ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសថា នៅថ្ងៃខាងមុខ នឹងមានថ្នាក់ដឹកនាំសាលារៀនមួយ នឹងរងការដាក់ពិន័យជារដ្ឋបាល ក្នុងករណីថ្នាក់ដឹកនាំសាលារៀន អនុញ្ញាតអោយអ្នកលក់ដូរដាក់លក់ចំណីអាហារ និងភេសជ្ជៈ ដែលក្រសួងប្រកាសហាមឃាត់។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី បានថ្លែងប្រាប់ BTV តាមទូរស័ព្ទនៅថ្ងៃទី១៩ ខែមិថុនា ថា អស់រយៈពេលជាច្រើនខែមកហើយ ដែលក្រសួងអប់រំបានប្រកាសហាមឃាត់ការលក់ចំណីអាហារ និងភេសជ្ជៈជាច្រើនមុខនៅក្នុងសាលារៀន ហើយការប្រកាសនោះ គឺមានគោលដៅសំខាន់មិនចង់អោយសិស្សានុសិស្ស និងកុមារតូចៗញ៉ាំទៅងាយរងការប៉ះពាល់ដល់សុខភាព និងការសិក្សា។
លោក បន្តថា ទន្ទឹមនឹងការដាក់បំរាមនេះ ក្រសួងអប់រំក៏បានស្នើអោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពិសេសរដ្ឋបាលសាលាស្រុក ខណ្ឌទាំងអស់សូមចូលរួមតាមដានចុះត្រួតពិនិត្យអោយបានជាប់ជាប្រចាំ ខណៈអ្នកលក់ដូរមួយចំនួននៅតែរឹងរូស លក់ចំណីអាហារហាមឃាត់ទាំងនៅក្នុងសាលា នឹងនៅក្រៅរបងសាលា។
លោក ឌី ខាំបូលី បញ្ជាក់ថា ជារួមគ្រប់ចំណីអាហារ និងភេសជ្ជៈដែលគ្មានគុណភាព គ្មានអនាម័យ លក់អោយសិស្សានុសិស្ស ពិសេសលក់អោយកុមារតូចពិសារ គឺវារងការប៉ះពាលច្រើន ហើយការប៉ះ ពាលក្រៅពីខាតបង់ថវិកាអាណាព្យាបាលសិស្ស គឺវាធ្វើអោយប៉ះពាល់ដល់សុខភាពរបស់សិស្ស និងប៉ះពាល់ការសិក្សារៀនសូត្ររបស់សិស្សថែមទៀត។
ថ្មីៗកន្លងមកនេះ ក្រសួងអប់រំបានផ្សព្វផ្សាយឡើងវិញពីសេចក្តីណែនាំស្តីពីចំណីអាហារនិងភេសជ្ជៈ ដែលត្រូវហាមឃាត់មិនឲ្យលក់ក្នុងគ្រឹះស្ថានអប់រំ ខណៈមានសាលារៀនមួយចំនួននៅតែអនុញ្ញាតអោយអាជីវករបន្តលក់ចំណីអាហារហាមឃាត់ទាំងនៅក្នុងសាលានិងនៅជិតសាលា។ ចំណីអាហារនិងភេសជ្ជៈទាំងនោះ រួមមាន ចំណីអាហារដែលហួសកាលកំណត់, ចំណីអាហារដែលគ្មានប្រភពច្បាស់ លាស់, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម, ទឹកស៊ីរ៉ូប៍, ស្ករសូកូឡា, ស្ករគ្រាប់, ស្ករកៅស៊ូ, ចាហួយ, នំដូណាត់, នំផ្អែម រួមទាំងគ្រឿងស្រវឹង និងថ្នាំជក់ផងដែរ៕