វៀតណាម៖ ជំងឺផ្ដាសាយជ្រូក បានឆ្លងមកលើស្ត្រីម្នាក់ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត នៅឯខេត្ត Kon Tum ប្រទេសវៀតណាម កាលពីសប្ដាហ៍មុន។ នេះជាការបញ្ជាក់ពីនាយកដ្ឋានគ្រប់គ្រង និងការពារជំងឺឆ្លង។
ប្រភពបានឱ្យដឹងទៀតថា មនុស្សជាង ៤០នាក់ ដែលគេសង្ស័យថាឆ្លងមេរោគ H1N1 ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ដើម្បីជាវិធានការការពារការឆ្លងរាលដាលទៅអ្នកដទៃ។ ចំពោះជនរងគ្រោះ ដែលស្លាប់ មានអាយុ ៣៧ឆ្នាំ ឈ្មោះ Nguyen Thi Thom ។ គាត់មានអាការៈ ក្ដៅខ្លួន អស់កម្លាំង និងពិបាកទទួលទានអាហារ ក្នុងរយៈពេលប្រហែលកន្លះខែ មុនត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃទី៣ ខែវិច្ឆិកា។ ក្រុមគ្រូពេទ្យ បានរកឃើញថា គាត់បានឆ្លងមេរោគផ្ដាសាយជ្រូក H1N1។
ជំងឺផ្ដាសាយជ្រូក ធ្វើឱ្យអ្នកជំងឺមានអាការៈ ដូចជា ក្ដៅខ្លួន ក្អក ឈឺក ហៀរសំបោរ ឈឺរាងកាយ ឈឺក្បាល ស្រៀវស្រាញ និងអស់កម្លាំង។ ចំពោះស្ត្រីមានផ្ទៃពោះ អាចមានជំងឺរ៉ាំរ៉ៃ និងអាចធ្វើឱ្យខូចសួត និងប្រព័ន្ធសរីរាង្គផ្សេងៗ ដែលឈានទៅរកការស្លាប់បាន។ ដើម្បីជៀសវាសឆ្លង គេត្រូវនៅឆ្ងាយពីអ្នកជំងឺ រក្សាអនាម័យផ្ទាល់ខ្លួន ឬទទួលវ៉ាក់សាំងការពារ៕
ប្រភព៖ Tuoitre News / mytvplus