សូមប្រុងប្រយ័ត្ន!!​ ព្យុះថ្មីមួយឈ្មោះ«ណាគ្រី» នឹងមានឥទ្ធិពលលើកម្ពុជា ចំថ្ងៃព្រះរាជពិធីបុណ្យអុំទូក

82

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា សម្ពាធទាបសកម្មដែលស្ថិត នៅក្បែរប្រទេសវៀតណាមអស់រយៈពេល ២-៣ ថ្ងៃមកហើយ បានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ (TD) បច្ចុប្បន្នកើន ឥទ្ធិពលនៅជាព្យុះ ២៤ឈ្មោះ ណាគ្រី (NAKRI) ដែលជាឈ្មោះរបស់កម្ពុជាយើង បានដាក់ នឹងមានឥទ្ធិពលលើកម្ពុជាចំព្រះរាជពិធីបុណ្យអុំទូក ។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានឲ្យដឹងថា ព្យុះនេះ នឹងបក់ចូលប្រទេសវៀតណាមនៅចំណុចលើ ខេត្តញ៉ាត្រាង នៅយប់ថ្ងៃទី ៩ ឆ្លងចូលថ្ងៃទី ១០ ខែវិច្ឆិកា។ ព្យុះនេះ នឹងថមថយឥទ្ធិពលជាបន្តបន្ទាប់ រួចចូលមកដល់កម្ពុជាយើងក្នុងកម្រិតជាសម្ពាធទាប (Low) នៅយប់ថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១១ ខែវិច្ឆិកា គឺចំពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកបំបុក។

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ឥទ្ធិពលនៅជាព្យុះ ២៤ឈ្មោះ ណាគ្រី នេះ នឹងធ្វើឱយស្ថានភាពអាកាសធាតុនៅកម្ពុជាមានលក្ខណៈដូចនេះ៖ ១- ចាប់ពីថ្ងៃទី ០៧-១៣ ខែវិច្ឆិកា ៖ បណ្តាខេត្តក្រុងនានានៅភាគខាងក្រោម និង តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងតិចតួច ។២- ចាប់ពីថ្ងៃទី ០៧-០៩ ខែវិច្ឆិកា ៖ បណ្តាខេត្តនៅភាគកណ្តាលខាងជើង និងខ្ពង់រាបឦសាន នឹងអាច មានភ្លៀងតិចតួច ។ បន្ទាប់មកនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា នឹងអាចមានភ្លៀង តិចទៅមធ្យម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រៅពីភ្លៀងធ្លាក់នៅតំបន់ខ្លះ ក្រសួង មិនបានបញ្ជាក់ពីផលប៉ះពាល់ អ្វីផ្សែងឡើយ ។