំ​ទៅ​ហើយ​!>​>​។

ករណី​អំពើពុករលួយ​ទីពីរ​ គឺ​ពាក់ព័ន្ធ​នឹង​គ្រួសារ​ចៅក្រម​មួយ​រូប​ទៀត​ ដែល​ទើបតែ​ចូល​និវត្ត​ន៍​ថ្មី​ៗនេះ​ គឺ​ចៅក្រម​សាលាឧទ្ធរណ៍​លោក​ ងួន​ អ៊ីម។ ក្នុង​គ្រួសារ​លោក​ ងួន​ អ៊ី​ម លោក​ ចេ​រ៉ល​ លើក​អំ​ពី​កូន​ៗ ពីរ​នាក់​របស់​ចៅក្រម​រូប​នេះ​ រួមមាន​លោក​ តេង​ សា​ម៉ៃ​ ដែល​ជា​ព្រះរាជអាជ្ញា​រង​ និង​ លោក​ តេង​ បូរ៉ា​ ដែល​ជា​មេធាវី​ និង​លោកស្រី​ តេង​ រី​ណា​ ជា​ក្មួយស្រី​លោក​ ងួន​ អ៊ី​ម ដែល​លោក​ចោទ​ថា​ សុទ្ធតែ​ចូលដៃ​ក្នុង​អំពើពុករលួយ​នេះ​ទាំងអស់​។

លោក​លើកយក​ករណី​មួយ​ ក្នុង​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៦​ ដែល​លោក​ថា​ លោក​បាន​ប្រគល់​លុយ​ទៅ​លោក​ចៅក្រម​ ងួន​ អ៊ី​ម និង​ លោក​ តេង​ សា​ម៉ៃ​ ចំនួន​ ៥,០០០​ (ប្រាំ​ពាន់​)ដុល្លារ​ ដើម្បី​សូក​ចៅក្រម​ សេង​ លាង​ ដើម្បី​ឈ្នះក្តី​ ចំនួន​បី​ករណី​នៅ​សាលាដំបូង​ ពាក់ព័ន្ធ​នឹង​ករណី​ទាមទារ​សិទ្ធិ​គ្រប់គ្រង​កូន​ដែរ​។

ពីរ​ខែក្រោយ​មក​ លោក​ថា​ លោក​បាន​ប្រគល់​លុយ​ទៅ​លោក​ចៅក្រម​ ងួន​ អ៊ី​ម ចំនួន​ ៥,០០០​ (ប្រាំ​ពាន់​)ដុល្លារ​ទៀត​ ដើម្បី​សូក​ចៅក្រម​សាលាឧទ្ធរណ៍​អ្នកស្រី​ គឹម​ ដា​នី​ ដើម្បី​ឈ្នះក្តី​មួយ​ករណី​ នៅ​សាលាឧទ្ធរណ៍​កាលពី​ខែ​ មេសា​ ឆ្នាំ​ ២០១៦​។​

ប្រាំពីរ​ខែក្រោយ​មក​ទៀត​ លោក​ថា​ លោក​បាន​ប្រគល់​ប្រាក់​ ៥,០០០​ (ប្រាំ​ពាន់​)ដុល្លារ​ទៀត​ ទៅ​លោក​ តេង​ បូរ៉ា​ ដែល​ជា​មេធាវី​របស់​លោក​នៅពេល​នោះ​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ឈ្នះក្តី​មួយ​ករណី​ទៀត​ នៅ​សាលាឧទ្ធរណ៍​ ដោយមាន​លោក​ចៅក្រម​ ប៉ាក​ ច័ន្ទ​សំបូរ​ ជា​អ្នក​សម្រេច​ក្តី​។ ប៉ុន្តែ​ លោក​ ចេ​រ៉ល​ ឃែ​ណិន​ ថា​លុយ​នេះ​ ចៅក្រម​ទាំងពីរ​ស៊ីដាច់​ ហើយ​ឲ្យ​លោក​ចាញ់ក្តី​ទៅវិញ​។

