មានអាថ៌កំបាំងល្បីថា​ ប្រាសាទអង្គរវត្តមានបារមីស័ក្តិសិទ្ធិមួយកន្លែងដែរមិនឲ្យប៉ះពាល់ក្នុងថ្ងៃសីល ដែរអតីតៈអ្នករុករកជនបរទេសជួបវាសនាមិនល្អច្រើននាក់ហើយ!

276

មានមនុស្សជាច្រើនបានដឹងជាទូទៅថា ប្រាសាទអង្គរវត្តដែលត្រូវបានគេសាងឡើងនៅសតវត្សរ៍ទី១២ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ដើម្បីបង្ហាញពីតេជៈនុភាពនៃមហារាជាណាចក្រខ្មែរ បានក្លាយជាទីសក្ការៈបូជាមួយដ៏ សក្តិសិទ្ធិដែលមនុស្សខ្មែរគ្រប់ជំនាន់តែងតែគោរពបូជា ។ មិនតែប៉ុណ្ណោះ តំបន់ប្រាសាទអង្គរវត្តនេះ ថ្វីត្បិតប្រទេសកម្ពុជាត្រូវបានឆ្លងកាត់ការធ្វើសង្គ្រាមហែកហួរគ្នាជាច្រើនជំនាន់ ពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបំផ្លាញខឿនវប្បធម៌ស្ទើរតែសូន្យក៏ដោយ ក៏ពួកគេពុំហ៊ានប៉ះពាល់តំបន់នេះទេ ។ ហើយតមកនេះ ពួកមេដឹកនាំប្រទេសកម្ពុជា ក៏សុទ្ធតែគោរព ព្រមទាំងធ្វើសច្ចាប្រណិធាន ឬធ្វើពិធីសម្បថចំពោះមុខព្រះបារមីអង្គរទៀតផង ។


ចំណែកឯពួកអ្នកធ្វើដំណើរទាំងឡាយនៅពេលបានទៅដល់ទីនោះ ពិសេសប្រជាពលរដ្ឋម្ចាស់ស្រុកគឺសុទ្ធតែបានទៅបូងសួងដុតទៀនធូប គោរពបូជាបារមីអង្គរគ្រប់ៗគ្នាដែរ ។ ប្រាសាទអង្គរវត្ត ដែលមានភាពល្បីល្បាញគ្មានពីរនៅលើលោកនេះ ក៏ត្រូវបានមានជំនឿផងដែរថា ចំណុចកណ្តាលនៃប្រាសាទអង្គរវត្ត ដែលមានកម្ពស់ខ្ពស់ជាងគេហៅថា ជាន់បាកានជាទីសក្ការៈស័ក្តិសិទ្ធបណ្តុំដោយបារមីនៃប្រាសាទអង្គរទាំងមូលហើយរយៈពេលបីបួនឆ្នាំចុងក្រោយមកនេះ ក៏ត្រូវបានហាមឃាត់មិនឱ្យភ្ញៀវទេសចរឡើងទៅទស្សនានាថ្ងៃពេញបរមី ខែដាច់ និងថ្ងៃសិល ដើម្បីរក្សានូវភាពស្ងប់ស្ងាត់ផងដែរ ។


