កណ្ដាលៈ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានធ្វើការឃាត់ខ្លួនក្រុមក្មេងស្ទាវ៦នាក់ជាមុខសញ្ញាជិះម៉ូតូដេញវាយគប់ និងប្លន់យកម៉ូតូយ៉ាងសកម្មនាពេលយប់ ខណៈដែលនគរបាលធ្វើការចុះល្បាតក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ ។
ករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង១និង២០នាទី រំលងអធ្រាតថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចរង្វង់មូលតាខ្មៅ (លោកតាម៉ៅ) ទល់មុខសាលាដំបូងខេត្តកណ្តាល ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ក្រុមក្មេងស្ទាវដែលធ្វើការឃាត់ខ្លួនមានគ្នា៦នាក់ ទី១.ឈ្មោះ ផន ឆៃរ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងដែក ទី២.ឈ្មោះ ហៀង មនោ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់តុការ ។
ជនសង្ស័យទី១និងទី២មានទីលំនៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៣.ឈ្មោះ អន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ ទី៤.ឈ្មោះ វណ្ណ ឌី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងផ្សារ ទី៥.ឈ្មោះ ម៉ាក វិដន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ រត់តុការ។
ជនសង្ស័យទី៣ ទី៤និងទី៥ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ និងទី៦.ឈ្មោះ ផាង ប៊ុណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ រត់តុការ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ចំណែកម៉ូតូដែលសមត្ថកិច្ចដកហូតបានមានចំនួន៣គ្រឿង ១.ម៉ូតូម៉ាកសេហុងដាឌ្រីម ធុន១២៥ ពណ៌ទឹកមាស ផលិតឆ្នាំ២០១៧ ឡើងស៊េរី២០១៩ គ្មានស្លាកលេខ ,២.ម៉ូតូម៉ាកស៊ុយហ្ស៊ូគីឡែត ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ កណ្តាល 1V-5277 និង៣.ម៉ូតូម៉ាកសេហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ឡើងស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1T-5932 ។
ប្រភពដដែលបន្ដថា មុននឹងឈានធ្វើការឃាត់ខ្លួនក្រុមក្មេងស្ទាវ៦នាក់ខាងលើ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការចុះល្បាតក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ ដើម្បីការពារថែរក្សា សន្ដិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។
លុះមកដល់កន្លែងកើតហេតុ វេលាម៉ោងប្រមាណ១រំលងអធ្រាត កម្លាំងនគរបាលបានជួបក្រុមក្មេងស្ទាវ៦នាក់ខាងលើ មានម៉ូតូ៣គ្រឿង ឈប់នៅមុខសាលាដំបូងខេត្ដកណ្ដាល ដោយមានការសង្ស័យកម្លាំងនគរបាលក៏បានធ្វើការសាកសួរ។
ជាលទ្ធផល ក្រុមជនសង្ស័យទាំង៦នាក់បានសារភាពប្រាប់សមត្ថកិច្ចថា នៅដើមឆ្នាំ២០១៩ ក្រុមជនសង្ស័យឈ្មោះ ចាន់ វណ្ណឌី ,ឈ្មោះ ផាន ប៊ុណ្ណា ,ឈ្មោះ ផន ឆៃរ៉ាត់ ,ឈ្មោះ ម៉ាក វិដន ,ឈ្មោះ ហៀង មនោ ទាំង៥នាក់នេះបានធ្វើសកម្មភាព ជិះម៉ូតូដេញវាយជនរងគ្រោះយកម៉ូតូបានចំនួន៣លើកមកហើយ ៖ លើកទី១- នៅចំណុចជញ្ជីងថ្លឹរថយន្ដ ជិតទីរួមខេត្តតាកែវ ពួកគេបានជិះម៉ូតូចំនួន ៣គ្រឿង ប្រដាប់ដោយដាវ បានធ្វើសកម្មភាព ដេញវាយជនរងគ្រោះ១នាក់ ដែលជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅមិនចាំស្លាកលេខ បានសម្រេច បន្ទាប់មកឈ្មោះ ផន ឆៃរ៉ាត់ ,ឈ្មោះ ម៉ាក វិដន,ឈ្មោះ ចាន់ វណ្ណឌី ជិះយកទៅលក់នៅផ្សារឃ្លាំងរំសេវ បានទឺកប្រាក់ចំនួន ៦០០ដុល្លារ ។
លើកទី២-នៅចំណុចហួសផ្សារសំរោងយោង ខេត្តតាកែវ ពួកគេបានជិះម៉ូតូចំនួន៣គ្រឿង ប្រដាប់ដោយដាវ បានធ្វើសកម្មភាពដេញវាយនារីរងគ្រោះ៣នាក់ ដែលជិះម៉ូតូឌុបគ្នា ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានសម្រេច យកទៅលក់បានទឺកប្រាក់ចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក ។ លើកទី៣- នៅចំណុចជិតវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះទាំង ៥នាក់ខាងលើ និង ពួកស្វាយរលំចំនួន០៥នាក់ផងដែរ (ទាំងអស់ចំនួន១០នាក់) ពួកគេបានជិះម៉ូតូចំនួន៥គ្រឿង បានធ្វើសកម្មភាពដេញវាយជនរងគ្រោះ៣នាក់ ដែលជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានសម្រេច ពួកយកទៅលក់នៅជិតស្ពាន ៧មករា បានទឺកប្រាក់ចំនួន ៤៥០ដុល្លារសហរដ្ឋអាមេរិក ។
បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការសាកសួរក្រុមក្មេងស្ទាវខាងលើរួច កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ នគរបាលជាតិ