(មានវីដេអូ) អាចារ្យធំ ចេញមុខ​បំភ្លឺ ក្រោយមានបុរស​ម្នាក់​បរិហារ​កេរ្តិ៍​ថា ស៊ី​ដាច់​លុយ​ជំនួយ​គ្រូ​ក្បាច់គុន​ល្បុក្កតោ

548

(ភ្នំពេញ)៖ បន្ទាប់ពីមានការរិះគន់ពីមហាជន ក្រោយបុរសម្នាក់គណនីហ្វេសប៊ុកឈ្មោះ «Oun Vansak» ទម្លាយថា អ្នកស្នេហាវប្បធម៌ខ្មែរ លោក អាចារ្យធំ បានស៊ីដាច់​លុយជំនួយលោកគ្រូ សេរី ដែលជាគ្រូក្បាច់គុនល្បុក្កតោអស់រយៈពេលជាង ២ឆ្នាំមក ពេលនេះ លោក អាចារ្យធំ មិនបង្អង់យូរឡើយ ក៏បានចេញមុខបកស្រាយភ្លាមៗ ដើម្បីឲ្យ​មហាជនបានជ្រាបកាន់តែច្បាស់ ថាការពិតទៅជាយ៉ាងណានោះ។

លោក អាចារ្យធំ បានបកស្រាយប្រាប់ Fresh News និង Khmer Talking ពីដើមចមដំបូង ដោយមានខ្លឹមសារយ៉ាងដូច្នេះថា កាលពី ២ឆ្នាំមុន ដោយ​ទទួលបានដំណឹងពីអគ្គលេខាធិកាសហព័ន្ធល្បក្កតោកម្ពុជា ពីទុក្ខលំបាករបស់លោកគ្រូល្បុក្កតោ គឺលោកគ្រូ សេរី ពាក់ព័ន្ធនឹងការបាត់បង់ផ្ទះសំបែងរស់នៅ ។ លោកក៏មានការអាណិតចិត្តជាខ្លាំង ព្រោះគិតថា អ្នកស្នេហាវប្បធម៌ខ្មែរមួយរូប ដែលបានបណ្តុះបណ្តាលកូនខ្មែរ ឲ្យចេះចាំក្បាច់គុនល្បុក្កតោ មិនគួរទៅជាបែបនេះទេ។

លោកបន្តថា ហេតុនេះហើយ ទើបខិតខំផ្សព្វផ្សាយ ដើម្បីរកជំនួយជួយដល់លោកគ្រូ សេរី ហើយពេលនោះក៏មានការចុះជួយផ្ទាល់ពីក្រុមការងារថ្នាក់ដឹកនាំធំៗផងដែរ។ ក្រោយមកម្ចាស់ជំនួយក៏បានជួយជាបន្តបន្ទាប់ អ្នកខ្លះក៏ជួយលោកគ្រូសេរីដោយផ្ទាល់ ហើយអ្នកខ្លះទៀតក៏ជួយតាមរយៈលោកជាដើម។ រហូតដល់ថ្ងៃមួយ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានទាក់ទងមកលោក ដើម្បីជួយសង់ផ្ទះជូនលោកគ្រូសេរី ហើយដំណឹងរីករាយនេះ លោកក៏បានជម្រាបទៅលោកគ្រូសេរីផ្ទាល់ផងដែរ។

បន្ទាប់មកមានជំនួយជាបន្តបន្ទាប់ផ្តល់ឲ្យតាមរយៈលោក មានចំនួនទឹកប្រាក់ប្រហែល ៣០០ដុល្លារជាង ហើយក៏ពន្យាពេលមិនទាន់ប្រគល់ជូនលោកគ្រូទេ ដោយនៅចាំ​ជំនួយបន្ថែមពីឧកញ៉ា ស្រី ចាន់ថន ទម្លាក់មក ទៅចុះជួយសរុប ឬធ្វើផ្ទះជូនគាត់តែម្តង។ ផ្ទុយទៅវិញ រយៈពេល២ខែ នៃការរង់ចាំប្រាក់ជំនួយរបស់ឧកញ៉ា មិនទាន់ធ្លាក់មកដល់ផង ក៏ស្រាប់តែមានកូនចុងម្នាក់ មានឈ្មោះហ្វេសប៊ុក «Oun Vansak» បានធ្វើការបង្ហោះថា លោកបានស៊ីដាច់លុយជំនួយ ទាំងដែលលោកមិនមានសូម្បីកូនចិត្តធ្វើរឿងបែបនេះ ពោលគឺកំពុងពន្យាពេលរង់ចាំប្រាក់ពីឧកញ៉ា។

រឿងរ៉ាវបែបនេះបានធ្វើឲ្យលោក អាចារ្យធំ ដែលមានទឹកចិត្តជួយម្នាក់ មានការខកចិត្តជាខ្លាំង ដូចពាក្យថា «ធ្វើគុណ បានទោស»។ ហ្វេសប៊ុកឈ្មោះ «Oun Vansak» មិនបាន​ឆាតមកសាកសួរលោកជាមុនទេ ពីទឹកប្រាក់ជាង៣០០ដុល្លារនៅសល់នោះ ពីមូលហេតុដែលមិនប្រគល់ឲ្យឪពុកលោក តែបែរជាបង្ហោះឆៅៗតែម្តង។

ក្រោយពីធ្វើគុណបានទោស ស្រងាកចិត្តរឿងខាងលើនេះ លោក អាចារ្យធំ ក៏បានជម្រាបទៅឧកញ៉ា ស្រី ចាន់ថន ឲ្យបញ្ឈប់ការផ្តល់ជំនួយជួយសង់ផ្ទះជូនលោកគ្រូ សេរី នោះ ព្រោះកូនប្រុសលោកគ្រូបានវាយប្រហារលោក។ ដូច្នេះលោកបានស្នើទៅឧកញ៉ាម្ចាស់ជំនួយថា ប្រាក់ដែលឧកញ៉ាបានជួយរួមទាំងប្រាក់នៅសល់ជាង ៣០០ដុល្លារនោះ លោកនឹងបង្វែឲ្យទៅជួយសង់ផ្ទះលោកយាយម្នាក់ ដែលត្រូវភ្លើងឆេះផ្ទះអស់ នៅក្នុងខេត្តសៀមរាបដូចគ្នាវិញ។

មូលហេតុនេះ ទើបធ្វើឲ្យភាគីកូនប្រុស លោកគ្រូ ក្បាច់គុនល្បុក្កតោ ធ្វើការវាយប្រហារលោក ទាំងមិនបានសាកសួរលោក ហើយក៏បរិហារថា លោកបានស៊ីដាច់លុយជំនួយរបស់គ្រូល្បក្កតោ៕