លោក​ ចេ​រ៉ល​ បន្ថែម​ថា​ ប្រាក់​សំណូក​ទាំងនោះ​ ពេលខ្លះ​លោក​បាន​យក​ទៅ​ប្រគល់​ដោយ​ផ្ទាល់ដៃ​ ដល់​ផ្ទះ​លោក​ចៅក្រម​ ងួន​ អ៊ី​ម។ លោក​បញ្ជាក់​ថា​ លោក​ក៏បាន​ជួប​ផ្ទាល់​ជាមួយ​លោក​ចៅក្រម​ សេង​ លាង​ នៅ​ភោជនីយដ្ឋាន​វៀតណាម​ ឈ្មោះ​ ង៉ន​ ក្បែរ​វិមានឯករាជ្យ​ ដើម្បី​ប្រគល់​លុយ​សំណូក​នេះ​ និង​ជជែក​រឿង​ក្តី​លោក​ជាមួយ​ចៅក្រម​រូប​នេះ​ ដោយមាន​វត្តមាន​លោក​ តេង​ សា​ម៉ៃ​ផង​។

អាស៊ី​សេរី​ មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ចៅក្រម​ សេង​ លាង​ អ្នកស្រី​ គឹម​ ដា​នី​ និង​លោក​ ប៉ាក​ ច័ន្ទ​សំបូរ​ បាន​នៅឡើយ​ដែរ​។ ប៉ុន្តែ​លោក​ ងួន​ អ៊ី​ម ទទួលស្គាល់​ថា​ លោក​ពិតជា​ស្គាល់​លោក​ ចេ​រ៉ល​ ឃែ​ណិន​ ដោយសារ​ទំនាក់ទំនង​រវាង​ក្មួយស្រី​លោក​ គឺ​លោកស្រី​ តេង​ រី​ណា​ និង​ លោក​ ចេ​រ៉ល​ ឃែ​ណិ​ននេះ​ ​; ដោយ​ដំបូង​លោក​អះអាង​ថា​ លោកស្រី​ តេង​ រី​ណា​ ត្រឹម​ជា​មិត្ត​ភ័ក្តិ​របស់​លោក​ ចេ​រ៉ល​ និង​ ជា​អ្នកបកប្រែ​ប៉ុណ្ណោះ​។ ពេលនោះ​អ្នកស្រី​ តេង​ រី​ណា​ មក​ពឹង​លោក​ឲ្យ​ជួយ​រឿង​នេះ​ តែ​លោក​ថា​ មិន​អាច​ទៅរួច​ <​<​ខ្ញុំ​ក៏​អត់មាន​លូកដៃ​ច្រើន​ដែរ​ ពីព្រោះ​ដោយសារ​ថា​វា​ជា​ក្មួយ​ប៉ុណ្ណឹង​ទេ​! កាលនោះ​ ពី​រឿង​ប្តឹង​អ្វី​អ្នក​ផ្សេង​ទេ​។ ក្មួយ​ហ្នឹង​វា​គ្រាន់​ថា​ប្រាប់​ឲ្យ​ជួយ​មើល​រឿង​ហ្នឹង​ផង​ទៅ​មើល​ ព្រោះ​ជាពួក​ម៉ាក​កាលពី​ដំបូង​។ ក្មួយ​ខ្ញុំ​មក​ហ្នឹង​មក៍​ អត់មាន​ទារ​លុយ​វា​ទេ​។ ចំណែក​ឯជាមួយ​លោក​នេះ​ (លោក​ ចេ​រ៉ល​) ផ្ទាល់​ហ្នឹង​ ក៏​អត់​ដែល​មក​ជួប​ខ្ញុំ​ផ្ទាល់​នោះ​ដែរ​ ព្រោះ​បើ​ទោះ​គាត់​សុំ​មក​ជួប​ក៏​ខ្ញុំ​អត់​ឲ្យ​ជួប​ដែរ​>​>​។

លោក​ ងួន​ អ៊ី​ម អស់សំណើច​ពេល​និយាយ​ដល់​រឿង​សូក​លុយ​នោះ​។ តែ​ទោះ​យ៉ាងណា​ លោក​ថា​មិន​ខ្លាច​ប្រឈមមុខ​ច្បាប់​ ទេ​បើ​តុលាការ​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​រឿង​នេះ​ <​<​ខ្ញុំ​ដល់តែ​និយាយ​អ៊‍ីចឹង​ ចង់តែ​សើច​បន្តិច​! មិនដឹងជា​បាន​លុយ​មក​ពីណា​ មក​ដាក់ឈ្មោះ​ខ្ញុំ​ថា​ជា​អ្នកដើរ​សូក​គេ​។ ដូច្នេះ​ ខ្ញុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​នោះ​ទេ​ ពីព្រោះ​លុះត្រាតែ​ ក្នុង​ពាក្យ​បណ្តឹង​គេ​ហ្នឹង​ ចាំ​គេ​ហៅ​សួរ​ទៅ​ ខ្ញុំ​មិនដឹង​ទេ​ ព្រោះ​ខ្ញុំ​សុំ​សើច​បន្តិច​ទៅចុះ​>​>​។

