ក្រុមហ៊ុនចិនចំនួនពីរ នឹងមកវិនិយោគនៅកម្ពុជាដើម្បីសាងសង់រោងចក្រកៃច្នៃកសិកម្មសេរីរាង្គ និងតម្លើងរថយន្ត

301

ក្រុមហ៊ុនចិនចំនួនពីរមកពីខេត្តសានតុងបានសម្រេចចិត្តវិនិយោគនៅកម្ពុជាក្នុងពេលឆាប់ៗនេះ នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងដំណើរទស្សនកិច្ចដែលដឹកនាំដោយឯកឧត្តម វ៉ាង ស៊ូជាន (WANG SHUJIAN) សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុង និងគណៈប្រតិភូអមដំណើរ ដែលរួមមានទាំងអគ្គនាយកនៃក្រុមហ៊ុនធំៗ មកពីខេត្តសានតុង ផងដែរ។

នៅក្នុងដំណើរទស្សនៈកិច្ចនោះមានក្រុមហ៊ុនចំនួន ២០ បានដឹកនាំដោយអភិបាលរងខេត្តសានតុង ដើម្បី​មកពិភាក្សាធុរកិច្ចជាមួយក្រុមហ៊ុនកម្ពុជា និងស្វែងយល់ពីការវិនិយោគនៅកម្ពុជា ក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងកសិកម្ម។ ជាក់ស្ដែងមានក្រុមហ៊ុនចំនួនពីរបានសម្រេចចិត្តវិនិយោគនៅកម្ពុជាគឺ ក្រុមហ៊ុន Guomei Linqor Group ដែលមានបំណងសាងសង់រោងចក្រកៃច្នៃកសិកម្មសេរីរាង្គមួយ ដោយប្រើប្រាស់កាកសំណល់ក្នុងការផលិតជីសេរី​រាង្គ ការវេចខ្ចប់ ការលក់ជីសេរីរាង្គ និងការចែកចាយបន្លែសេរីរាង្គ។ ដោយឡែកក្រុមហ៊ុន Fu Lai Chun Group នឹងធ្វើការវិនិយោគនៅកម្ពុជា សាងសង់រោងចក្រដើម្បីតម្លើងរថយន្ត។

បន្ថែមពីនេះក្រុមហ៊ុន Guomei Linqor Group ក៏មានគម្រោងវិនិយោគលើរោងចក្រកែច្នៃដំឡូងមីជាម្សៅក្នុងលទ្ធភាពផលិត ១០០,០០០ តោន នៅខេត្តក្រចេះ។ គួរបញ្ជាក់ផងដែរថាប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បងរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ មាន ចំនួន ៦,០៤០ លានដុល្លារឤមេរិក កើនឡើងជាង ១៣.៨% បើធៀបនឹងឆ្នាំ២០១៧។ ខណៈដែលក្នុងឆ្នាំ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជា ឈរលំដាប់លេខ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១,៦៤៤ លានដុល្លារឤមេរិក។ លើសពីនេះប្រទេសកម្ពុជា និងចិនក៏បានឯកភាពគ្នា ជំរុញទំហំពាណិជ្ជកម្មឲ្យកើនឡើងដល់ ៦ ០០០ លានដុល្លារឤមេរិក នៅឆ្នាំ២០២០៕

 

ប្រភព khmernote