ចូលត្រេកអរផងអ្នកកំពង់សោម! សម្តេចហ៊ុនសែន នឹងចុះទៅបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែក្នុងខេត្តព្រះសីហនុដោយផ្ទាល់ ឆាប់ៗនេះ!

ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងក្នុងនិងក្រៅក្រុងសរុប​ចំនួន​ ៣៤ខ្សែ​ មានប្រវែង​ ៨៤៥០៥​ ម៉ែត្រក្នុងខេត្តព្រះសីហនុគ្រោងនឹងប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆកានេះ​ហើយ ក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយមានការចាប់ផ្ដើមសាងសង់យ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃ នូវផ្លូវអាទិភាពចំនួន២៤ខ្សែដោយមានក្រុមហ៊ុនចំនួន៧បានចូលរួមក្នុងការស្ដារនិងស្ថាបនានេះមក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយនិងឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជានាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចរៀបចំការប្រារព្ធពិធីបើកការដ្ឋានស្ថាបនាផ្លូវ ក្នុងខេត្តព្រះសីហនុនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្ដេច។ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

គួររំលឹកផងដែរថា កាលពេលថ្មីៗនេះសម្ដេចបានមានប្រសាសន៍ឱ្យដឹងថា អ្វីដែលយើងកំពុងតែយកចិត្តទុកដាក់ គឺការកសាងផ្លូវឡើងវិញ ដែលនឹងត្រូវចាយថវិកាប្រមាណ១៥០លានដុល្លារ ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូផងដែរ មិនតែបុណ្ណោះសម្តេចក៏បានបញ្ហាញពីមហិច្ឆតារបស់ រាជរដ្ឋាភិបាលកម្ពុជា ដោយប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស និងឲ្យក្លាយជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានាពេលអនាគតផងដែរ។

គួរបញ្ជាក់ផងដែរថាឯក ឧត្តម គួច​ ចំរើន​បានកំណត់ពេលវេលាក្នុងការស្ថាបនា​នេះដោយប្រើ​រយៈពេលត្រឹមតែ៨ខែ​ប៉ុណ្ណោះ​ ហើយក៏នឹងប្រែក្លាយខេត្តនេះទៅជាតំបន់មួយដ៏ស្រស់បំព្រងបំផុត។ហើយបច្ចុប្បន្នអភិបាលខេត្តរូបនេះ ក៏កំពុងតែឆក់យកបេះដូងប្រជាជនក្នុងស្រុកជាច្រើនតាមរយៈការខិតខំប្រឹងប្រែងនិងសកម្មដ៏មមាញឹករបស់លោក ក្នុងការកែប្រែមុខមាត់ខេត្តដែលរង់ការខូចខាតយ៉ាងធ្ងន់ធ្ងរមួយនេះ។