ចំណែក​ឯលោក​ តេង​ សា​ម៉ៃ​ ក៏​ទទួលស្គាល់​ដែរ​ ថា​លោក​ពិតជា​បាន​ជួប​ជាមួយ​លោក​ ចេ​រ៉ល​ ឃែ​ណិន​ ដើម្បី​ជួយ​ផ្តល់​យោបល់​ផ្នែក​ច្បាប់​ ជុំវិញ​នីតិវិធី​សុំ​ការគ្រប់គ្រង​កូន​នេះ​។ លោក​ តេង​ សា​ម៉ៃ​ បន្ថែម​ថា​ លោក​ ចេ​រ៉ល​ ពិតជា​និយាយ​ពី​រឿង​សូក​លុយ​នេះ​ដែរ​ <​<​យក​លុយ​យក​អ្វី​ពី​លោក​ហ្នឹង​ អត់មាន​ទេ​ ព្រោះ​ខ្ញុំ​អត់មាន​ទៅ​ធ្វើសកម្មភាព​ដូច្នេះ​ទេ​។ ក្នុងនាម​ជា​អ្នកច្បាប់​ម្នាក់​ ខ្ញុំ​អត់​ធ្វើ​អ៊‍ីចឹង​ទេ​។ ខ្ញុំ​ឲ្យយោបល់​ផ្លូវច្បាប់​តែប៉ុណ្ណោះ​។ កាលណោះ​ គាត់​សួរ​យោបល់​ខ្ញុំ​ គាត់​និយាយ​ពី​រឿង​លុយកាក់​ហ្នឹង​ តែ​ខ្ញុំ​អត់មាន​ពាក់ព័ន្ធ​នឹង​ការ​និយាយ​ថា​ យក​ទៅ​ឲ្យ​គេ​កើត​ទេ​ ព្រោះ​ខ្ញុំ​យល់ថា​ ជនជាតិ​បរទេស​គាត់​យល់​ច្បាស់​ថា​ ស្រុក​យើង​អត់មាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដូច្នេះ​កើត​ទេ​>​>​។

ក្នុងករណី​មួយទៀត​ ក្រោយ​សាលាដំបូង​ កាត់ក្តី​ឲ្យ​លោក​ឈ្នះ​ និង​ មាន​សិទ្ធិ​គ្រប់គ្រង​កូន​ ប៉ុន្តែ​ស្រ្តីជា​ម្តាយ​ គឺ​លោកស្រី​ ហួយ​ សុធា​រ៉ា​ នៅតែ​មិនព្រម​ឲ្យ​កូន​នោះ​មក​លោក​ លោក​ ចេ​រ៉ល​ ក៏បាន​ពឹង​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ គឺ​លោក​ ស្រី​ ម៉ាក់​នី​ ឲ្យ​បង្គាប់​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​នោះ​ ដើម្បីឲ្យ​លោក​ទទួល​បានកូន​នោះ​មកវិញ​។ លោក​ ចេ​រ៉ល​ លើកឡើង​ថា​ នីតិវិធី​នោះ​ លោក​ ស្រី​ ម៉ាក់​នី​ ទាមទារ​ឲ្យ​លោក​សូក​ប្រាក់​ រាល់ពេល​ដែល​ត្រូវ​បញ្ជូន​ដីកាកោះ​ទៅ​លោកស្រី​ ហួយ​ សុធា​រ៉ា​។ លោក​បន្ថែម​ថា​ ព្រះរាជអាជ្ញា​រង​រូប​នេះ​ ទារប្រាក់​លោក​រាប់ពាន់​ដុល្លារ​ ដើម្បី​សូក​ឲ្យ​បញ្ជូន​រឿង​នេះ​ទៅ​ចៅក្រម​ស៊ើបអង្កេត​។

