ត្រៀមតែដីទៅ!! ក្រុមហ៊ុនចិនជិត១៦០ និងកូរ៉េជាង៨៣០ កំពុងប្រជែងគ្នារកឱកាសវិនិយោគនៅកម្ពុជា

115575

ប្រជាជនកម្ពុជាយើងគួរយកចិត្តទុកដាក់ លើការវិនិយោគដីនិងផ្នែកផ្សេងៗដែលទាក់ទង​នឹងការវិនិយោគរបស់ប្រទេសទាំង​ពីរនេះ ឱ្យកាន់តែស្វិតស្វាញបន្ថែមទៅព្រោះ វិនិយោគិនទាំងពីរកំពុងតែមមាញឹកយ៉ាង​ខ្លាំងក្នុងការស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​អាទិភាព​ក្នុងប្រទេសកម្ពុជាយើង ដែលគ្រោងប្រើទុនពាន់លានដុល្លារលើតំបន់ផ្សេងៗ។
វាពិតជាឱកាសរបស់ប្រជាជនកម្ពុជាយើងដែលកំពុងតែមានដីស្រាប់ឫមានគម្រោងវិនិយោគបន្ថែមលើវិស័យអចលនទ្រព្យនិងផ្នែកពាក់ព័ន្ធនានា ព្រោះក្រោយការកំណត់គោលដីរវាងរដ្ឋាភិបាលកម្ពុជានិងចិន ដើម្បីសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាមួយនិងការវិនិយោគលើវិស័យអាទិភាពជាច្រើននៅក្នុងតំបន់ និងកំណត់ទុនវិនិយោគឱ្យបានរហូតដល់១០០០០លានដុល្លារអាមេរិកត្រឹមឆ្នាំ២០២៣នេះ។ធ្វើឱ្យវិនិយោគិនចិនកាន់តែមានសកម្មភាពជាងមុនទៅទៀត។

ជាក់ស្ដែងគិតត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ មានក្រុមហ៊ុនចិនសរុប១៥៩ក្រុមហ៊ុនហើយ ដែលបានមកសិក្សាស្វែងរក ឱកាសក្នុងការវិនិយោគលើវិស័យសំខាន់ៗជាច្រើនក្នុងប្រទេសកម្ពុជាយើងនិងមានក្រុមហ៊ុនមួយដាច់ដោយឡែកផ្សេងទៀតបានបោះទុនប្រមាណ១៣០០លានដុល្លារអាមេរិកលើវិស័យអាទិភាពក្នុងស្រុកយើង។

កាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ក្នុងដំណើរទស្សនកិច្ចរបស់សម្ព័ន្ធធុរកិច្ចដែលដឹកនាំដោយលោក ហ៊ូស៊ីន វូ (Huaxin Wu) ប្រធានក្រុមហ៊ុន Eversun Holding Group Co. Ltd និងជាសមាជិកសភាប្រជាជនខេត្តហ្វូជៀន និងមានសហការីមួយចំនួនទៀត ដែលមានក្រុមហ៊ុនសរុបប្រមាណជា ១០០ ក្រុមហ៊ុន ដែលមានជំនាញ និងបទពិសោធន៍ចម្រុះ ដូចជាការផលិតឧបករណ៍អេឡិចត្រូនិក កែច្នៃដែកថែប សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ សេវាហិរញ្ញវត្ថុ ប្រព័ន្ធទឹកស្អាត និងចម្រាញ់ប្រេងឥន្ធនៈជាដើម បានមកសិក្សាបន្ថែមលើការវិនិយោគនៅកម្ពុជាយើង និងបានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងលើវិស័យដែលពួកគេចង់បោះទុនទាំងនោះ ។

សម្រាប់ក្រុមហ៊ុនចិនមួយក្រុមទៀតមកពីខេត្តយូណាន បានឱ្យដឹងតាមរយៈការអះអាងរបស់ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសថា ក្រុមធុរកិច្ចជនចិនមកពីខេត្តយូណាន នឹងចុះហត្ថលេខាជាមួយធុរកិច្ចជនកម្ពុជា ក្នុងទឹកប្រាក់ ១៣០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើផ្នែក ឧស្សាហកម្ម កសិកម្ម គ្រឿងយន្ដឧស្សាហកម្ម គ្រឿងយន្ដកសិកម្ម និងវិស័យផ្សេងៗទៀត។

ហើយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជំនួបពាណិជ្ជកម្ម ដែលដឹកនាំដោយ ឧកញ៉ាគិតម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក Lyu Xinhua ប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (Council for Promoting South-South Cooperation) ដែលជាស្ថានប័នមួយស្ថិតក្រោម ក្រសួងការបរទេសចិន បានដឹកនាំប្រធានក្រុមហ៊ុន និងសហគ្រាស មានចំនួន៥៩ មកឈ្វេងយល់ពីសក្តានុពល ក្នុងការធ្វើជមនួយនៅលើទឹកដីកម្ពុជា។បើនិយាយពីចំណាប់អារម្មណ៍លើវិស័យដែលពួកគេចង់វិនិយោគ គឺពួកគេផ្ដោតសំខាន់ លើបច្ចេកវិទ្យា អេឡិកត្រូនិក ការអប់រំ មេកានិច អគ្គិសនី ទេសចរណ៍ វេជ្ជសាស្ត្រ ខ្សែកាប អចលនទ្រព្យ សំណង់ និងសណ្ឋាគារជាដើម។

ដោយឡែកងាកទៅមើលក្រុមហ៊ុនរបស់កូរ៉េជាង៨០០ឯណោះវិញ​ កាលពីតុលាកន្លងមកនេះ លោក Kang Se Ki អនុប្រធានគ្រប់គ្រងទូទៅរបស់ ICAK ដែលជាសមាគមតំណាងឲ្យក្រុមហ៊ុនអន្តរជាតិរបស់កូរ៉េចំនួន ៨៣០ ក្រុមហ៊ុនរួមមានក្រុមហ៊ុនសំណង់ធំៗដូច Samsung និង Hyundai ជាដើម បានឲ្យដឹងថា ក្រោយពីប្រធានាធិបតិកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅកម្ពុជាក្នុងខែមេសាកន្លងមក គឺបានធ្វើឲ្យក្រុមហ៊ុនសំណង់របស់កូរ៉េទាំងអស់កាន់តែចាប់អារម្មណ៍ខ្លាំងលើវិស័យសាងសង់ និងស្ថាបត្យកម្ម នៅកម្ពុជា។

ហើយកាលពីថ្ងៃទី១៨ខែវិច្ឆិកាដដែលនោះ លោក Sang​ Won​ Park​ ដែលជាប្រធាន​វេទិកា​រអា​ស៊ាន​-កូរ៉េ​ បាន​ដឹក​ក្រុម​វិនិយោគជាច្រើនរូបនៃប្រទេសរបស់ខ្លួន ​មក​កម្ពុជាដើម្បីបើកកិច្ចពិភាក្សា​រវាង​អ្នក​វិនិយោគ​កូរ៉េ​ និង​កម្ពុជា​ ក្នុងគោលបំណង ​ស្វែងរក​ឱកាស​វិនិយោគបន្ថែមទៀត ​ ដោយផ្តោត​លើ​ ​វិ​​ស័យសំខាន់ៗដូចជា វិស័យកសិកម្ម ​ គ្រឿងបន្លាស់​រថយន្ត​ ​ និងផ្នែក​កែសម្ផស្ស ដោយ​មានបំណង​បើក​សាកល​វិទ្យាល័យ​កែសម្ផស្ស​នៅ​កម្ពុជាផងដែរ តែលោកមិនបានបញ្ជាក់ពីបរិមាណពិតប្រាកដបៃវិនិយោគិនឫក្រុមហ៊ុនឱ្យបានច្បាស់លាស់នៅឡើយទេ។

នេះពិតជាឱកាសដ៏វិសេសវិសាលមែនទែន មិនថាតែអ្នកមានដីទុកលក់យកចំណេញ នោះទេសូម្បីតែ ភ្នាក់ងារនិងប្រជាជនទូទៅជាដើម គួរត្រៀមលក្ខណៈសម្បតិ្ត ដើម្បីទទួលយកបទពិសោធន៍ថ្មីៗ តាមរយៈលំហូរនៃការវិនិយោគពីប្រទេសដ៏ជឿនលឿនក្នុងការអភិវឌ្ឍគ្រប់វិស័យលើពិភពលោកទាំងពីរនេះឱ្យហើយទៅ។

 

 

 

 

ប្រភពទាំងស្រុងពី business-cambodia