រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ២០១៩នេះ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបដិសេធថា ជនស៊ីវិលមួយក្រុម ដែលតែងតែចុះចាប់គ្រឿងញៀន នៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចទេ ។
ហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តថា ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនអោយក្រុមជនស្លៀកស៊ីវិលទាំងនោះបង្កបញ្ហាទាំងនេះទៀតឡើយ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វើសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការសហការណ៍ជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការណ៍មិនអោយមានករណីនេះកើតឡើងទៀតឡើយ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញសេចក្តីបកស្រាយបំភ្លឺបែបនេះ បន្ទាប់ពីរឿងរ៉ាវរសើបមួយត្រូវបានប្រជាពលរដ្ឋនិយាយតគ្នាថា បានកើតមានឡើងជាបន្តបន្ទាប់នៅតំបន់បឹងកក់ រាជធានីភ្នំពេញ នោះគឺករណីមនុស្សមួយក្រុម ដែលមិនដឹងអត្តសញ្ញាណ បានធ្វើសកម្មភាពជិះម៉ូតូល្បាតទាំងយប់ទាំងថ្ងៃ ស្ទាក់ចាំចាប់មនុស្ស យកទៅវាយខ្នោះ និងបង្ខាំងជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែង ក្រោមហេតុផលថា ជនរងគ្រោះ ទាំងនោះជាអ្នក ប្រើប្រាស់គ្រឿងញៀន ។
រឿងនេះបានកើតឡើងជាយូរមកហើយ តែទើបតែមានការភ្ញាក់ផ្អើលខ្លាំងក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីមានផ្សាយលើបណ្តាញសង្គមហ្វេសបុក និងបណ្តាសារព័ត៌មានអនឡាញ ចុះផ្សាយជាបន្តបន្ទាប់ ព្រោះថាជាញយដង តែងតែប្រទះឃើញ មានសកម្មនេះបានកើតឡើងនៅតំបន់បឹងកក់ ជាពិសេសព្រំប្រទល់ខណ្ឌទួលគោក និងខណ្ឌដូនពេញ ដោយមនុស្សមួយក្រុម ខ្លះមានឯកសណ្ឋានជាសមត្ថកិច្ច ថែមទាំងមានប្រដាប់អាវុធ និងខ្លះស្លៀកពាក់ស៊ីវិល បានចាប់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលធ្វើដំណើរនៅក្នុងតំបន់នោះដើម្បីជំរិតទារប្រាក់ ដោយចោទ ពួកគេថា ជាអ្នកប្រើប្រាស់គ្រឿងញៀន ទាំងដែលពួកគេមិនបានប្រើប្រាស់ទាល់តែសោះ ៕