ប្រពៃណាស់!! ក្រុមហ៊ុនចិនមួយ មានគម្រោងចង់កែឆ្នៃសំរាម បំលែងជាថាមពលអគ្គិសនីនៅខេត្តព្រះសីហនុ

104

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍១០រោជ ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានគោលបំណងធ្វើការវិនិយោគកែឆ្នៃសំរាម បំលែងជាថាមពលអគ្គិសនៅខេត្តព្រះសីហនុ។ លោក YANG HONG HAO មានប្រសាសន៍ជំរាបជូនអភិបាលខេត្ត អំពីគោលបំណងធ្វើការវិនិយោគឱ្យកាន់តែប្រសើរឡើងដល់ខេត្តព្រះសីហនុ និងផ្តល់ឱកាសឱ្យក្រុមហ៊ុនលោកមកធ្វើការវិនិយោគកែឆ្នៃសំរាមទៅជាអគ្គិសនី និងវិនិយោគលើផ្នែកផ្សេងៗទៀតនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនមានជំនាញ បច្ចេកវិទ្យាក្នុងការកែឆ្នៃសំរាម មកជាថាមពលអគ្គិសនី ទន្ទឹមនឹងនោះ ក៏មានគម្រោងការងារមនុស្សធម៌ជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ។

ក្នុងឱកាសនោះលោកប្រធានក្រុមហ៊ុន ក៍បានអញ្ជើញអភិបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនៈកិច្ចនៅរោងចក្រក្នុងខេត្ត នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមហ៊ុនដែលមានបំណងមកធ្វើការវិនិយោគអគ្គិសនី ដែលយកវត្ថុធាតុដើមចេញពីសំរាម ប្រសិនបើសិក្សាមានផលវិជ្ជមាន រដ្ឋបាលខេត្តនឹងស្វាគមន៍ចំពោះការវិនិយោគមួយនេះ និងសន្យាជួយរកទីតាំងបង្កើតរោងចក្រ និងជួយសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការសុំច្បាប់វិនិយោគនៅ CDC និងក្រសួងបរិស្ថានថែមទៀតផង។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកមានអ្នកវិនិ យោគបានចូលជួបពិភាក្សាគ្នា ក្នុងគោលបំណងវិនិយោគសំរាម ដោយកែឆ្នៃជាថាមពលអគ្គិសនី ក៍ប៉ុន្តែមិនបានឆ្លើយតបតាមតម្រូវការដែលរដ្ឋបាលខេត្តចង់បាននោះទេ គឺគ្រាន់តែមកហើយ បាត់ស្ងាត់ទៅវិញ ប្រសិនបើក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd មានបំណងមកវិនិយោគពិតប្រាកដ ត្រូវសិក្សាលម្អិត ហើយរដ្ឋាភិបាលខេត្តនឹងចូលរួមសហការ ដើម្បីដំណើរការបង្កើតរោងចក្រ ឡដុតសំរាមទទួលបានផ្លែផ្កានាពេលខាងមុខ។ ក្នុងឱកាសនោះ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd ក៍បានផ្តល់អង្ករចំនួន ១០តោន ដល់រដ្ឋបាលខេត្តព្រះសីហនុ ចូលរួមក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គមក្នុងខេត្តព្រះសីហនុផងដែរ៕ ប្រភព៖ Khmer Note