ប៉ុន្តែ​ លោក​មិនព្រម​សូក​ច្រើន​ដល់​ម្លឹង​ទេ​ ដោយ​សុខចិត្ត​សូក​តែ​ ៧០០​ (ប្រាំពីរ​រយ​) ដុល្លារ​ តែ​ព្រះរាជអាជ្ញា​នោះ​មិនព្រម​។ លោក​បន្ត​ថា​ មេធាវី​របស់​លោក​មួយ​រូប​ទៀត​ គឺ​លោក​ ទេព​ មុនី​ជាតិ​ ដែល​ការពារ​ក្តី​លោក​នៅពេល​នោះ​ ដឹងរឿង​នេះ​ នឹង​ថែមទាំង​ប្រាប់​លោក​ថា​ លុយ​ប៉ុណ្ណឹង​តិច​ខ្លាំង​ណាស់​ សម្រាប់​សូក​ព្រះរាជអាជ្ញា​នោះ​។ លោក​ ទេព​ មុនី​ជាតិ​ ថែមទាំង​ជួយ​ចរចា​តម្លៃ​នេះ​ទៀត​ និង​ដឹងឮ​ការ​ប្រគល់​លុយ​ដោយ​ផ្ទាល់ដៃ​ នៅក្នុង​ការិយាល័យ​ព្រះរាជអាជ្ញា​នោះ​។

អាស៊ី​សេរី​ មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ព្រះរាជអាជ្ញា​រង​គឺ​លោក​ ស្រី​ ម៉ាក់​នី​ បាន​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​មេធាវី​ ទេព​ មុនី​ជាតិ​ ទទួលស្គាល់​ថា​ បាន​ទៅ​ជួប​ព្រះរាជអាជ្ញា​រង​រូប​នោះ​មែន​ ប៉ុន្តែ​លោក​ថា​ មិនដឹង​រឿង​សូកប៉ាន់​លុយ​នេះ​ទេ​ <​<​នៅក្នុង​កន្លែង​ដែល​គាត់​ចូល​ទៅជាមួយ​ខ្ញុំ​ហ្នឹង​ ខ្ញុំ​អត់​បានឃើញ​ថា​ ព្រះរាជអាជ្ញា​រង​ហ្នឹង​ គាត់​បាន​យក​លុយ​យក​កាក់​អី​អត់ទេ​។ គាត់​អត់​បាន​ទារ​អ៊‍ីចឹង​ទេ​! ខ្ញុំ​ជា​អ្នកជូន​គាត់​ទៅទៀត​។ បើសិន​មាន​ទារ​រាប់ពាន់​ដូច្នេះ​មែន​ និង​បាន​ឲ្យ​អ៊‍ីចឹង​មែន​ ម្ល៉េះសម​ពួក​ ACU​ (អង្គភាព​ប្រឆាំង​អំពើពុករលួយ​) គេ​ចាប់​ព្រះរាជអាជ្ញា​រង​នោះ​បាត់​ទៅ​ហើយ​>​>​។

បន្ថែម​លើ​ការ​ដាក់ពាក្យ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ លោក​ ​; ចេ​រ៉ល​ ដាក់​លិខិត​សុំ​អន្តរាគមន៍​ ពី​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ អង្គ​ វង្ស​វឌ្ឍនា​ តាម​សារ​អេឡិចត្រូនិក​ ដោយ​លោក​បារម្ភ​ពី​ភាព​ខ្វះ​អ្នកតំណាង​ត្រឹមត្រូវ​ ក្នុង​នីតិ​វិ​ធី​បណ្តឹ​ងនេះ​ ព្រោះ​លោក​អះអាង​ថា​ មេធាវី​ដែល​កំពុង​ការពារ​ក្តី​លោក​ គឺ​លោក​មេធាវី​ កែវ​ វា​ន្នី​ បង្ហាញ​អំពី​ការ​ព្រួយបារម្ភ​ ក្នុង​ការ​ការពារ​ក្តី​រឿង​អំពើពុករលួយ​ ដែល​ពាក់ព័ន្ធ​នឹង​មន្រ្តី​តុលាការ​នេះ​ ដោយសារតែ​មេធាវី​រូប​នេះ​ បាន​ប្រឡងជាប់​ធ្វើជា​ចៅក្រម​។ ជាង​នេះ​ទៅទៀត​ លោក​ ចេ​រ៉ល​ បន្ថែម​ថា​ មេធាវី​ឯទៀត​នៅ​អង្គការ​សង្គម​ស៊ីវិល​ ក៏​សុទ្ធតែ​មិន​ហ៊ាន​ការពារ​ក្តី​ឲ្យ​លោក​ដែរ​ ដោយ​ខ្លាច​មានការ​សងសឹក​ណាមួយ​ បើ​ការពារ​ក្តី​ប្រឆាំង​មន្រ្តី​តុលាការ​បែបនេះ​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន​ ម៉ា​លីន​ អោយ​ដឹង​ថា​ យន្តការ​ផ្លូវការ​ក្នុង​ការ​បញ្ជូន​លិខិត​បែបនេះ​ មិន​អាច​ផ្ញើ​តាម​សារ​អេឡិចត្រូនិក​ បានទេ​។ លោក​ស្នើ​ឲ្យ​លោក​ ចេ​រ៉ល​ ដាក់​លិខិត​នោះ​ជាឯក​សារ​រឹង​។