ទាក់ទងទៅនឹងការហាមប្រាមនេះលោក រ៉េតសាមុត ជាមគ្គុទេសទេសចរណ៍ និងជាប្រធានក្រុមហ៊ុនទេសចរណ៍មួយផងនោះ បានប្រាប់ឱ្យដឹងថា ចំណុចកណ្តាលនៃប្រាសាទអង្គរវត្ត ដែលខ្ពស់ជាងគេ និងមានឈ្មោះថាជាន់បាកាននោះ គឺជាទីកន្លែងបណ្តុំដោយបារមីធំៗ ដែលទ្រទ្រង់អង្គរ ។ នៅលើជាន់បាកាន ក៏ជាទីស្ងប់ស្ងាត់ផងដែរ និងមានតម្កល់នូវព្រះពុទ្ធរូបថែមទៀតផង ហើយរយៈពេលបីបួនឆ្នាំមកហើយ ដែលត្រូវបានហាមភ្ញៀវមិនឱ្យឡើង នៅថ្ងៃឧបោសថសិលថ្ងៃពេញបរមី ។ ចំពោះការដែលធ្វើដូច្នោះ គឺដើម្បីឱ្យយើងចេះគោរពនូវវត្ថុស័ក្តសិទ្ធនៅលើកំពូលអង្គរ ព្រោះអ្នកខ្លះគាត់ឡើងទៅមិនបានសង្រួមចិត្តសង្រួមកាយនោះទេ ។ព្រោះទីនោះជាទីសក្ការៈបណ្តុំនៃបារមីធំៗ នៅពេលដែលឡើងទៅ គឺដាច់ខាតត្រូវស្លៀកពាក់ឱ្យបានសមរម្យ និងដោះមួកដើម្បីគោរព ។ ប៉ុន្តែអ្នកខ្លះមិនដូច្នោះទេ បែរស្លៀកពាក់មិនសមរម្យខើចលើខើចក្រោម និងមិនដោះមួកទៀតផង ។

លោក រ៉េត សាមុត ក៏បានបញ្ជាក់ដែរថាកាលពីមុនគេអនុញ្ញាតិឱ្យឡើងតាមជណ្តើរគ្រប់ទិសទាំង៤ ប៉ុន្តែបច្ចុប្បន្ន គឺអនុញ្ញាតឱ្យឡើងតែតាមជណ្តើរនៅទិសខាងជើង ឈៀងខាងកើត មួយតែប៉ុណ្ណោះ ហើយការហាមនេះវាមិនមានជាកំហុសអ្វីនោះទេ ព្រោះការឡើងទៅលើកំពូលច្រើនពេកនោះវាអាចធ្វើឱ្យប៉ះពាល់ដល់ប្រាសាទនាថ្ងៃអនាគត។ការកំណត់នេះ បើតាមការយល់ឃើញរបស់ខ្ញុំកន្លែងនោះ គឺជាកន្លែងសក្ការៈបូជាជាន់ខ្ពស់ដូច្នោះការដែលមិនឡើងទៅនៅថ្ងៃសិលនោះមានន័យថាជាការគោរពមួយ ។
ចំណែកឯលោក ម៉ី ម៉ារឌី មន្ត្រីអាជ្ញាធរអប្សរាបានមានប្រសាសន៍ថា នៅតំបន់អង្គរគ្មានកន្លែងណាដែលហាមមិនឱ្យភ្ញៀវទេសចរចូលទស្សនានោះទេ ទោះថ្ងៃអ្វីក៏ដោយ ។ ប៉ុន្តែឧទាហរណ៍ថា នៅក្នុងផ្ទះរបស់យើងមានកន្លែងគោរពសក្ការៈជីដូនជីតាគ្រូបាធ្យាយជាដើម តើយើងអាចអនុញ្ញាតិឱ្យអ្នកណាមួយមកជិះមកជាន់មកចូលដែរឬទេ?ហើយម្យ៉ាងទៀតតួកណ្តាលដែលខ្ពស់នេះ មានតែប៉ុន្មានម៉ែត្រ៤ជ្រុង ហើយប្រសិនជាចូលក៏អត់មានកន្លែងចេញដែរ ។ ឧទាហរណ៍មួយទៀត ដូចជាកន្លែងមួយនៅប្រាសាទបន្ទាយស្រីជាដើម កន្លែងនិងតូចចង្អៀត ហើយក្បាច់មួយចំនួនមើលទៅស្អាតពេកកាលណាភ្ញៀវចូលទៅប៉ះនាំឱ្យខូច ។

