លឿនណាស់! ភូកេតប្រទេសថៃ ជាប់ជាតំបន់មានកំណើនទេសចរណ៍លឿនបំផុតទី២ នៅលើពិភពលោក

252

យោងតាមការស្រាវជ្រាវរបស់ UNWTO World បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ ចំនួនអ្នកទេសចរអន្តរជាតិបានកើនឡើង ៦% ដែលមានចំនួនសរុប ១.៤ពាន់លាននាក់។ ការធ្វើដំណើរអន្តរជាតិក៏ត្រូវបានគេរំពឹងថា នឹងកើនឡើង ៣៥% ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ ប៉ុន្តែតើកន្លែងណាដែលយើងគួរទៅទស្សនាពេលនេះ មុនពេលដែលវាកាន់តែសម្បូរមនុស្សនៅប៉ុន្មានឆ្នាំខាងមុខ? យ៉ាងណាមិញខាងក្រោមនេះជាទិន្នន័យ Euromonitor ដែលបង្ហាញពីការមកដល់នៃភ្ញៀវទេសចរណ៍តាមទីក្រុងនានាជុំវិញពិភពលោកទាំង ១០ ក្នុងឆ្នាំ២០១៨ ហើយនឹងការរំពឹងទុកសម្រាប់ឆ្នាំ២០២៥៖

“ទីក្រុងដូហា” ដែលជារដ្ឋធានីនៃប្រទេសកាតាគឺឈរលំដាប់ទី១ ហើយវាគ្រោងនឹងមានការកើនឡើងអ្នកទេសចររហូតដល់ ១០៤% ក្នុងរយៈពេល ៦ឆ្នាំខាងមុខ ឆ្នាំ២០២៥ ។ “ភូកេត” របស់ប្រទេសថៃជាប់លេខ២ នឹងកើនឡើងដល់ ៨៥% ក្នុងរយៈពេល ៦ឆ្នាំខាងមុខ ចាប់ពីចំនួនអ្នកទេសចរជិត ១២លាននាក់ នៅឆ្នាំ២០១៨ ដល់ជាង ២២លាននាក់ នៅឆ្នាំ២០២៥។ “ទីក្រុងហ្សាការតា” ជាប់លេខ៣ ដេញពីក្រោយដោយ “ហូជីមីញ” ខណៈទីក្រុងបាងកកត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនទេសចរណ៍លំដាប់ទី៨ ជាមួយនឹងការមកដល់ចំនួន ៦៨% បន្ថែមទៀត។

ទិន្នន័យនេះក៏ព្យាករណ៍ថា ទាំងទីក្រុងបាងកក និងភូកេត នឹងមានសន្ទុះខ្លាំងនៅ ឆ្នាំ២០២០ (ជាពិសេសភូកេត) ជាមួយនឹងកំណើនប្រហែល ២០% សម្រាប់ឆ្នាំក្រោយ នេះបើយោងតាមទិន្នន័យពីគេហទំព័រ TravelSupermarket.com ។ នៅឆ្នាំ២០២៥ ទិន្នន័យព្យាករណ៍ថា ទីក្រុងបាងកកនឹងក្លាយជាគោលដៅទេសចរណ៍លំដាប់ទី១ របស់ពិភពលោក ដែលជាជំហរមួយដែលធ្លាប់បានធ្វើពីមុនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចំណែករាជធានីភ្នំពេញ និងខេត្តសៀមរាប របស់កម្ពុជាយើង ក៏មានកំណើនគួរសមដែរ ដោយទាំងពីរគឺមានកំណើន ៥៦% នៅឆ្នាំ២០២៥ ដូចគ្នា។

រាជធានីថៃនឹងដេញពីក្រោយដោយសិង្ហបុរី ឌូបៃ ភូកេត និងគូឡាឡាំពួ ដែលធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ទាំងនេះក្លាយជាចំណុចក្តៅនៃវិស័យទេសចរណ៍ ដែលកំពុងលេចធ្លោលើពិភពលោក។ ទីក្រុងញូវយ៉ក ប៉ារីស ទីក្រុងឡុងដ៍ នឹងនៅតែបន្តកើនឡើងចំនួនភ្ញៀវទេសចររបស់ពួកគេ ប៉ុន្តែចំនួនមិនអាចវ៉ាដាច់ទេសចរណ៍អាស៊ីនោះទេ៕​

 

 

 

 

 

ប្រភព៖ Khmer Note