រហូតមកដល់ពេលនេះ ទាក់ទងនឹងរឿងរ៉ាវស្នេហាត្រីកោណរបស់អ្នកនាង ធី សុវណ្ណថា ជាមួយស្វាមីខ្លួន បានដឹងការពិតហេីយ ខណៈដែលរឿងរ៉ាវមួយនេះ គឺគ្រាន់តែជាការសម្ដែងពីកញ្ញា ចរិយា ដែលអះអាងខ្លួនជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ និងមានភាពផ្អែមល្ហែមជាមួយគ្នាអស់រយៈពេលជិត១០ឆ្នាំមកនោះ។
បេីតាមសម្តីរៀបរាប់ពីកញ្ញា ចរិយា នៅរសៀលថ្ងៃមិញនេះ តាមរយៈលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានមានការបកស្រាយឲ្យដឹងថា ចំពោះមូលហេតុនោះ គឺមកពីរូបនាងមិនពេញចិត្តចំពោះអាដលខ្លួន(អ្នកនាង ធី សុវណ្ណថា) ដែលមានការផ្លាស់ប្ដូរខ្លួនខុសពីមុន ដែលជាយុវតីដ៏ក្លាហាន និងលេចធ្លោនោះ។
បន្ថែមទៀតនោះ កញ្ញា ចរិយា ក៏បានធ្វើការសុំទោសជាសាធារណៈទៅកាន់ អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ ផងដែរ ចំពោះការខុសឆ្គងមួយពេល និងបានគិតមិនដល់រហូតបង្កជារឿងទៅជាបែបនេះនោះទេ សង្ឃឹមថាអ្នកទាំងពីរ នឹងមានការយោគយល់ចំពោះរូបនាង ក៏ដូចជាអធ្យាស្រ័យដល់រូបនាងផងដែរ។
ដោយឡែក ក្រោយពីបានបញ្ចប់នូវការបកស្រាយនេះរួចមក បេីយោងតាមរយៈគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានមានការលើកឡើងឲ្យដឹងថា៖ «ខ្ញុំអើយខ្ញុំ រវល់ដាច់បាយ ដាច់ទឹកមួយអាទិត្យហើយ កញ្ញាចរិយា ស្នេីសុំជួយ អ្នកនាង ធី សុវណ្ណថា និងស្វាមី ដេីម្បីសុំទោសដោយផ្ទាល់ សុំក្តីមេត្តា និងសុំការអនុគ្រោះ»។
ជាមួយនឹងការលេីកឡេីងស្នេីរសុំពីលោក ហេង ឡុង និងកញ្ញា ចរិយា នៅលេីបណ្ដាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃនេះដែរ ក៏ត្រូវបានអ្នកនាង ធី សុវណ្ណថា បានមានការឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖«ល្ងាចនេះ ខ្ញុំយល់ព្រមជួប នាង ចរិយា និងលោក ហេង ឡុង ខ្ញុំមានពាក្យចុងក្រោយ ចង់និយាយចំពោះមុខអ្នកទាំង២»។ យ៉ាងណាមិញ ក្រោយពីមានការយល់ព្រមចំពោះសំណេីរទាំងសងខាងរួចមក ពេលនេះ អ្នកទាំង៤រូបបានមកជួបមុខគ្នាហេីយ ។