ជួយស៊ែរឲ្យសម្តេចបានឃើញផង!!​ ខ្ញុំជាជនពិការម្នាក់ត្រូវបាន អ្នកមានអំណាចរំលោភយកដីរបស់ខ្ញុំដែលបានកាន់កាប់ជាយូរយារណាស់មកហើយ

493

យោងតាមហ្វេសប៊ុករបស់បុរសម្នាក់បានបង្ហោះសារសរសេររៀបរាប់យ៉ាងឈឺចាប់ថា : សូមគោរពជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម បងប្អូនជនរួមជាតិទាំងអស់ដោយក្ដីគោរពពីរូបខ្ញុំបាទឈ្មោះ ឡុច ហួន ភេទប្រុស អាយុ ៥៧ឆ្នាំ ជាអតីតយុទ្ធជន ជាជនពិការ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


ត្រូវបានអ្នកមានអំណាចម្នាក់ឈ្មោះ រស់ ស៊ីថាន ធ្វើការនៅក្រសួងមហាផ្ទៃ រំលោភយកដីរបស់ខ្ញុំដែលខ្ញុំបានកាន់កាប់ជាយូរយារណាស់មកហើយ ដោយបានធ្វើប្លង់គ្របពីលើដីរបស់ខ្ញុំដោយអយុត្តិធម៌បំផុត។
សូមបងប្អូនជនរួមជាតិជួយពិចារណា៎ ដីនេះខ្ញុំបានកាន់កាប់តាំងពីឆ្នាំ២០០១ ហើយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ រហូតដល់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលខេត្តប៉ៃលិន ដោយមានឯកសារត្រឹមត្រូវ ហើយខ្ញុំបានជួលដីនេះមួយផ្នែកឲ្យទៅក្រុមហ៊ុន Cam GSM Co.,Ltd. តម្លើងអង់តែនលើនេះសម្រាប់ការប្រាស្រ័យផលផងដែរ។ ស្រាប់តែនៅឆ្នាំ២០០៧ បានលេចចេញនូវប្លង់ដីដែលមានឈ្មោះ រស់ ស៊ីថាន ធ្វើជាន់ពីលើដីរបស់ខ្ញុំទៅវិញ។ បន្ទាប់ពីឈ្មោះ រស់ ស៊ីថាន បានប្លង់ដីនេះហើយក៏ប្ដឹងខ្ញុំឡើងទៅតុលាការ នៅសាលាដំបូង ប៉ុន្តែឈ្មោះ រស់ ស៊ីថាន ពុំមានឯកសារគ្រប់គ្រាន់ហើយក៏សុំពន្យាពេលស្ងាត់ឈឹងទៅ។


អ្វីដែលខ្ញុំហួសចិត្តនោះគឺ ឈ្មោះ រស់ ស៊ីថាន នេះចេះធ្វើប្លង់តាមរបៀបណានោះទេ បានជាចេញប្លង់ដីជាន់ពីលើដីរបស់ខ្ញុំទាំងដែលខ្ញុំជាម្ចាស់ដី និងបានប្រាស្រ័យផងលើដីនេះទៀតផង មិនបានដឹងទាល់តែសោះ។ អ្វីដែលចម្លែកទៀតនោះគឺ ឯកសារធ្វើប្លង់ដីរបស់ឈ្មោះ រស់ ស៊ីថាន បានបញ្ចាក់ថា នៅលើដីនោះគ្មានសំណង់អ្វីទេ និងពុំមានទំនាស់អ្វីពីមុនឡើយ។ ខ្ញុំឆ្ងល់ថា អគារ និងបង្គោលអង់តែន របស់ក្រុមហ៊ុន Cam GSM Co.,Ltd. ម៉េចបានគេមើលមិនឃើញ? ដែលអង់តែននោះបានតម្លើងតាំងពីឆ្នាំ២០០១ មកម្ល៉េះ ហើយប្លង់ដែលធ្វើជាន់ពីលើដីរបស់ខ្ញុំនេះគឺធ្វើឡើងនៅឆ្នាំ២០០៧ សោះហ្នឹង!


ក្រោយពីបំពានខ្ញុំតាមផ្លូវតុលាការមិនបានសម្រេច ឈ្មោះ រស់ ស៊ីថាន បានប្រើវិធីយកដៃអភិបាលខេត្តប៉ៃលិន បច្ចុប្បន្នមកគំរាមកំហែងរូបខ្ញុំគ្រប់មធ្យោបាយ ដើម្បីយកដីរបស់ខ្ញុំនេះទៅឲ្យឈ្មោះ រស់ ស៊ីថាន ដោយបាននិយាយថា ហ្នឹងឲ្យក្រុមហ៊ុន Cam GSM Co.,Ltd. រុះរើបង្គោលអង់តែនចេញ និងយកគ្រឿងចក្រមកឈូសឆាយដីរបស់ខ្ញុំចោល ដោយសំអាងថា ឈ្មោះ រស់ ស៊ីថាន មានប្លង់ត្រឹមត្រូវតាមផ្លូវច្បាប់ ដែលលោកអភិបាលខេត្តមិនដែលគិតថា ប្លង់ដីនោះធ្វើគ្របពីលើដីរបស់ខ្ញុំបានដោយរបៀបណានោះទេ ហើយឯកសាររបស់ខ្ញុំដែលបានកាន់កាប់ដីនេះតាំងពីឆ្នាំ២០០១ មកម្ល៉េះ ដែលបានទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ រហូតដល់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលខេត្តប៉ៃលិន បែរជាមិនត្រឹមត្រូវទៅតាមផ្លូវច្បាប់ទៅវិញ តើឲ្យខ្ញុំដែលជាអតីតយុទ្ធជន ជាជនពិការ ជាប្រជាពលរដ្ឋស្លូតត្រង់ ទៅរកច្បាប់មកពីណាឲ្យត្រឹមត្រូវទៀត។
ខ្ញុំបាទគ្មានពាក្យអ្វីក្រៅពីលើកម្រាមដៃដប់សំពះគោរពជូនដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សុំការជួយដោះស្រាយរឿងអយុត្តិធម៌មកលើរូបខ្ញុំបាទដែលជាអតីតយុទ្ធជន ជាជនពិការ ជាប្រជាពលរដ្ឋស្លូតត្រង់ដោយក្ដីអនុគ្រោះពីរូបខ្ញុំបាទ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព ឡុច ហួន