+គេបានរកឃើញមានឯកសារមួយថា មានជនបរទេសប្រមាណជា១៣នាក់ ត្រូវបានគេសង្ស័យថាស្លាប់ដោយការចង់រុករកអាថ៌កំបាំងនៃអង្គរ?
ព្រមជាមួយនឹងមហិទ្ធិឬទ្ធិដ៏អាថ៌កំបាំង នៃប្រាសាទអង្គរនេះ បើតាមឯកសារបរទេសនោះក៏បានឱ្យដឹងដែរថា មានមនុស្សសំខាន់ៗ មិនតិចជាង១៣នាក់ទេ ដែលបានមកស្រាវជ្រាវក្នុងគោលបំណងស្រាវជ្រាវអាថ៌កំបាំងផ្សេងៗ ពីអង្គរហើយត្រូវទទួលសំណាងអាក្រក់ខ្លះ រហូតដល់បាត់បង់ជីវិតនៅលើទឹកដីអង្គរទាំងបេសកកម្មរបស់ខ្លួនមិនទាន់ទាំងបានបញ្ចាប់ ។ ជនទាំងនោះមានលោក Paul claudel ជាអ្នកការទូត និងជាអ្នកកវីនិពន្ធនៃជនជាតិបារាំង បន្ទាប់ពីការវិលត្រឡប់ពីទស្សនាប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជាមកលោកហាក់បីដូចជាមានការរស់នៅក្នុងអារម្មណ៍ភ័យខ្លាច ។ អរូបិយអ្វីមួយនោះចេះតែសណ្ឋិតតាមយាយីមនោរម្មណ៍របស់គាត់ មិនចេះបាត់ជាហេតុនាំឱ្យលោកបានសរសេរថា “ប្រាសាទអង្គរវត្តបាននាំមកដល់មនុស្សទាំងឡាយនូវគ្រោះអន្តរាយច្រើនជាងបណ្តាផ្នូរកប់ខ្មោចរបស់ស្តេច Pharaon ទាំងឡាយនៅក្នុងពីរ៉ាមីតនៃប្រទេសអេហ្ស៊ីបទៅទៀត ។
នេះជាកន្លែងទីសក្ការៈមួយ ដែលទោះបីស្ថិតនៅក្នុងករណីណាមួយក៏ដោយ ក៏មិនត្រូវធ្វើការបំពារបំពានជាន់ឈ្លីឡើយ បើយើងទាំងឡាយចង់បានជិវិតដ៏សុខសាន្តនោះ ។ មិនត្រឹមតែម្នាក់ប៉ុណ្ណោះទេ គឺនៅមានមនុស្សជាច្រើនផ្សេងទៀត ដែលបានអញ្ជើញទៅធ្វើការសិក្សាស្រាវជ្រាវអំពីប្រាសាទអង្គរវត្ត សុទ្ធតែបានទទួលនូវការស្រមើស្រមៃអំពីអារម្មណ៍ នៃការតាមសងសឹកហើយចុងក្រោយ ក៏ទទួលនូវជោគវាសនាដ៏សោកសៅយ៉ាងអាណោចអាធម័ដូចគ្នា ។


ដូចក្នុងឆ្នាំ១៨៨០ លោក ហង់វី ម៉ូហូត ជនជាតិបារាំងដំបូង ដែលបានរកឃើញប្រាសាទអង្គរវត្ត ដែលដេកនៅក្នុងព្រៃជ្រៅ តែគ្រាន់តែពីរ ឬបីសប្តាហ៍ក្រោយមក ដោយសារជំងឺគ្រុនចាញ់រ៉ាំរ៉ៃមិនសះស្បើយនោះ បានធ្វើឱ្យអ្នករុករកស្រាវជ្រាវម្នាក់នេះស្លាប់ក្នុងពេលដែលការងារសិក្សាស្រាវជ្រាវរបស់គាត់នៅពុំទាន់ចប់នៅឡើយ ។ Doudard ជាមន្ត្រីទេសាភិបាលដំបូង របស់បារាំង ប្រចាំនៅក្នុងប្រទេសកម្ពុជា ដោយនៅចុងឆ្នាំ១៨៦៣ គាត់រួមនិងឧបការីរបស់គាត់ពីរនាក់ មានគំរោងការចង់ជីកកកាយនូវប្រាសាទអង្គរវត្ត ។ ដោយផែនការរបស់គាត់ ពុំទាន់យកមកអនុវត្តផងនោះ គឺលោកដូដាតបានស្លាប់បាត់បង់ជីវិតនៅលើដងទន្លេមេគង្គក្នុងពេលដែលគាត់កំពុងធ្វើដំណើរសិក្សាស្រាវជ្រាវនោះ ។


