លក់មុខជាតិណាស់!! ជនខិលខូចយកឈ្មោះសណ្ឋាគារនៅសៀមរាបបោកប្រាស់លុយអ្នកទេសចរណ៍ម៉ាឡេស៊ីអស់ជាង ៣០០ដុល្លារ

16

ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានចាញ់បោកជនខិលខូច ដែលបន្លំខ្លួនជាម្ចាស់សណ្ឋាគារម្នាក់នៅក្នុងខេត្តសៀមរាម និងខាតបង់អស់ប្រាក់ចំនួន RM ១ ២៧៤ (៣១០ ដុល្លារអាមេរិក)។ ស្ត្រីជនរងគ្រោះបានរៀបរាប់អំពីវិធីបោកប្រាស់នេះថា នៅលើបណ្តាញសង្គម Facebook គាត់បានស្គាល់ក្រុមភ្នាក់ងារទេសចរណ៍ក្លែងក្លាយមួយ ដែលបានផ្តល់ជូនកញ្ចប់ទេសចរណ៍ក្នុងតម្លៃពិសេសមួយមកកាន់ប្រទេសកម្ពុជា ដែលមានទាំងការស្នាក់នៅ ធ្វើដំណើរកំសាន្ត និងអាហារមួយចំនួនផងក្នុងតម្លៃត្រឹមតែ ៣១០ ​ដុល្លារប៉ុណ្ណោះ។ ភ្នាក់ងារទេសចរណ៍ក្លែងក្លាយបាននាំស្រ្តីជនរងគ្រោះឲ្យស្គាល់បុរសម្នាក់ ដែលមានគណនីបណ្តាញសង្គមថា Mr. Ariel តំណាងឲ្យសណ្ឋាគារ Anchor Orchid Hotel ក្នុងខេត្តសៀមរាប។ Mr. Ariel បានតម្រូវឲ្យស្រ្តីជនរងគ្រោះផ្ញើរប្រាក់មកមុន ដើម្បីធ្វើការកក់កញ្ចប់ទេសចរណ៍ខាងលើ ហើយដំណើរការនៃការផ្ញើរលុយ ភស្តុតាងទទួលលុយ ទីតាំងសណ្ឋាគារមធ្យោបាយធ្វើដំណើរ និងសេវាកម្មផ្សេងត្រូវបានបង្ហាញជូនតាមបណ្តាញសង្គមដូចមែនទែនអីចឹង។

យ៉ាងណាក្តី ក្រោយផ្ញើលុយរួចស្រ្តីរងគ្រោះមិនទទួលបានលិខិតបញ្ជាក់ពីខាងសណ្ឋាគារថា គាត់ត្រូវស្នាក់នៅក្នុងបន្ទប់ណាមួយ និងរយៈពេលច្បាស់លាស់នៃការស្នាក់នៅឡើយ។ ជាច្រើនថ្ងៃក្រោយមកស្រ្តីរងគ្រោះមិនអាចទាក់ទាងជាមួយនិង Mr. Ariel បានទៀតឡើយ ហើយពេលនោះហើយទើបគាត់ដឹងច្បាស់ថា គាត់ចាញ់បោកគេ។ សូមបញ្ជាក់ជូនថា ករណីខាងលើនេះគឺជាការៀបចំរបស់ជនខិលខូចដែលមានជំនាញខ្ពស់នៅម៉ាឡេស៊ី ដែលបានប្រើប្រាស់ឈ្មោះសណ្ឋាគារនៅក្នុងខេត្តសៀមរាបមកប្រើប្រាស់ដើម្បីទាក់ទាញអ្នកដែលចង់មកទស្សនាប្រាសាទអង្គរវត្ត តែវាមិនមែនជាផែនការបោកប្រាស់របស់សណ្ឋាគារក្នុងខេត្តសៀមរាបនោះទេ៕

 

 

 

 

 

 

 

 

 

ប្រភព khmernote