វាជារឿងសាមញ្ញមួួយទៅហើយសម្រាប់មនុស្សទូទៅបរិភោគផ្លែឈើដែលជាគ្រឿងម្ជូរជាមួយអំបិលម្ទេស។ ជាពិសេសនៅពេលដែលគេបរិភោគស្វាយខ្ចី ឬត្របែកការបន្ថែមអំបិលម្ទេសហិរៗនឹងធ្វើឱ្យកាន់តែឆ្ងាញ់។
តែយើងគប្បីដឹងថាអំបិលមិនបានបន្ថែមជីវជាតិពេលទទួលទានជាមួយគ្រឿងម្ជូរទាំងនេះឡើយ។ វាអាចជួយធ្វើឱ្យរសជាតិឆ្ងាញ់តែប៉ុណ្ណោះ ក្រៅពីនេះវាបែរជាអាចបង្កឲ្យកើតជំងឺលើសឈាម។
ម្យ៉ាងទៀតការបរិភោគរសជាតិប្រៃនៃអំបិលច្រើនអាចធ្វើឲ្យញៀន ហើយការមានចំណង់ចង់បរិភោគវានឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការទទួលទានប្រៃច្រើនពេកនេះវានឹងនាំឱ្យមានជម្ងឺ បេះដូង សរសៃឈាមខួរក្បាល និងជម្ងឺក្រលៀនថែមទៀត។
តាមពិតក្នុងរបបអាហារប្រចាំថ្ងៃ មនុស្សយើងស្ទើរតែអាចទទួលបានជាតិអំបិលគ្រប់គ្រាន់ហើយ។ ដូច្នេះការបរិភោគអំបិលបន្ថែមក្រៅជាមួយគ្រឿងម្ជូរ វាធ្វើឱ្យកម្រិតជាតិអំបិលលើសអ្វីដែលរាងកាយត្រូវការដោយមនុស្សពេញវ័យគួរញ៉ាំអំបិលតិចជាង ៥ ក្រាមប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
ដូច្នេះ យើងគួរដឹងនិងតាមដានពីចំនួនអំបិលដែលយើងទទួលទានជាប្រចាំ។ ហើយមិនចាំបាច់ត្រូវការអំបិលម្ទេសច្រើនពេកទេព្រោះផ្លែឈើស្រស់វាសម្បូរទៅដោយរសជាតិគ្រប់គ្រាន់ហើយ៕