បន្ទាប់ពីមានការស្លាប់របស់លោក ដូដាតនោះមក ភាពរន្ធត់ភ័យខ្លាចចេះតែមកយាយីលងដល់ឧបការីរបស់គាត់ ហាក់បីដូចជាមានការស្តីបន្ទោសណាមួយពីអាទិទេព ហើយក្រោយមកបីឆ្នាំឧបការីរូបនោះ ក៏បានស្លាប់ដោយមានភាពអាថ៌ក៏បាំងបំផុត ។ នៅសល់ឧបការីជនម្នាក់ របស់គាត់ឈ្មោះ Francis Garnier បន្ទាប់ពីចេញទៅច្បាំងជាមួយពួកទ័ពវៀតណាម នៅប្រទេសវៀតណាម ក៏បានត្រូវសម្លាប់ក្នុងសមរភូមិទៅ ។ បន្ទាប់មកប្តីប្រពន្ធអ្នកស្រាវជ្រាវ និងជាវិចិត្រករដ៏ល្បីល្បាញជនជាតិបារាំងឈ្មោះ Comaille ក៏បានទៅសិក្សាអំពីប្រាង្គប្រាសាទអង្គរវត្តដែរ ។


គាត់បានសិក្សារៀបរៀងឡើងវិញ នូវផ្ទាំងសិលាធំៗ ឱ្យទៅជាជញ្ជាំងរៀបសសរឡើងវិញ ទៅជាជើងទ្រព្រមទាំងផ្សារភ្ជាប់រូបសំណាក ដែលត្រូវបាក់បែកឡើងវិញ ៘ ការងាររៀបចំកំពុងត្រូវបានដំណើរយ៉ាងល្អប្រពៃគួរឱ្យលើកទឹកចិត្ត បែរជាគាត់ត្រូវពួកក្រុមចោរលួចវត្ថុបុរាណ សម្លាប់នៅតាមដងផ្លូវពេលដែលគាត់កំពុងធ្វើដំណើរពីអង្គរត្រឡប់មកផ្ទះវិញ ។


ក្នុងឆ្នាំ១៩០៧ វិទ្យាស្ថានបុរាណវិទ្យាចុងបូព៌ាបានចាប់ផ្តើមអនុវត្តការជីកកកាយ ដើម្បីធ្វើការស្រាវជ្រាវបន្ថែមមកលើប្រាសាទអង្គរវត្ត ។ អាចារ្យកាតួលិក Charles Carpeaux រួមជាមួយវិស្វករម្នាក់ទៀត គឺលោក Henry Du Four បានរួមដៃស្វែងយល់ពីអតីតកាលដ៏រុងរឿង និងភាពត្រចះត្រចង់របស់អង្គរវត្តដ៏មហិមានេះ ។ ពួកគេរកឃើញស្លាកស្នាមប្រវត្តិសាស្ត្រដ៏ច្រើន នៅប្រាសាទបាយ័ននិងរូបចម្លាក់ក្នុងសម័យអង្គរធំ…។ លទ្ធផលនៃការរុករកស្រាវជ្រាវនេះ ប្រមែប្រមូលបានវត្ថុបុរាណដ៏មានតម្លៃយ៉ាងច្រើន ក៏ប៉ុន្តែពួកគេបានជួបប្រទះនូវការងារលំបាកច្រើនដែរ ។ ក្រោយមកអាចារ្យកាតូលិបានសុំវិលទៅប្រទេសបារាំងវិញ ។ ប៉ុន្តែមិនដឹងជាមានហេតុការណ៍អ្វីអាចារ្យនេះ កំពុងតែសប្បាយរីករាយ ដើម្បីរង់ចាំជើងនាវាទៅបារាំងវិញ ស្រាប់តែមានជំងឺរាកទល់ហើយស្លាប់ទៅ…សពរបស់អាចារ្យកាតូលិកនេះ គេមិនហ៊ាននាំទៅស្រុកកំណើតនៅបារាំងវិញទេ ដោយមានការភ័យខ្លាចជំងឺឆ្លង ។


