គ្រាន់តែមើលរូបភាពតំបន់ភ្នំវាលធំ​ នៃឧទ្យានជាតិវីរ:ជ័យក៏មានអារម្មណ៍ស្រស់ស្រាយដែរ !

177

ប្រសិនបើយើងបានទៅដល់ខេត្តរតនគិរី លោកអ្នកគួរតែចំណាយពេលមួយថ្ងៃដើម្បីទៅទស្សនា ​តំបន់ភ្នំវាលធំ ក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវីរ:ជ័យ ។ នៅទីនោះនឹងធ្វើឱ្យលោកអ្នក​ ​ទទួលបាននូវទស្សណីយភាពថ្មីមួយទៀត នាចុងរដូវវស្សានេះ ដែលធ្វើឱ្យអារម្មណ៍របស់លោកអ្នក ស្រស់ស្រាយ​ បំបាត់នូវទុក្ខកង្វល់​បែបធម្មជាតិពិតៗ ។

ឧទ្យានជាតិវិរៈជ័យ​មាន​ទី​តាំងនៅភាគឦសានប្រទេសកម្ពុជាបានលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង ។ ឧទ្យាន​នេះ​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេសលាវ និង វៀតណាម​ ហើយ​មាន​ផ្ទៃ​ក្រឡា ៣ ៣២៥ គីឡូម៉ែត្រ​ក្រឡា និង ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រជុំជួរ​ភ្នំអាណាម ដែល​ចេញ​ពី​ប្រទេសវៀតណាម និង ស្ថិត​នៅ​ជាយ​វាលព្រៃ​ជម្រុះ​ស្លឹ​កឥណ្ឌូចិនកណ្តាល ។

ឧទ្យាន​ជាតិវិរៈ​ជ័យ ត្រូវបានគេចាត់​ទុក​ជា​ដែន​ជម្រក​មួយ​សម្រាប់​ពពួក​ថនិក​សត្វ​ធំៗ​របស់​ប្រទេសកម្ពុជា មាន​ដូចជា​ខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជា​ដើម ។

ឧទ្យាន​ជាតិវីរៈជ័យ ភាគ​ច្រើន​ជា​ប្រភេទ​ព្រៃ​ពាក់​កណ្តាល​ស្រោង និង ព្រៃ​ស្រោង​បៃតង​ ទិដ្ឋភាព​ចម្រុះ​របស់​ឧទ្យាន​ជាតិ​នេះ ក៏​បង្កប់​ផង​ដែរ​នូវ​តំបន់​ទំនាប​លិច​ទឹក វាល​ស្មៅ ព្រៃឫស្សី ព្រៃចម្រុះ ជ្រុះស្លឹក និង ព្រៃជ្រុះស្លឹកសុទ្ធ ។

ឧទ្យាន​ជាតិ​នេះ​អាចជា​ដែន​ជម្រក​ព្រៃ​ឈើ​នៅសល់​ចុង​ក្រោយ​គេ​បំផុត​ ដែល មាន​រុក្ខជាតិ ប្រចាំ​តំបន់​ចាំ​បាច់​ត្រូវ​ការពារ ។ មាន​ទន្លេធំៗ​ពីរ គឺ​ទន្លេសេសាន នៅ​ភាគ​ខាង​ត្បូង និង ទន្លេសេកុង នៅ​ភាគ​ខាង​លិច ជាប់​នឹង​ឧទ្យានជាតិ ៕