ចំណែក​លោក​មេធាវី​ កែវ​ វ៉ា​ន្នី​ សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ជុំវិញ​រឿង​នេះ​ទេ​។ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​តាម​សារ​អេឡិចត្រូនិក​ ថា​ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ បាន​បើកសវនាការ​ កាលពី​ថ្ងៃទី​ ១០​ ខែ​ កញ្ញា​ ដោយមាន​វត្តមាន​រូបលោក​។ លោក​បន្ថែម​ថា​ ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ថា​ភាគី​ដើម​បណ្តឹង​ គ្មាន​ភ័ស្តុតាង​ជាក់ស្តែង​ណាមួយ​ អំពី​អំពើពុករលួយ​ទាំងនោះ​ ក្រៅតែ​ពី​ការ​រៀបរាប់​អង្គហេតុ​ ដូច​មាន​ក្នុង​ពាក្យ​បណ្តឹង​តែប៉ុណ្ណោះ​។

លោក​ ចេ​រ៉ល​ បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា​ លោក​បាន​ទទួលលិខិត​ ពី​ការិយាល័យ​ទទួល​ពាក្យ​បណ្តឹ​ងនៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ កាលពី​ថ្ងៃទី​ ០៨​ ខែ​ តុលា​តាម​សារ​អេ​ឡិច​ត្រូវ​និច​ ដោយ​ស្នើសុំ​ឲ្យ​លោក​ដាក់​ភ័ស្តុតាង​បន្ថែម​។ ប៉ុន្តែ​លិខិត​នោះ​ ចុះ​កាលបរិច្ឆេទ​តាំងពី​ថ្ងៃទី​ ២០​ ខែ​ កញ្ញា​ មក​ម៉្លេះ​ ដោយ​ក្នុង​នោះ​ ទាមទារ​ឲ្យ​លោក​ រៀបរាប់​លម្អិត​អំពី​ថ្ងៃខែ​ ទីកន្លែង​ សាក្សី​ និង​ គោលបំណង​នៃ​ការ​សូកប៉ាន់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​នោះ​ និង​មធ្យោបាយ​ក្នុង​ការ​ប្រគល់​ប្រាក់​ទាំងនោះ​ផង​។

លោក​ ចេ​រ៉ល​ បញ្ជាក់​ ថា​លោក​បាន​ឆ្លើយតប​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ​ ភ្លាម​ៗនៅ​ថ្ងៃ​ទទួល​បាន​លិខិត​នោះ​ ថា​លោក​នឹង​ប្រមូល​ភ័ស្តុតាង​បន្ថែម​ និង​ ពិគ្រោះ​ជាមួយ​មេធាវី​របស់​លោក​ក្នុង​រឿង​នេះ​ ដោយ​សុំ​ពេល​មួយ​សប្តាហ៍​ ឬ ច្រើនជាង​នេះ​។

បើ​តាម​លោក​ ចេ​រ៉ល​ ភ្លាម​ៗក្រោយ​អាស៊ី​សេរី​ ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ចៅក្រម​ ងួន​ អ៊ី​ម និង​ កូនប្រុស​លោក​ទាំងពីរ​គឺ​លោក​ តេង​ សា​ម៉ៃ​ និង​ លោក​ តេង​ បូរ៉ា​ និង​ទោះបី​លោក​ ងួន​ អ៊ី​ម អះអាង​ថា​ នឹង​រង់ចាំ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏ដោយ​ ក៏​លោក​បាន​ទូរស័ព្ទ​ទៅ​ក្មួយស្រី​របស់​លោក​ គឺ​លោកស្រី​ តេង​ រី​ណា​ ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ ជាមួយ​លោក​ ចេ​រ៉ល​ ឲ្យ​ប្រាប់​លោក​ ចេ​រ៉ល​ ដក​ពាក្យ​បណ្តឹ​ងនោះ​ចេញ​វិញ​ទៅ​។