ដល់ឆ្នាំ១៩៣៣ មានអ្នកបុរាណវិទូដ៏ក្មេងម្នាក់ឈ្មោះ Georges Trouveបានដំណើរការជីកអណ្តូងមួយយ៉ាងជ្រៅនៅខាងក្រោមប្រាសាទបាយ័ន ដើម្បីក្នុងបំណងស្វែងរករូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលបានជីកកប់ជាយូរមកហើយនោះ ។ អស់រយៈពេលពីរឆ្នាំនៃការជីកគាស់នោះ ហើយចុងក្រោយក៏បានរកឃើញនូវរូបសំណាកនោះដូចបំណង ។ នៅថ្ងៃដែលសម្តេចព្រះ មុនីវង្ស បានធ្វើពិធីសម្ពោធនូវរូបសំណាកនេះ គឺពេលនោះអ្នកបុរាណវិទ្យាដ៏ក្មេងនោះ បានបាត់រលាយសាបសូន្យទៅ គឺគាត់បានសម្លាប់ខ្លួនឯងដោយមូលហេតុមានទំនាស់ក្នុងគ្រួសារ ។ គាត់ស្លាប់មុនមួយថ្ងៃនៃថ្ងៃដែលត្រូវលើកបន្តុបរូបសំណាកនេះ ដើម្បីជាទីសក្ការៈ ។


ដូច្នេះបើតាមការសន្និដ្ឋានប្រហែលជាពួកគេទាំងនោះគ្មានជំនឿ ហើយមានបំណងអាក្រក់ចង់សាងសោកនាដកម្មនោះ ទើបត្រូវទទួលរងគ្រោះយ៉ាងគួរឱ្យខ្លោចផ្សាបែបនេះ ។ ទាំងអស់នេះអាចជាមហិទ្ធិប្ញទ្ធិអរូបិយនៃបារមីដ៏សក្តិសិទ្ធរបស់ប្រាសាទអង្គរវត្ត តាមសងសឹកអ្នកដែលមកបំពារបំពានលើទីសក្ការៈនេះ ។
នៅឆ្នាំ១៩៥០ នៅពេលដែលកំពុងគ្រងរាជដឹកនាំប្រទេសកម្ពុជា គឺដើម្បីការពារនូវវង្សត្រកូលព្រះមហាក្សត្ររបស់ខ្លួនឱ្យសុខសាន្ត ស្ថិរភាព គឺព្រះករុណាព្រះបាទនរោត្តម សីហនុ មិនបានយល់ព្រមអនុញ្ញាតិនូវផែនការដឹករូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ទៅប៉ារីស ដើម្បីធ្វើការតាំងពិព័រណ៍ឡើយ ហើយឱ្យតាំងរូបនេះនៅប្រទេសកម្ពុជាដដែល។ទាំងនេះសុទ្ធតែសឱ្យឃើញថា ព្រះអង្គមិនចង់ប្រឈមមុខទៅនឹងបារមីហិទ្ធិឫទ្ធិ ដ៏ពិសិដ្ឋរបស់ប្រាសាទអង្គរវត្តនោះឡើយ៕