ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានដង្ហែរ​ក្បួន​ហ្វឹកហាត់ ដេីម្បី​ត្រៀម​រក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​!

25

យោងតាមផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ បង្ហោះឲ្យដឹងថា : នៅថ្ងៃទី​ ០៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ៩.០០​ នាទី​ព្រឹក​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ តេង​ សួន​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​មេបញ្ជាការ​ស្រាល​ប្រតិបត្តិការ​ S 911 មុខព្រួញ​ទិស​កោះកុង​ និង​លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ខេត្ត​ និងជាមេ​បញ្ជាការ​ គណៈ​បញ្ជាការ​ឯក​ភាព​ រដ្ឋបាល​ខេត្ត​ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល សួរ​សុខទុក្ខ​ជាមួយកងកម្លាំងប្រដាប់អាវុធ សរុបចំនួន​ ៣៦៣​ នាក់​ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។​
ក្នុងឱកាស​នេះដែរ​ ឯកឧត្តម បាន​ឧបត្ថម្ភ​ដល់កងកម្លាំង​ ក្នុង​ ១​ ស្ថាប័ន​ ៣​,០០០,០០០​ ៛​(បីលាន​រៀល​)​ និងលោកជំទាវ​អភិបាល​ខេត្ត​ បាន​ឧបត្ថម្ភ​ដល់កងកម្លាំង​ ក្នុង​ ១​ ស្ថាប័ន​ ២​,០០០,០០០​ ៛​


ក្រោយ​ចប់​កម្មវិធី​ កង​កម្លាំង​ប្រដាប់​អាវុធ​ បានដង្ហែរ​ក្បួន​ហ្វឹកហាត់​ ដោយចេញ​ដំណើរ​ជុំវិញ​ក្រុង​ខេមរភូមិន្ទ​ និង​ឆ្ពោះ​ទៅ​ព្រំដែន​អន្តរជាតិ​ចាំយាម​ ដេីម្បី​ត្រៀម​រក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លេីកទី​ ៦៦​ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ និង​បុណ្យ​អុំទូក​បណ្ដែតប្រទីប​ អកអំបុក​ សំពះ​ព្រះខែ​ នាឆ្នាំ​ ២០១៩​ ជា​ពិសេស​ត្រៀម​កម្ចាត់​ក្រុម​ក្បត់ជាតិ​ ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិសុខ​ និង​បង្ករ​ចលាចល​ ក្នុងប្រទេស​ ។
​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ សូ​ម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ មន្ត្រី​រាជ​ការ​ ប្អូន​ៗ​សិស្សានុសិស្ស​ ដែល​បានផ្តល់​កម្លាំង​ចិត្ត​ និង​ឧបត្ថម្ភ​ជាគ្រឿង​ឧបភោគ​បរិភោគ​ ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ​។