ទោះជាយ៉ាងណា​ លោក​ ចេ​រ៉ល​ថា​ លោក​នឹង​មិនព្រម​ដក​បណ្តឹ​ងនេះ​ទេ​។ ទោះជា​ដឹង​ថា​ អ្នក​សូកប៉ាន់​ និង​ អ្នកទទួល​សំណូក​ទទួលទោស​ដូចគ្នា​ ក៏​លោក​ ចេ​រ៉ល​ បញ្ជាក់​ថា​ នៅតែ​បន្ត​ដា​ក់​បណ្តឹង​ ដោយ​ឥត​រាថយ​ ដោយសារ​លោក​ចង់​បង្ហាញ​ឲ្យ​ឃើញ​អំពី​អំពើពុករលួយ​ ដែល​រីក​រាលដាល​ក្នុង​ស្រទាប់​មន្រ្តី​តុលាការ​កម្ពុជា​ <​<​ខ្ញុំ​យល់​អំពី​ផលវិបាក​នៃ​បណ្តឹ​ងនេះ​! ខ្ញុំ​មិន​បារម្ភ​រឿង​នេះ​ទេ​ ព្រោះ​ខ្ញុំ​នៅ​សហរដ្ឋអាមេរិក​>​>​។

លោក​ ចេ​រ៉ល​ បន្ថែម​ថា​ មាន​ជនរងគ្រោះ​ជាច្រើន​ផ្សេងទៀត​ ដែល​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​ ដែល​រងគ្រោះ​ដោយសារ​អំពើពុករលួយ​នេះ​ តែ​មិន​ហ៊ាន​ដាក់ពាក្យ​ប្តឹង​បែបនេះ​ទេ​ ដោយសារតែ​ពួកគាត់​ ភ័យខ្លាច​ពី​ការធ្វើបាប​ពីសំណាក់​មន្រ្តី​តុលាការ​។

មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ ចាប់អារម្មណ៍​នឹង​បណ្តឹ​ងរ​បស់​ជនបរទេស​ ដែល​ប្តឹង​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​ជួរ​មន្រ្តី​តុលាការ​ទាំងនេះ​។ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ លោក​ សន​ ជ័យ​ ថា​ចង់​ដឹង​ថា​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ នឹង​ចាត់ការ​សំណុំរឿង​នេះ​យ៉ាងដូច​ម្តេច​ ដើម្បី​រក​យុត្តិធម៌​ ជូន​ជនរងគ្រោះ​ និង​ ដើម្បី​ផលប្រយោជន៍​ដល់​សុចរិត​ភាព​នៃ​ស្ថាប័ន​តុលាការ​ផង​ ព្រោះ​កន្លង​មក​បណ្តឹង​ជាច្រើន​របស់​សហគមន៍​ ដែល​ប្រឆាំង​នឹង​ការអនុវត្ត​ច្បាប់​ ដែល​ប្រជាពលរដ្ឋ​សហគមន៍​ចោទ​ថា​ មិន​ត្រឹមត្រូវ​នោះ​ ច្រើនតែ​ត្រូវ​ទាត់ចោល​ ឬ មិន​ចាត់ការ​ <​<​សម្រាប់​សង្គម​ស៊ីវិល​វិញ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែរ​ ខ្ញុំ​យល់ថា​ក៏​ជា​ការ​តេ​ស្ត​សមត្ថភាព​ ឬឆន្ទៈ​របស់​ ACU​ ដែរ​ថា​តើ​អង្គភាព​មួយ​នេះ​ នឹង​ចាត់វិធានការ​ចំពោះ​មន្រ្តី​តុលាការ​បាន​ដែរ​ឬទេ​?>​>​។

លោក​ សន​ ជ័យ​ បន្ថែម​ថា​ ករណី​រសើប​បែបនេះ​ ច្រើនតែ​មិន​ជោគជ័យ​ទេ​ បើ​គ្មាន​អន្តរាគមន៍​ពី​ថ្នាក់​ដឹក​កំពូល​របស់​រដ្ឋាភិបាល​។ ទោះ​យ៉ាងណា​ លោក​ថា​សង្គម​ស៊ីវិល​ នឹង​តាមដាន​រឿង​នេះ​ដោយ​យកចិត្ត​ទុកដាក់​៕